ដោយៈ តារា​ឫទ្ធិ / ភ្នំពេញៈ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ឲ្យ​ក្រុមប្រឆាំង បង្ហាញ​ភស្តុតាង នូវ​អ្វីដែល​ពួកគេនិយាយថា នៅ​កម្ពុជាមាន​វត្តមាន​របស់​ក​ង​ទ័ព​ចិន និង​មាន​កិច្ចព្រមព្រៀងសម្ងាត់ ដែលថាកម្ពុជា​ផ្តល់​ឲ្យ​កងទ័ព​ចិន បង្កើត​មូលដ្ឋានទ័ពនៅ​តំបន់​រាម ៣០​ឆ្នាំ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​បែបនេះ នៅក្នុង​ឱ​កាសអញ្ជើញជា​អធិបតី ក្នុង​ពិធីបើកការដ្ឋានសាងសង់​ស្ពាន ឆ្លងកាត់​ទន្លេបាសាក់ ពី​ផ្លូវជាតិ​លេខ​១ ទៅ​តំបន់​អភិវឌ្ឍន៍​កោះនរា និង​ពី​កោះនរា ទៅ​ទីក្រុង​រណប​កោះ​ពេជ្រ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២០ នេះ ។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថាៈ សម្តេចសូម​យក​ឱកាស​នេះ ផ្ដាំ​ទៅ ហូ វ៉ាន់ (​សម្តេច បាន​ហៅ ហូ​វ៉ាន់​ថាអា​ហូ​វ៉ាន់​) ថា ” បើ​លោក​ឯង អាច​ឈប់​បាន ឈប់​ទៅ កុំ​និយាយ​ទៀត​, ប្រពន្ធ​កូន​របស់​ឯងនៅ​ភ្នំពេញ​នៅឡើយ​ទេ​, សម្ដី​ដែល​ឯង​បញ្ជា នៅក្នុង​ទូរស័ព្ទ​ទាំងអស់ រឿង​អី​ឯង​មក​បញ្ជាឲ្យ​បាតុកម្ម​ប្រឆាំង​ទូត​ចិន ប្រឆាំងនឹង​វត្តមាន​កងទ័ព​ចិននៅ​កម្ពុជា ” ។ សម្តេច​តេ​ជោ បាន​បន្តថាៈ ” ពួក​ឯង​ឆ្កួត​ទេ​ឬ ? ប្រពន្ធ​កូន​របស់​ឯងនៅ​ភ្នំពេញ ដេក​មិនសុខ​ទេ , ឯង​ឈប់​បាន ឈប់​ទៅ ។ បើទោះបី​គេ​ឈ្នះឆ្នោត ក៏​គេ​មិន​ឲ្យ​ឯ​ងធ្វើ​កុង្សីយ៍ដែរ ” ។​

​សម្តេច​តេ​ជោ បាន​ហៅ ហូ វ៉ាន់ ថាៈ ” ជា​មេ​ក្បត់ជាតិ ដែល​ពេលនេះ ក៏​កំពុង​មើល​ខ្ញុំ​និយាយ ហើយ​ប្រពន្ធ កូន​របស់​វា ក៏​កំពុង​មើល​។ ប៉ុន្តែ ហូ វ៉ាន់ ជា​មេ​ក្បត់ ដូច្នេះ​រឿង​អី មិនត្រូវ​ចាប់ពួកក្បត់ នៅ​ទីក្រុង​ភ្នំពេញ អាជ្ញាធរ និង​តុលាការ គេ​ចាប់ខ្លួន គឺជា​រឿង​ត្រឹមត្រូវ​តាមច្បាប់​។ ព្រោះថា មេចោរ វា​រត់គេចខ្លួន តែ​អា​កូនចោរ ធ្វើ​សកម្មភាព វា​មិន​ជាប់គុក ។ ហូ វ៉ាន់ កំពុង​រុញ​អា​អ្នក​នៅ​ភ្នំពេញឲ្យ​ជាប់គុក ” ។​

​សម្តេច បាន​បន្តថាៈ ” អា​មួយទៀត​នោះ គឺមាន​ប្រពន្ធ​កូន​វា ដូរ​លុយ​នៅ​ភ្នំពេញ ក៏ត្រូវ​ប្រយ័ត្ន​ខ្លួន ។ រឿង​អី​ឯងដើរ​ដឹកនាំ​ធ្វើបាតុកម្ម ប្រឆាំង​ទូត​ចិន នៅ​ប្រទេស​ផ្សេងៗ ” ។​

​សម្តេច​បានទាមទារ​ឲ្យ ហូ វ៉ាន់ បញ្ចេញ​ភស្តុតាង​ថា ” តើ​កម្ពុជា មាន​កិច្ចព្រមព្រៀង សម្ងាត់ ផ្ដាច់មុខ នៅ​កំពង់ផែ​រាម ជាមួយ​ចិន រយៈពេល ៣០ ឆ្នាំ​។ បើ​មិនមាន​ទេ មានន័យថា​កុហក ” ។

​សម្តេច​បាន​បន្តថាៈ នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី សម្តេច​បាន​និយាយថា ឆ្នាំ​១៩៧០ មាន​រដ្ឋប្រហារ ទម្លាក់​សម្ដេចព្រះ នរោត្តម សីហនុ នៅក្រោម​រូបភាព មាន​កងទ័ព​យៀកកុង នៅ​កម្ពុជា​។ ប៉ុន្តែ​ឥឡូវនេះ វាយ​កប​ញ្ហា​វត្តមាន​កងទ័ព​ចិននៅ​កម្ពុជា មក​ធ្វើ​ចលនា ដើម្បី​ផ្តួល​រំលំ​រាជរដ្ឋាភិបាល​។ សម្តេចក៏បាន​ផ្តាំ​ទៅ​ប្រពន្ធ​កូន ហូ វ៉ាន់ ថា​កុំ​ធ្វើជា​បណ្តាញ ចែក​លុយ​ឲ្យ ហូ វ៉ាន់ ៕​/V/Ha

សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ ជា​អធិបតី ក្នុង​ពិធីបើកការដ្ឋាន សាងសង់​ស្ពាន ឆ្លងកាត់​ទន្លេបាសាក់ ពី​ផ្លូវជាតិ​លេខ​១ ទៅ​តំបន់​អភិវឌ្ឍន៍​កោះនរា និង​ពី​កោះនរា ទៅ​ទីក្រុង​រណប​កោះ​ពេជ្រ (រូបថតៈ រស្មីកម្ពុជា)
សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ ជា​អធិបតី ក្នុង​ពិធីបើកការដ្ឋាន សាងសង់​ស្ពាន ឆ្លងកាត់​ទន្លេបាសាក់ ពី​ផ្លូវជាតិ​លេខ​១ ទៅ​តំបន់​អភិវឌ្ឍន៍​កោះនរា និង​ពី​កោះនរា ទៅ​ទីក្រុង​រណប​កោះ​ពេជ្រ (រូបថតៈ រស្មីកម្ពុជា)
​ពិធីបើកការដ្ឋាន សាងសង់​ស្ពាន ឆ្លងកាត់​ទន្លេបាសាក់ ពី​ផ្លូវជាតិ​លេខ​១ ទៅ​តំបន់​អភិវឌ្ឍន៍​កោះនរា និង​ពី​កោះនរា ទៅ​ទីក្រុង​រណប​កោះ​ពេជ្រ (រូបថតៈ រស្មីកម្ពុជា)