ដោយ: អង្គរតូច / សៀមរាប: មន្ត្រីកម្ចាត់មីនកម្ពុជា(ស៊ីម៉ាក់)ម្នាក់បានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ ឯអ្នករួមដំណើរម្នាក់ទៀតបានរងបួស ដោយសារគ្រោះថ្នាក់ចរាចណ៍រថយន្តបុកជាមួយម៉ូតូ កាលពីព្រលប់ទី២៥ ខែតុលាឆ្នាំ២០២០ នៅត្រង់ចន្លោះបង្គោលគីឡូលេខ ២៩១.២៩២ ចំណុចភូមិរកាកំបុត ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង លើដងផ្លូវជាតិលេខ ៦។
អធិការនគរបាលស្រុកប្រាសាទបាគង លោកវរសេនីយ៍ឯក លឹម សម្បត្ដិ បានឲ្យដឹងថា ករណីនេះបង្កឡើងដោយរថយន្ដម៉ាកFORLAND ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ3C.0435 អន្កបើកបរមិនស្គាល់អត្ដសញ្ញាណ មានទិសដៅពីកើត ទៅលិច ក្រោយបង្កហេតុ អ្នកបើករថយន្ដចុះរត់គេចខ្លួនបាត់។ រថយន្តបានបុកម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ សេរី ឆ្នាំ២០១១ពណ៌ខ្មៅពាក់ផ្លាកលេខសៀមរាប 1K 8441 បើកបរដោយឈ្មោះស៊ា គឹមសៀង ភេទប្រុសអាយុ២១ឆ្នាំ ជាបុគ្គលិកស៊ីម៉ាក់បើកបរក្នុងទិសដៅពីលិចទៅកើត បានស្លាប់នៅពេលបញ្ជូនដល់មន្ទីរពេទ្យ។ ចំណែកអ្នករួមដំណើរម្នាក់ទៀតឈ្មោះ សុខ កក្កដា (រងរបួសធ្ងន់)ភេទប្រុស អាយុ២៥ ឆ្នាំ ជាបុគ្គលិកស៊ីម៉ាក់ មានលំនៅស្រុកប្រាសាទបាគង។ លោកអធិការ បញ្ជាក់ថា គ្រោះថ្នាក់ចរាណ៍នេះមូលហេតុអ្នកបើកបរម៉ូតូបើកបរមិនប្រកាន់ស្ដាំ។
ជុំវិញហេតុការណ៍ដ៏រន្ធត់នេះ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានបង្ហោះសារលើទំព័រហ្វេសប៊ុករបស់ខ្លួន នៅព្រឹកថ្ងៃទី២៦នេះថា នាល្ងាចថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ នៅឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ឃាតករតាមដងផ្លូវ (គ្រោះថ្នាក់ចរាចរណ៍) បានសម្លាប់យុវជនដ៏ក្លាហានមួយរូប ជាមន្ត្រីជំនាញកម្ចាត់មីននៃអង្គភាពស៊ីម៉ាក់គឺ ស៊ា គឹមសៀង! ។ លោក ហេង រតនា បន្តថា ចន្លោះឆ្នាំឆ្នាំ១៩៩៣ -១៩៩៨ គ្រាប់មីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមបានសម្លាប់ និងធ្វើឱ្យរងរបួសប្រជាជនកម្ពុជាប្រមាណជាង៤០០០នាក់ ក្នុងមួយឆ្នាំៗ ដែលក្លាយជាឃាតករលេខ១នៅកម្ពុជា។ បើទោះបីជាការបោះឆ្នោតកើតឡើងនៅឆ្នាំ១៩៩៣ក៏ដោយ តែសង្គ្រាមនៅតែបន្តរហូតចុងឆ្នាំ១៩៩៨។ អង្គភាពស៊ីម៉ាក់ជាកម្លាំងស្នូលនៃការកម្ចាត់ឃាតករនេះ ដែលធ្វើឱ្យជនរងគ្រោះធ្លាក់ចុះមានចំនួនតិចជាង១០០នាក់ក្នុងមួយឆ្នាំៗ (២០១៩)។
លោក ហេង រតនា បានបន្ថែមទៀតថាបច្ចុប្បន្ននេះ ដោយសារភាពរីកចម្រើន ខាងមធ្យោបាយដឹកជញ្ជូន និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនោះ ឃាតករតាមដងផ្លូវ (ចរាចរណ៍) បានក្លាយយមរាជលេខ១វិញម្តង ក្នុងការឆក់យកជីវិតប្រជាជនកម្ពុជា! សូមប្រជាពលរដ្ឋទាំងអស់គ្នា ចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីសុវត្ថិភាពខ្លួនឯងផងនិងអ្នករួមដំណើរលើដងផ្លូវផង។ លោក ហេង រតនា៖សូមចូលរួមសោកស្តាយបំផុតជាមួយគ្រួសារសពនិង សូមវិញ្ញាណក្ខន្ធ ស៊ា គឹមសៀង បានទៅកាន់ទីសុខកុំបីឃ្លៀងឃ្លាតឡើយ។
យោងតាមការបង្ហោះសារ របស់លោកហេង រតនា បង្ហាញថា រូបលោកហាក់ស្តាយមន្ត្រីសកម្មរបស់ខ្លួនខ្លាំងណាស់ ដែលក្លាហានជាមួយគ្រាប់មីនច្រើនឆ្នាំ តែមកស្លាប់ដោយសាឃាតករលើដងផ្លូវទៅវិញ៕ ល/Ha