ភ្ញៀវ​ជាតិ​ទៅលេង​សង្ក្រាន្ត​និង​រមណីយដ្ឋាន​នៅ​ខេត្តបន្ទាយមានជ័យ​កើនឡើង​, តែ​បន្ទាយឆ្មារ​រៀបចំ​ធំ ភ្ញៀវ​ថយ​, តាម​វត្ត​ស្ងាត់​

1832
ចែករម្លែក

ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: ភ្ញៀវ​ជាតិ​ទៅលេង​សង្ក្រាន្ត និង​រមណីយដ្ឋាន​នៅ​ខេត្តបន្ទាយមានជ័យ​កើនឡើង បើ​ប្រៀបធៀប​នឹង​ឆ្នាំមុន​។ ប៉ុន្តែ​នៅ​ប្រាសាទបន្ទាយឆ្មារ​ដែល​រៀបចំ​សង្ក្រាន្ត​ធំដុំ​ជាង​មុន ហើយ​មាន​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ទៅ​បើក​និង​បិទ​ផង​នោះ បែរជា​ភ្ញៀវ​ថយចុះ​ទៅវិញ​។ តាម​វត្ត​អារាម ស្ងាត់​ភ្ញៀវ​ជាង​ឆ្នាំ​ណា​ទាំងអស់​។​

ភ្ញៀវ​ជាតិ​ទៅលេង​សង្ក្រាន្ត និង​រមណីយដ្ឋាន​នៅ​ខេត្តបន្ទាយមានជ័យ​កើនឡើង​, តែ​បន្ទាយឆ្មារ​រៀបចំ​ធំ ភ្ញៀវ​ថយ​, តាម​វត្ត​ស្ងាត់ (​រូប​:​ភ្នំ​ស្វាយ​)​

​លោក ឈឿន សេរី​វុ​ធ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តបន្ទាយមានជ័យ ប្រាប់​កាសែត​រស្មី​កម្ពុជា​ថ្ងៃទី​១៧​មេសា​ថា ក្នុងអំឡុង​បុណ្យចូលឆ្នាំ​ខ្មែរ​ឆ្នាំច​ថ្ងៃទី​១៤-១៥-១៦​មេសា​ឆ្នាំ​២០១៨ កន្លងមក​មាន​ភ្ញៀវ​ជាតិ​ក្នុង​និង​ក្រៅ​ខេត្ត​ទៅលេង​កំសាន្ត​សង្ក្រាន្ត និង​ទី​រមណីយដ្ឋាន​នានា​នៅ​ខេត្តបន្ទាយមានជ័យ បាន​កើនឡើង​ជាង​១០​ភាគរយ ឬ​ជាង​២​ម៉ឺន​នាក់ បើ​ធៀប​នឹង​ឆ្នាំ​២០១៨ ពោលគឺ​ឆ្នាំនេះ មាន​ភ្ញៀវ​ជាតិ​ចំនួន​១៦៣.១៦២​នាក់ ច្រើនជាង​ឆ្នាំ​២០១៧ ដែល​មានតែ​ជាង​១៤​មឺ​ុ​ន​នាក់ ។ ឯ​ភ្ញៀវ​បរទេស មានតែ​៨៤​នាក់ ថយចុះ​ជាង​ឆ្នាំ​២០១៧ ដែលមាន​១២៧​នាក់​។​

