ដោយៈ ប.ខុន / ភ្នំពេញៈ ព្យុះទី១៨ ឈ្មោះ ម៉ូឡាវ (MOLAVE) នៅព្រឹកថ្ងៃទី២៦ ខែតុលានេះ វាបានរំកិលខ្លួន ចូលដល់ក្នុងសមុទ្រចិនខាងត្បូងហើយក្នុងកម្រិត ជាព្យុះទីហ្វុង (TY) ដោយមានដំណើរលឿន និងបើគ្មានការប្រែប្រួលទេ ព្យុះនេះ វាមានឥទ្ធិពលទឹកភ្លៀងច្រើន និងខ្យល់ ធ្វើឱ្យប៉ះពាល់ដល់ខ្ពស់រាបភាគឦសាន ខ្ពង់រាបភាគខាងជើង តំបន់ទំនាបកណ្តាលភាគ ពាយ័ព្យ និងធ្វើឱ្យទឹកទន្លេមេគង្គ ងើបឡើងម្តងទៀតនៅចុងរដូវវស្សានេះ។
លោក ចាន់ យុត្ថា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងធនធានទឹក និង ឧតុនិយម បានប្រាប់រស្មីកម្ពុជា ឱ្យដឹងនៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ថាៈ ព្យុះទី១៨ ឈ្មោះ ម៉ូឡាវ (MOLAVE) ដែលក្រសួងបានជូនដំណឹង តាមរយៈសេចក្តីប្រកាស កាលពីថ្ងៃទី២៥ ខែតុលា នៅព្រឹកថ្ងៃនេះ (២៦តុលា) វាបានរំកិលខ្លួនចូលដល់ក្នុងសមុទ្រចិនខាងត្បូងហើយ ក្នុងកម្រិតជាព្យុះទីហ្វុង (TY) ដោយមានដំណើរលឿន។
ព្យុះទី១៨ ដែលបានកើតមានឡើង បន្ទាប់ពីព្យុះទី១៧ ឈ្មោះ សូដែល បានឡើងគោក និងរលាយនៅលើខាងជើង ភាគកណ្តាលរបស់ ប្រទេសវៀតណាម ដោយពុំមានឥទ្ធិពលអ្វីដល់ប្រទេសកម្ពុជាទេ ។ ករណីនេះ លោក ចាន់ យុត្ថា បានបញ្ជាក់ថាៈ ប្រសិនបើវាគ្មានការប្រែប្រួល ពីការព្យាករណ៍នៅពេលនេះទេនោះ វានឹងនាំមកនូវទឹកភ្លៀងច្រើន និងខ្យល់ ធ្វើឱ្យប៉ះពាល់ ដល់តំបន់ខ្ពង់រាប ភាគឦសាន ខ្ពង់រាបភាគខាងជើង និងតំបន់ទំនាបកណ្តាល ភាគពាយ័ព្យហើយ។
លោក ចាន់ យុត្ថា បានឱ្យដឹងទៀតថាៈ ពេលនេះ ក្រសួងបាននិងកំពុងធ្វើការតាមដាន យ៉ាងយកចិត្តទុកដាក់អំពីសកម្មភាពរបស់ព្យុះនេះ។ ព្យុះថ្មីនេះ នឹងធ្វើឱ្យទឹកទន្លេមេគង្គ ងើបឡើងវិញជាថ្មីម្តងទៀតនៅចុងរដូវវស្សានេះ។

ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី២៥ តុលា កន្លងទៅ បានប្រកាសព័ត៌មានថា យោងការតាមដាន និងការវិវត្តជាក់ស្តែង នៃស្ថានភាពអាកាសធាតុ បង្ហាញឲ្យឃើញថាៈ នៅព្រឹកថ្ងៃទី២៥ តុលា វិសម្ពាធមួយ ដែលបានកើតឡើង នៅក្នុងមហាសមុទ្ ប៉ាស៊ីហ្វិក ខាងកើត កៀកនឹងប្រទេសហ្វីលីពីន បានវិវត្តខ្លួនជាបន្តបន្ទាប់ ទៅជាព្យុះទី១៨ ឈ្មោះ ម៉ូឡាវ (MOLAVE) ដោយដើរចូលទៅភាគកណ្តាល ប្រទេសហ្វីលីពីន។
នៅក្នុងសេចក្តីប្រកាស បានព្យាករថាៈ ព្យុះនេះនឹងបង្កើនឥទ្ធិពលជាលំដាប់ នៅពេលធ្វើដំណើរឆ្លងកាត់ ប្រទេសហ្វីលីពីន រួចចូលមកក្នុងសមុទ្រចិនខាងត្បូង នៅថ្ងៃទី២៧ ខែតុលា ហើយបានថមថយឥទ្ធិពលនៅពេលចូលមកដល់ ប្រទេសវៀតណាម ត្រង់ម្តុំចំណុចក្វាងងៃ (Quang Ngai) នៅថ្ងៃទី២៨ ខែតុលា រួចបន្តដំណើរចូលលើតំបន់ប៉ាសុង របស់ប្រទេសឡាវ ដោយថមថយឥទ្ធិពលទៅជាវិសម្ពាធ និងសម្ពាធទាប នៅថ្ងៃទី២៩ តុលា ខាងមុខនេះ ។
ក្នុងសេចក្តីប្រកាសដដែល បានសរសេរទៀតថាៈ លក្ខណៈបែបនេះ នឹងធ្វើឲ្យអាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី ២៩ ខែតុលា មានស្ថានភាព ដូចខាងក្រោម ៖
-បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន រួមមានខេត្ត រតនគិរី ស្ទឹងត្រែងព្រះវិហារ និងខេត្តឧត្តរមានជ័យ អាចមានភ្លៀងធ្លាក់ច្រើន លាយឡំ ជាមួយនឹងខ្យល់ខ្លាំង ។
-បណ្តាខេត្តនៅតំបន់វាលទំនាប រួមមានខេត្តកំពង់ធំ សៀមរាប បន្ទាយមានជ័យ ប៉ៃលិន និងខេត្តបាត់ដំបង អាចមានភ្លៀងធ្លាក់ច្រើន។
សេចក្តីប្រកាសនេះ បានអំពាវនាវដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជន ពិសេសបងប្អូនប្រជាពលរដ្ឋ ដែលនៅតំបន់ខាងលើ សូមជ្រាបជាព័ត៌មាន និងបង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាង នូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ។ ក្រសួងធនធានទឹក និងឧតុនិយម បាននិងកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ លើបាតុភូតនេះ ហើយនឹងជម្រាបជូនព័ត៌មាន ជាបន្តបន្ទាប់ទៀត ក្នុងករណីអាកាសធាតុ មានការប្រែប្រួល ៕/V/Ha