ដោយ: មុនីរ័ត្ន / ភ្នំពេញ: លោក ស សុខា តំណាងដ៏ខ្ពង់ខ្ពស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងក្នុងនាមជាអនុប្រធាន ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ ចូលរួមពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ របស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង កាលពីរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០។

លោក ស សុខា ថ្លែងថា ក្នុងនាមលោកប្រធាន ហ៊ុន ម៉ានី និងខ្លួនលោកផ្ទាល់ សូមធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំប្រកបដោយការទទួលខុសត្រូវខ្ពស់ របស់ថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង និងស្រុក ក្រុង ព្រមទាំងសមាជិក សមាជិកាទាំងអស់ ។ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួម និងការលះបង់ទាំងកម្លាំងកាយ ចិត្ត ពេលវេលា និងទ្រព្យធនផ្ទាល់ខ្លួន ពីសំណាក់លោក លោកស្រី ជាថ្នាក់ដឹកនាំ ស.ស.យ.ក. ខេត្ត ស្រុក ក្រុង ពិសេសក្រុមការងារចុះជួយ ទាំង ១៣ស្រុក ក្រុង នៃខេត្តព្រៃវែង ដែលធ្វើឲ្យសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង សម្រេចបាននូវសមិទ្ធផលគួរជាទីមោទនៈ៕ ល