​ក្នុងនោះ​ភ្ញៀវ​ទៅ​កំសាន្ត​ច្រើនជាងគេ​នៅ​ទីតាំង​សង្ក្រាន្ត​បន្ទាយមានជ័យ ស្ថិតនៅ​សួន​មានជ័យ និង​ផ្លូវ​ប្រជាប្រិយ​ស្ថិត នៅ​កណ្តាល​ក្រុង​សិរីសោភ័ណ ដែលមាន​ជិត​៥​ម៉ឺន​នាក់​។ ទីនោះ បានរៀបចំ​សង្ក្រាន្ត​៣​ឆ្នាំ​មកហើយ​។ បន្ទាប់មក​នៅ​ទីតាំង​សង្ក្រាន្ត​ប៉ោយប៉ែត ដែល​បានរៀបចំ​ធំដុំ​លើកដំបូង ស្ថិតនៅក្នុង​ដី​លោក​រ័ត្ន ស្រ៊ាង​នា​ភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារកណ្តាល និង​នៅ​ផ្លូវ​ផ្សារ​រាត្រី​ដើម​ពុទ្រា ក្នុងភូមិ​ក្បាលស្ពាន​១​សង្កាត់​ប៉ោយប៉ែត មាន​ភ្ញៀវ​ប្រមាណ​៣​ម៉ឺន​នាក់​។ ទីតាំង​ទាំង​២​សុទ្ធតែ​កើន​ភ្ញៀវ​។ រីឯ​នៅ​សង្ក្រាន្ត​បន្ទាយឆ្មារ​ដែល​រៀបចំ​ធំដុំ​លើកដំបូង ហើយ​មាន​វត្តមាន​ជា​អធិបតី​ពី​សំណាក់​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ស្ថិតនៅ​បរិវេណ​ប្រាសាទបន្ទាយឆ្មារ ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក​វិញ មាន​ភ្ញៀវ​ទៅ​កំសាន្ត​ជាង​២​ម៉ឺន​នាក់ តិចជាង​ឆ្នាំ​២០១៧ ដែលមាន​ជាង​៣​ម៉ឺន​នាក់​។ ចំណែក​នៅ​រមណីយដ្ឋាន​អាងទឹក​ត្រពាំងថ្ម ឃុំ​ប៉ោយចារ​ស្រុក​ភ្នំស្រុក​វិញ មាន​ភ្ញៀវ​ទៅ​កំសាន្ត​ប្រមាណ​៣​ម៉ឺន​នាក់ គឺ​កើនឡើង​តិចតួច​ប្រៀបធៀប​នឹង​ឆ្នាំមុន​។ ក្រៅពីនោះ គឺ​ភ្ញៀវ​ទៅ​កំសាន្ត​តាម​ទី​រមណីយដ្ឋាន​កែច្នៃ​ដូចជា​សួន​ស្នេហ៍​ជនបទ តាម​ភ្នំ​មាន​ថ្ម​ស្រួចៗ និង​ល្អាង តាម​ទី​មានទឹក​និង​វត្ត​អារាម​ជាដើម​។ ប៉ុន្តែ​ចំនួន​ភ្ញៀវ​ទៅ​កំសាន្ត​តា​មី​វត្ត​អារាម​នានា បាន​ធ្លាក់ចុះ​ដល់ក​ម្រឹត​ទាប​ជាង​ឆ្នាំ​ណា​ណា​ទាំងអស់ នៅ​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ឆ្នាំ​២០១៨​នេះ​។ នេះ​បើ​យោងតាម​មន្ត្រី​អាជ្ញាធរ សមត្ថកិច្ច គណៈកម្មការ​វត្ត ព្រះសង្ឃ និង​ក្រុម​អ្នក​ភ្ញៀវ​បាន​ប្រាប់​នៅ​ថ្ងៃទី​១៧​ខែមេសា​ឆ្នាំ​២០១៨​។​

​លោក ស្រេង សុផល អនុប្រធាន​សស​យក​ខេត្តបន្ទាយមានជ័យ ប្រាប់​កាសែត​រស្មី​កម្ពុជា​ថ្ងៃទី​១៧​ខែមេសា​ដែរ​ថា សម្រាប់​សង្ក្រាន្ត​បន្ទាយមានជ័យ ក្នុង​ក្រុង​សិរីសោភ័ណ នា​ឆ្នាំនេះ​មាន សកម្ម​ភាពជា​បន្ថែម​លើ​ព្រឹ​ត្ត​ការណ៍​ឆ្នាំ​ចាស់ ដូចជា មាន​ប្រកួត​កីឡាប្រដាល់​ល្បុ​កក​ត្តោ​, មាន​ល្បែង​ប្រជាប្រិយ​១០​ល្បែង​, មានការ​រាំ​មហា​សាមគ្គី​តាម​ចង្វាក់​របាំ​ប្រពៃណីជាតិ ការ​រាំ​ជា​ក្រុម​ដែល​ប្រើប្រាស​យុវជន យុវនារី​ជាង​២.៥០០​នាក់ គឺ​បាន​ប្រព្រឹត្ត​ទៅដោយ​រលូន សប្បាយរីករាយ​និង​ជោគជ័យ​។​

​ដោយឡែក​នៅ​ទីតាំង​ស​ង្ក្រា​ន​ប៉ោយប៉ែត មាន​ទស្សនីយភាព កម្ម​វ​ធី​នៃ​ព្រឹ​ត្ត​ការណ៍​បែប​បុរាណ សម័យ​ទំនើប​យ៉ាងច្រើន​៕

ទីតាំងផ្សាយពាណិជ្ជកម្ម