ឆ្នាំជូត
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកសម្រុកប្រកបកិច្ចការងារដែលសំខាន់និងពិសេសអាចមានរឿងរាវល្អៗឱ្យសប្បាយចិត្តទៀតផង។ចំពោះអ្នកប្រកបការងាររាជការឬក្រុមហ៊ុនឯកជនបើលោកអ្នកមានគម្រោងឬចង់ធ្វើអ្វីមួយគួររួសរាន់ពីព្រោះផ្លែផ្កាដែលទទួលបានមកវិញគួរជាទីកក់ក្តៅ។អ្នកអាជីវករមានការលូតលាស់ទៅមុខគួរសមហើយការរកផលកម្រៃទៀតសោតគ្រាន់បានគ្រាន់កក់ក្តៅ។
សម្ព័ន្ធស្នេហាប្រុសស្រីបើមានរៀបអាពាហ៍ពិពាហ៍ឬចូលស្តីដណ្តឹងជាឱកាសល្អប្រពៃបំផុត៕
ឆ្នាំឆ្លូវ
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះបើទោះបីលោកអ្នកពឹងពាក់អ្នកដទៃក្នុងការធ្វើអ្វីមួយឃើញថាតែងឆ្លើយតបជាផលគ្រាន់សម្រេចជោគជ័យមកវិញផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយត្រូវរត់ទៅរកអតិថិជនហើយត្រូវស្វះស្វែងបន្តិចទើបរកប្រាក់ចំណូលគ្រាន់ស្រួលខ្លួនទៅរួច។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។
បញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានការប្រឆាំងនិងប្រចែប្រច័ណ្ឌច្រើននាំឱ្យកើតការរកាំចិត្តមិនតិចនោះឡើយ៕
ឆ្នាំខាល
រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកធ្វើអ្វីចូរប្រយ័ត្នការជួបសញ្ញាភ្លើងក្រហមពីព្រោះថាមិនងាយដោះស្រាយចេញឡើយ។សម្រាប់ការជជែកការងារមិនងាយត្រូវរ៉ូវគ្នាទេហេតុនេះត្រូវអត់ធ្មត់ទើបប្រសើរ។ អ្នកប្រកបរបររកស៊ីជួញដូរវិញទោះជួញទីជិតឆ្ងាយមិនថាផ្លូវគោក ផ្លូវទឹក ឬផ្លូវ អាកាសក្តីមិនសូវសមដូចប្រកបទេឬអាចនិយាយបានថាគ្រាន់មួយទប់ទល់។ ការធ្វើដំណើរ ក្នុងពេលព្រឹកពុំមានអ្វីជាឧបសគ្គទេតែពេលថ្ងៃបន្តិចឱ្យប្រយ័ត្នឧប្បត្តិហេតុយាយី។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕
ឆ្នាំថោះ
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះបើទោះបីដួងរាសីល្អប្រសើរក្តី ប៉ុន្តែយ៉ាងណាបើចង់សម្រេចចិត្តអ្វី មួយគប្បីគិតឱ្យបានគ្រប់ជ្រុងជ្រោយបន្តិចទើបទទួលផ្លែផ្កានៅពេលក្រោយវិញដូចជាទីគាប់ចិត្តទៅរួច។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះដែរជួបភាពប្រទាំងប្រទើសច្រើនហើយពិសេសឱ្យប្រយ័ត្នមានជម្លោះវិវាទដោយសារការប្រើពាក្យឌឺដងឬការបង្កបញ្ហាចំពោះគ្នាណាមួយឡើង។
រីឯបញ្ហាស្នេហាកំលោះក្រមុំមានការថយក្រោយច្រើនជាងការជឿនលឿនទៅមុខដូច្នេះចូរប្រយ័ត្នជម្លោះវិវាទឈានដល់ការប្រេះស្រាំ៕
