ដោយ: គ្រញូង / បាត់ដំបង: ក្នុងខែតុលា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចចម្រុះ មានអាជ្ញាធរដែនដី ប៉ូលិស ប៉េអឹម យោធាសឹករងស្រុក សហគមន៍នេសាទ ដឹកនាំដោយលោកនាយរដ្ឋបាលជលផលបាត់ដំបង បានចុះបង្ក្រាបបទល្មើសនេសាទ បានចំនួន ១៥ ករណី ព្រមទាំងដកហូតបាន វត្ថុតាងបទល្មើស មួយចំនួន ដូចជា: សាច់មង ១២.០០០ ម៉ែត្រ ស្បៃមុង ចំនួន ៦០០ម៉ែត្រ បង្គោលចំនួន ៨.៣៩០ ដើម ឡុក៨៧គ្រឿង លូស្បៃមុង១៨មាត់ និងលែងត្រីចម្រុះ ចំនួន ៣៨៥ គីឡូក្រាមចូល ទៅបឹងធម្មជាតិវិញ។ នេះបើតាមនាយខណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបង បានឲ្យដឹង នៅថ្ងៃទី២៦ តុលា នេះ។

លោក ជួង សុភា នាយខណ្ឌរដ្ឋបាលជលផល ខេត្តបាត់ដំបង បានបន្តថាៈ នៅក្នុងរដូវបិទនេសាទនេះ ដោយសារស្ថានភាពស្មុគ្រស្មាញ និងទឹកឡើងខ្លាំង ពិបាកដឹកជញ្ជូនឧបករណ៍ល្មើសច្បាប់ យកមករក្សាខទុក នៅខណ្ឌរដ្ឋបាលជល សមត្ថកិច្ចចម្រុះ សម្រេចដុតកម្ទេចចោល ឧបករណ៍ទាំងនោះ នៅនឹងកន្លែង ដើម្បីជាការព្រមាន ដល់ជនខិលខូចផង ព្រមទាំពិន័យបានថវិកា ៥ លានរៀល បង់ចូលថវិការដ្ឋ ៥០ ភាគរយ ។
លោកនាយខណ្ឌ បានបញ្ជាក់ថាៈ ក្នុងការចុះប្រតិបត្តិការម្តងៗ សមត្ថកិច្ចចម្រុះ មិនដែលចាប់បានជនខិលខូចម្នាក់ណាទេ ព្រោះពួកវា បានដាក់បណ្តាញ រាយការណ៍ ប្រាប់បក្ខពួកវា តាមរយ:ទូរស័ព្ទ ឬអាយកូម ឲ្យបក្ខពួកវាដឹងជាមុន ហើយនាំគ្នារត់គេចខ្លួនអស់។

លោក ជួង សុភា បានបញ្ជាក់ទៀតថាៈ ក្នុងចំណោមបទល្មើស ទាំង ១៥ ករណីនេះ រួមមាន ១. ប្រើឧបករណ៍នេសាទខុស ពីការកំណត់របស់រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចំនួន ១៣ ករណី និងនេសាទ ដោយឧបករណ៍ស្បៃមុង ២ ករណី។
លោកនាយខណ្ឌ បានបន្តថាៈ ក្រៅពីការចុះបង្ក្រាបបទល្មើសនេសាទ មន្ត្រីជំនាញ នៅបានចុះផ្សព្វផ្សាយ ឲ្យប្រជាពលរដ្ឋ យល់ដឹង ពីការប្រើប្រាស់ឧបករណ៍ ដែលរដ្ឋហាមឃាត់ នាំឲ្យបាត់បង់ពូជត្រី និងបើសមត្ថកិច្ចចាប់ខ្លូនបាន ត្រូវមានទោសទៀតផង និងចុះតាមសហគមន៍ ជួយបង្រៀន ពីរបៀបចិញ្ចឹមកង្កែប បង្កងទឹកសាប និងត្រី មានតម្លៃ ក្នុងទីផ្សារផងដែរ៕ ល
