ដោយ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖ ផ្លូវជាតិ​លេខ​៩៤ ពី​ស្រុក​ឆែប​ទៅ​ឃុំ​កំពង់​ស្រឡៅ​ជាប់​ព្រំដែន​ប្រទេស​ឡាវ ត្រូវបាន​ជួសជុល​ឡើងវិញ បន្ទាប់ពី​រង​ការខូចខាត​នៅ​កន្លែង​មួយចំនួន​ដោយសារ​ជំនន់​ទឹកភ្លៀង ដើម្បីឱ្យ​ប្រជាពលរដ្ឋ​ក៏ដូចជា​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ធ្វើដំណើរ​បាន​ស្រួល​។​

​លោក​សំលាង​ទ្រី​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​បានឱ្យដឹង​នៅ​រសៀល​ថ្ងៃទី​២៥​ខែតុលា ឆ្នាំ​២០២០​នេះ​ថាៈ​ផ្លូវជាតិ​លេខ​៩៤ ពី​ស្រុក​ឆែប​ទៅ​ឃុំ​កំពង់​ស្រឡៅ​មួយ ឃុំ​កំពង់​ស្រឡៅ​ពីរ ជាប់​ព្រំដែន​ឡាវ​មាន​ប្រវែង​៦៥​គីឡូម៉ែត្រ ផ្លូវ​នេះ​ជា​ប្រភេទ​ផ្លូវ​ក្រាល​គ្រួស​ក្រហម​។​

​លោក​បន្តថា នៅ​រដូវវស្សា​នេះ ទឹកភ្លៀង​បាន​ធ្លាក់​ជោគជាំ​ធ្វើ​ឲ្យ​ផ្លូវ​នេះ​រង​ការខូចខាត​ដោយ​កន្លែង ដែល​ធ្វើឱ្យ​ពិបាកធ្វើ​ដំណើរ​តែ​ពេលនេះ​ក្រុមការងារ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​បានធ្វើការ​ជួសជុល​ផ្លូវ​នេះ​ឡើងវិញ​រួចរាល់​អាចឱ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ដោយ​ស្រួល​បាន​វិញ​ហើយ​។​

​លោក​បញ្ជាក់ថា នៅពេល​ខ្លី​ខាងមុខនេះ ក្រុមការងារ​ថែទាំ​ជួសជុល​ផ្លូវថ្នល់ នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​នឹង​បន្ត​ការជួសជុល​ផ្លូវជាតិ​លេខ​៩២​ផ្លូវជាតិ​លេខ​៩៥​។​ក៏ដូចជា​ផ្លូវ​ជាច្រើន​ខ្សែរ​ទៀត​ក្នុងទិសដៅ​ឱ្យ​ប្រជាពលរដ្ឋ​បានធ្វើ​ដំណើរ​ដោយ​ស្រួល​ប៉ុន្តែ​មកដល់​ថ្ងៃនេះ​ផ្លូវ​ខ្លះ​ទឹក​មិនទាន់​ស្រក​អស់​នោះទេ​។​

​លោក​បាន​រំលឹកថា​ដោយ​អនុវត្តន៍​តាម​ការណែនាំ​របស់លោក​ទេសរដ្ឋមន្ត្រី​ស៊ុនចាន់ថុល​រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​និង​លោក​ប្រាក់​សុវណ្ណ​អភិបាលខេត្ត​ព្រះវិហារ​ក្នុងអំឡុងពេល​ដែលមាន​គ្រោះទឹកជំនន់​។​មន្ទីរ​បាន​ត្រៀមលក្ខណៈ​ចាត់ចែង​ក្រុមការងារ​ឈរជើង​តាម​ទីតាំង​មួយចំនួន​មាន​គ្រឿងចក្រ​និង​សម្ភារ​គ្រប់គ្រាន់​ក្នុង​លក្ខណៈ​ត្រៀម​អន្តរាគមន៍​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​មិនឱ្យ​រងគ្រោះ​ដោយ​ទឹកជំនន់​នោះទេ​។​

​លោក​បាន​បន្តថា ក្នុងស្ថានភាព​គ្រោះទឹកជំនន់ ក្រុមការងារ​ថែ​ទា​ជួសជុល​ផ្លូវថ្នល់ របស់​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​នៅតែ​បន្តធ្វើ​សកម្មភាព​ក្នុងទិសដៅ​រក្សា​ការពារ​មិនឱ្យ​ផ្លូវ​ខូច​។​ពិសេស​មិនឱ្យ​ផ្លូវ​ពី​ក្រលុក​សំបុកមាន់​ក្លាយជា​ថ្លុក​ឫ​អូរ​នោះទេ​។​សូម​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​ថែរក្សា​ផ្លូវថ្នល់​ទាំងអស់គ្នា​ដើម្បី​ជា​ប្រយោជន៍​ឱ្យ​ការប្រើប្រាស់​បានយូរ​អង្វែង និង​កុំ​ដឹក​លើស​ទម្ងន់​៕S/​