ឆ្នាំរោង
រាសីល្អជាមធ្យម។នៅថ្ងៃនេះឃើញថាការប្រកបការងារមានការចម្រើនលូតលាស់សន្សឹមៗទៅមុខហើយធ្វើអ្វីក៏មានភាពសុខដុមគួរសម។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរពេលនេះមានការហូរចេញហូរចូលមិនទៀងទាត់ដូច្នេះមិនគួរផ្សងព្រេងទៅបោះទុនរកស៊ីធំដុំនិងយកទៅលេងល្បែងស៊ីសងទ្បើយនាំជាប់ការកុនខ្លួន។
ឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំវិញមានភាពលូតលាស់ទៅមុខនិងកំពុងស្រុះស្រួលគ្នាប្រពៃ៕
ឆ្នាំម្សាញ់
រាសីល្អជាមធ្យម។នៅថ្ងៃនេះលោកអ្នកធ្វើអ្វីក៏ដោយតោងតែប្រយ័ត្នប្រយែងពីព្រោះថាផលអាក្រក់អាចកើតឡើងហួសពីការគិតទៅទៀត។អ្នកប្រកបរបររកស៊ីជួញដូរការរកផលកម្រៃទោះមានភាពជឿនលឿនទៅមុខក្តីតែក៏មានភាពប្រទាំងប្រទើសមិនស្ទើរដែរ។ក្រៅពីនេះដំណើរចេញក្រៅផ្ទះឱ្យប្រយ័ត្នជួបគ្រោះចាញ់បោកគេថែមទៀត។
សម្ព័ន្ធស្នេហាកំលោះក្រមុំមានការប្រឆាំងនិងបង្កទំនាស់គ្នាច្រើនម្ល៉ោះហើយត្រូវចេះសម្របសម្រួលគ្នាខ្លះទើបប្រសើរ៕
ឆ្នាំមមី
រាសីស្រុតចុះ។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកងាយជួបគ្រោះមិនល្អយាយីផងដែរ ម្ល៉ោះហើយទោះធ្វើអ្វីមិនអាចធ្វេសប្រហែសបានឡើយដើម្បីចៀសវាងដូចពាក្យចាស់ថា”លិចទូកកណ្តាលទន្លេ”។ទាំងស្ត្រីបុរសក្នុងពេលនេះត្រូវតាំងចិត្តបំពេញកិច្ចការងារបើពុំនោះទេនឹងជួបស្ថានភាពលំបាកជាក់ជាពុំខាន។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរជួបការលំបាកក្នុងការរកផលចំណូលឯការចាយវាយខ្ពស់កំពុងឈានមកដល់ទៀតហើយ។
រីឯសម្ព័ន្ធស្នេហាប្រុសស្រីមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕
ឆ្នាំមមែ
រាសីខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះដោយសារយីអ៊ុនរបស់លោកអ្នកឡើងខ្ពស់ម្ល៉ោះហើយទោះ លោកអ្នកប្រកបកិច្ចការអ្វីក៏ដោយគឺតែងអាចទទួលជោគជ័យតាមសមប្រកបជានិច្ច។លោកអ្នកអាចប្រកបកិច្ចការអ្វីពេញដៃពេញជើងនិងមានតែក្រុមមនុស្សអាណិតស្រឡាញ់។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមិនថាផ្លូវទឹកផ្លូវគោកឬផ្លូវអាកាសក្តីតែងអាចប្រមូលភោគផលត្រឡប់ចូលផ្ទះវិញដូចជាទីគាប់ចិត្ត។ការធ្វើដំណើរឆ្ងាយជិតជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។
សេចក្តីស្នេហាប្រុសស្រីកំពុងជឿនលឿនទៅមុខនិងកំពុងបើកទំព័រថ្មីសម្រាប់អ្នកហើយ៕
