ដោយ​: តារា​រិ​ទ្ធ / ភ្នំពេញ​: ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បានប្រកាស​ដាក់​ឲ្យ​បើក​ដំណើរ​ការជូន​ប្រជាពលរដ្ឋ​ធ្វើ​ដំណើ​រ​ជា​បណ្តោះអាសន្ន​ផ្លូវ​ក្រោម​ដី​នៅ​តំបន់​ចោម​ចៅ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស​បែបនេះ​នៅក្នុង​ឱ​កាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេបាសាក់​ពី​ផ្លូវជាតិ​លេខ​១ ទៅ​តំបន់​អភិវឌ្ឍន៍​កោះនរា​និង​ពី​កោះនរា​ទៅ​ទីក្រុង​រណប​កោះ​ពេជ្រ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២០​។​

​គម្រោង​ស្ថាបនា​ស្ពាន​អាកាស​និង​ផ្លូវ​ក្រោម​ដី​ចោមចៅ​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដែល​បាន​បើក​ការដ្ឋាន​កាលពី​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៨ កន្លងទៅ ហើយ​បច្ចុប្បន្ន​ការស្ថាបនា​ផ្លូវ​ក្រោម​ដី​នៃ​គម្រោង​នេះ​បាន​អនុវត្ត​រួចរាល់​។​

​សម្តេច​បានប្រកាស​បើក​ឲ្យ​ដំណើរ​ការជូន​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ជា​បណ្តោះអាសន្ន ដើម្បី​ជួយ​សម្រួល​ដល់​លំហូរ​ចរាចរណ៍ និង​កាត់បន្ថយ​ការកកស្ទះ​ក្នុង​តំបន់​នេះ រហូត​ដល់ពេល​ការដ្ឋាន​ត្រូវបាន​បញ្ចប់ និង​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់ ជា​ផ្លូវការ​ក្នុងពេល​ខាងមុខ​៕ ល​/Ha