ដោយ: រ៉ាម៉ន / ភ្នំពេញ: រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំពិធីក្រុងពាលីជាកិច្ចចាប់ដំណើរការសាងសង់ស្ពានបេតុងពីផ្លូវជាតិលេខ១ ទៅកាន់តំបន់អភិវឌ្ឍន៍កោះនរា និងស្ពានបេតុងខ្សែកាបពីតំបន់កោះនរា ទៅកាន់ទីក្រុងរណបកោះពេជ្រ ស្ថិតនៅសង្កាត់ និរោធ ខណ្ឌច្បារអំពៅ។

ពិធីតាមបែបសាសនានេះ ធ្វើឡើងនារសៀលថ្ងៃទី២៥តុលា ដោយមានការអញ្ជើញចូលរួមពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី។ ពិធីក្រុងពាលីនេះ ធ្វើឡើងក្នុងន័យសុំម្ចាស់ទឹកម្ចាស់ដី សុំសេចក្តីសុខចម្រើននៅមុនពេលបើកការដ្ឋានសាងសង់ស្ពានបេតុងនេះ ជាផ្លូវការនៅថ្ងៃទី២៦តុលា ដែលនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចគត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន។

សមិទ្ធផលថ្មីនេះ នឹងលេចចេញជារូបរាង នាពេលឆាប់ៗខាងមុខ ក្នុងមុខនាទីដើម្បីបំរើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរកាត់បន្ថយការកកស្ទះចរាចរណ៍ដ៏មមាញឹកក្នុងរាជធានីភ្នំពេញ ជាពិសេសបន្ថយបន្ទុកលំហូរចរាចរនៅស្ពានព្រះមុនីវង្ស ច្បារអំពៅ ក៏ដូចមហាវិថីព្រះនរោត្តមផងដែរ។ ជាមួយគ្នានេះ សំណង់ស្ពានឆ្លងទន្លេមួយនេះ ក៏សមស្របទៅនឹងការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សរបស់រាជធានីភ្នំពេញ រួមទាំងកំណើនសេដ្ឋកិច្ច, កំណើនប្រជាពលរដ្ឋក៏ដូចកំណើនយានយន្តក្នុងទីក្រុងនាសម័យសន្តិភាព
ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតិតេជោហ៊ុន សែន ជាប្រមុខ។ ក្រោមអនុសាសន៍របស់សម្តេចតេជោ និងការដឹកនាំអនុវត្តផ្ទាល់របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ធ្វើឲ្យសមិទ្ធផលជាច្រើននៅក្នុងទីក្រុងមាន ហេដ្ឋារចនាសម្ព័ន្ធ, សំណង់សាធារណៈ, សំណង់ស្ពានអាកាសថ្មើរជើងជាច្រើនកន្លែងទៀត។ វិបត្តិជំងឺកូវីដ.១៩ និងជំនន់ទឹកភ្លៀងដែលកំពុងយាយីភូមិសាស្ត្រ មួយចំនួនរបស់រាជធានីភ្នំពេញ មិនបានបន្ទុចបង្អាក់ដំណើរការសាងសង់ និងដំណើរការអភិវឌ្ឍន៍ទីក្រុងនោះឡើយ។ រាជធានីភ្នំពេញនឹងមានស្ពានឆ្លងទន្លេ២កន្លែងទៀត ក្នុងគម្រោងទឹកប្រាក់រាប់សិបលានដុល្លារពីផ្លូវជាតិលេខ១ទៅកាន់កោះនរា និងពីកោះនរាទៅកោះពេជ្រ៕ ល



