ដោយ: គង់ហេង / កំពង់ចាម: លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានដឹកនាំមន្ត្រីជំនាញចុះពិនិត្យ ដំណាំស្រូវវស្សាដែលប្រជាកសិករដាំដុះជាលើកទី២ ប្រមាណជិត ៣០០ ហិកតា នៅឃុំតាំងក្រសាំង ស្រុកបាធាយ បានរងផលប៉ះពាល់ដោយជំនន់ទឹករបស់បឹងទន្លេសាប ដើម្បីរកលទ្ធភាពស្តារឡើងវិញនៅព្រឹកថ្ងៃទី ២៥ តុលា។

លោក កាតំម សូណាវណ្ណ អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទដែលបានចូលរួមពិនិត្យប្រតិភូខាងលើបានប្រាប់កាសែតរស្មីកម្ពុជាថា ជំនន់របស់បឹងទន្លេសាបបានជន់លិចប៉ះពាល់ដំណាំស្រូវវស្សាប្រជាពលរដ្ឋចំនួន ៣៨០ គ្រួសារ លើផ្ទៃដីប្រហែលចំនួន ២៧០ហិកតារបស់កសិករបានដាំជាលើកទី២ នៅតំបន់មេទឹកពោធិ៍តាត្រិះ ក្នុងភូមិក្រដាស«ក»ឃុំតាំងក្រសាំង ស្រុកបាធាយ អស់រយ:ពេលប្រមាណបីថ្ងៃមកហើយ។
លោកអនុប្រធានមន្ទីរបានឱ្យដឹងទៀតថា ឥឡូវនេះយើងនៅពុំទាន់អាចធ្វើការសន្និដ្ឋានដល់ការខូចខាតបាននៅឡើយ លុះត្រាតែទឹកនេះស្រកវិញ គឺគ្រាន់តែអាចដឹងពីផលប៉ះពាល់តែប៉ុណ្ណោះ។ ប៉ុន្តែបើទឹកនឹងស្រកវិញក្នុងពេឆាប់ៗ ខាងមុខនេះ ដំណាំស្រូវដែលរងផលប៉ះទាំងនោះ នឹងមិនខូចខាតទេ។

លោក សូណាវណ្ណ បានបន្តថា ជុំវិញទឹកជំនន់នៅខេត្តកំពង់ចាម គឺជំនន់ទឹកភ្លៀងបានប៉ះពាល់ដល់ដំណាំស្រូវវស្សា នៅស្រុកជើងព្រៃប្រមាណ ៣០ ហិកតា នៅស្រុកស្ទឹងត្រង់មិនទាន់មានតួលេខ និងជំនន់ទឹកបឹងទន្លេប៉ះពាល់ដល់ស្រុកបាធាយខាងលើនោះ។
លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានឱ្យដឹងថា ជំនន់ទឹកទន្លេមេគង្គបានស្រកចុះជាបណ្តើរៗ ហើយ គឺថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២០ នេះមានកម្ពស់ ១១,២៤ម៉ែត្រ។ចំណែកទឹកភ្លៀងក៏បានថបថយហើយដែរ ទំនងដំណាំស្រូវជិត ៣០០ ហិកតា នៅតាំងក្រសាំង ស្រុកបាធាយនឹងមិនឈានដល់ការខូចខាតទេ៕ ល
