ដោយ: ឆាយានាថ / កណ្តាល: នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០នេះ នគរបាលស្រុកពញាឮ ខេត្តកណ្តាល បានចាប់ខ្លួនឈ្មោះ ប៉ូ ចាន់នី ជាអ្នកសារព័ត៌មាន «សាន្ត ព្រំ ព័ត៌មាន» និង មានរហស្សនាម «ស្អែកស្លាប់ ស្អែកស្លាប់» នៅចំណុចភូមិតាជ័យ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល តាមដីកាបង្គាប់ឲ្យចាប់ខ្លួនលោក អាត ច័ន្ទដារា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល។

ប្រភពពីមន្ត្រីនគរបាលបានឲ្យរស្មីកម្ពុជាដឹងថា ឈ្មោះ ប៉ូ ចាន់នី រហស្សនាម «ស្អែកស្លាប់ ស្អែកស្លាប់» ពាក់ព័ន្ធបទល្មើស «គំរាមកំហែង , បរិហាកេរ្តិ៍ជាសាធារណៈ , ជេរប្រមាថជាសាធារណៈ, ញុះញង់អោយប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និង ប្រើប្រាស់ដោយខុសច្បាប់នូវសំលៀកបំពាក់ជាអាទិ៍ សម្រាប់អាជ្ញាធរសាធារណៈ» ប្រព្រឹត្តនៅលើបណ្តាញសង្គមហ្វេសប៊ុកឈ្មោះ «ស្អែកស្លាប់ ស្អែកស្លាប់» កាលពីថ្ងៃទី៥ ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ តាមមាត្រា២៣១ , មាត្រា៣០៥ , មាត្រា៣០៧ , មាត្រា៤៩៤ , មាត្រា៤៩៥ និង មាត្រា៦១២ នៃក្រមព្រហ្មទណ្ឌ ។
សមត្ថកិច្ចចាប់ខ្លួន ឈ្មោះ ប៉ូ ចាន់នី រហស្សនាម «ស្អែកស្លាប់ ស្អែកស្លាប់» នេះ គឺ បន្ទាប់ពីមានពាក្យបណ្តឹងរបស់លោក ផែង វណ្ណៈ។ ប៉ុន្តែ ក្រោយមក លោក ផែង វណ្ណៈ បានដកពាក្យបណ្តឹង វិញ បន្ទាប់ពី ឈ្មោះ ប៉ូ ចាន់នី បានសុំទោស និង ទទួលស្គាល់កំហុស ។
ទោះបីយ៉ាងណា បណ្តឹងអាជ្ញា មិនបានរលត់តាមរយៈការដកពាក្យបណ្តឹងរបស់ដើមបណ្តឹងរដ្ឋប្បវេណី ឡើយ៕ ល

