ដោយ៖តារារិទ្ធ/ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដាក់បទបញ្ជាឲ្យរដ្ឋមន្ត្រីចំនួន ៤ក្រសួងដែលរួមមានក្រសួងសាធារណការនិងដឹកជញ្ជូន,ក្រសួងធនធានទឹក,ក្រសួងកសិកម្ម និងក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវចុះដោះស្រាយបញ្ហាជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់ជាបន្ទាន់រដ្ឋមន្ត្រីទាំង ៤ត្រូវដោះស្រាយបញ្ហាជួសជុលផ្លូវ ស្ពាន ,ទំនប់ទឹក ប្រឡាយទឹក, ផ្លូវលំជនបទ ដែលខូច ខាតដោយជំនន់ទឹកភ្លៀងនៅចំនួន២០ខេត្ត-រាជធានីឲ្យបានរហ័ស ចំណែកក្រសួងកសិ កម្មត្រូវចាត់ចែងផ្តល់ស្រូវពូជ និង ពូជដំណាំដល់កសិករឲ្យទាន់ពេលវេលា ។
ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានបេតុងខ្សែកាបឆ្លងកាត់ទន្លេបាសាក់តភ្ជាប់ទីក្រុងកោះពេជ្រ ទៅកាន់ទីក្រុងរណបថ្មីកោះនរានៅព្រឹកថ្ងៃទី ២៦ ខែតុលានេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាឲ្យរដ្ឋមន្ត្រី៤រូបរួមមាន៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីសាធារការនិងដឹកជញ្ជួន,លោក វេង សាខុន រដ្ឋមន្ត្រីកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ , លោក លឹម គានហោ រដ្ឋមន្ត្រីធនធានទឹករដ្ឋមន្ត្រីក្រសួងធនធានទឹក និង លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ត្រូវប្រជុំដោះស្រាយភ្លាមជូនពលរដ្ឋរងគ្រោះដោយចាត់កម្លាំងចុះជួសជុលផ្លូវ ស្ពាន និង ទំនប់ទឹកដែលខូចខាតដោយជំនន់ទឹកភ្លៀងកន្លងមកនោះ ។ដោយមិនត្រូវរង់ចាំមន្ត្រីចុះពិនិត្យវាយតម្លៃអ្វីនោះទេគឺត្រូវចាត់មន្ត្រីជំនាញចុះជួសជុលផ្លូវ ស្ពាន ដែលខូចដោយទឹកជំនន់នោះភ្លាមៗឡើងវិញ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បញ្ជាក់ថា៖កុំចាំមន្ទីររាយការណ៍មកភ្នំ ពេញ ទើបចុះទៅធ្វើ ។ រដ្ឋមន្ត្រីត្រូវចាត់រដ្ឋលេខាធិការចុះទៅតាមគោលដៅ។ កន្លែងខ្លះត្រូវចាត់ច្រើនក្រុមចុះទៅពិសេសនៅបាត់ដំបងនិងខេត្តបន្ទាយមានជ័យ។កុំឲ្យប្រជាពល រដ្ឋយើគាត់លំបាកមួយសាហើយ មកលំបាកមួយសាទៀតក្រោយទឹកស្រក។ ត្រូវការចាយប៉ុន្មានស្នើទៅក្រសួងសេដ្ឋកិច្ចយើងមានខ្ទង់ថវិកាមិនទាន់បែងចែក។សម្តេចលើកឡើង ថាយើងមានថវិកាត្រៀមបម្រុង ១៥០លានដុល្លារដើម្បីធ្វើការងារនេះ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានបន្តទៀតថារដ្ឋមន្ត្រីទាំង៤ត្រូវធ្វើការឲ្យបានរហ័សកុំស្ពឹកស្រពន់ឲ្យសោះរឿងដោះស្រាយបញ្ហារងគ្រោះដោយជំនន់ទឹកភ្លៀងនេះដោយក្នុងនោះសម្តេចតេជោបានអះអាងថា៖«ខ្ញុំនឹងចាំមើល! បើសិនជាកន្លែង(រងគ្រោះ)ណាយឺតខ្ញុំនឹងចុះទៅកន្លែងហ្នឹងចាំមើលរដ្ឋមន្ត្រីធ្វើមុខយ៉ាងម៉េច» ។នៅក្នុងឱកាសនោសម្តេចក៏បានក្រើនរំលឹកលោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទដោយសម្តេចលើកឡើងថាមិនសូវឃើញវត្តមានចុះទៅកាន់ជនបទនោះទេ ៕