ឆ្នាំវក
រាសីល្អជាមធ្យម។នៅថ្ងៃនេះដួងរាសីរបស់លោកអ្នកធ្វើអ្វីក៏តែងមានការជឿនលឿនទៅមុខសន្សឹមៗជានិច្ច។ទោះបីយ៉ាងណាការរស់នៅតែងមានរឿងរាវនិងដំណឹងមិនល្អឈានចូលមកច្រើនផង។ចំណែកអ្នកប្រកបរបររកស៊ីជួញដូរវិញទោះការជួញទីជិតឆ្ងាយលាភប្រាក់កាសពុំមានសម្បូរទេដូច្នេះទាល់តែលោកអ្នកខិតខំខ្លាំងទើបរកប្រាក់ចំណូលគ្រប់គ្រាន់ចិញ្ចឹមឆ្នាំងបាយរស់ស្រួលខ្លួន ។
រីឯសេចក្តីស្នេហាកំលោះក្រមុំមានការប្រឆាំងនិងចង់ចាញ់ឈ្នះគ្នាមិនតិចសោះឡើយ៕
ឆ្នាំរកា
រាសីល្អជាមធ្យម។នៅថ្ងៃនេះលោកអ្នកធ្វើអ្វីតែងមិនឆ្លើយតបផ្លែផ្កាដូចគាប់បំណងទេពិសេសធ្វើច្រើនបែរជាខុសច្រើនថែមទៀត។អ្នកប្រកបរបររកស៊ីជួញដូរវិញជួបបញ្ហាលំបាកក្នុងការរកប្រាក់ចំណូលបន្តិចហើយពិសេសលោកអ្នកអាចជួបក្រុមមនុស្សបង្កបញ្ហាណាមួយផងដូចនេះចូរចេះធ្វើចិត្តឱ្យត្រជាក់មិនអាចប្រើកំហឹងទល់កំហល់បានឡើយប្រយ័ត្នរឿងតូចក្លាយជារឿងធំ។ការធ្វើដំណើរឆ្ងាយជិតត្រូវរក្សាភាពស្ងប់ស្ងៀមហើយមិនត្រូវចេះដឹងឮរឿងអ្នកដទៃច្រើនពេកឡើយប្រយ័ត្នឥតការអ្វីសោះនាំបញ្ហាដាក់ខ្លួន។
សេចក្តីស្នេហាកំលោះក្រមុំបើសិនមានជម្លោះវិវាទហើយមិនគិតគូរដោះស្រាយឱ្យទាន់ពេលប្រយ័ត្នឈានដល់ផ្លូវបំបែក៕
ឆ្នាំច
រាសីស្រុតចុះ។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកនៅមិនទាន់ល្អនៅឡើយទេ ដូចនេះ បើទោះបីធ្វើអ្វីគប្បីមានការប្រយ័ត្នប្រយែងបន្តិចទើបប្រសើរ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះដែរមានការរកាំចិត្តច្រើនហើយផលកម្រៃទៀតសោតក៏ហូរចូលដោយតឹងណាស់ដែរ។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។
រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តី មានការចាប់កំហុស ព្រោះតែភាពចង់ឈ្នះ គ្នាដូចនេះត្រូវកាត់បន្ថយជម្លោះវិវាទទើបគ្មានបញ្ហាចោទឡើង៕
ឆ្នាំកុរ
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកត្រឡប់មកជាល្អប្រសើរឡើងវិញដូចនេះផ្តល់ផលល្អក្នុងការទំនាក់ទំនងការងារឬចរចាបញ្ហាអ្វីមួយពីព្រោះថាផ្លែផ្កាល្អៗតែងឆ្លើយតបមកវិញគ្រាន់ជាទីពេញចិត្ត។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះដែរបើលោកអ្នកចង់បោះទុនតូចធំឃើញថាមិនទាស់ខុសអ្វីដែរព្រោះផ្លែផ្កាទទួលបានក៏ឆ្លើយតបគ្រាន់កក់ក្តៅ។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខនិងស្រស់ស្រាយប្រពៃ៕