ដោយៈ មេសា/ភ្នំពេញៈ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និង ងាយរងគ្រោះអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ ១៩ ខែទី ១ ជុំទី ៣ បានចាប់ផ្តើមហើយនៅថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ២០២០ នេះ ដោយមានប្រជាជន ៦៩ ម៉ឺន ០៧ ពាន់ និង ២០៦ គ្រួសារ ហើយកម្មវិធីគ្រោងនឹងចំណាយថវិកា ជាង ៣១ លាន ដុល្លារអាមេរិក ។ ចំនួនគ្រួសារនៅខែនេះ បានកើនឡើង ៧ ២៣៣ គ្រួសារ បើធៀបទៅនឹងខែ កញ្ញា ( បានបញ្ចប់ទៅនៅថ្ងៃទី ២៤ ខែ តុលា ) ដែលមានចំនួន ៦៨ ម៉ឺន ០៩ ពាន់ និង ៩៧៣ គ្រួសារ ។
ទន្ទឹមនឹងនេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ដែលជាសាមីក្រសួង នៃ កម្មវិធីនេះ បានចេញណែនាំ ០៥ ចំណុចដល់អ្នកពាក់ព័ន្ធ ជាពិសេសប្រជាជនដែលជាអ្នកទទួលផលគឺ ៖
ទី ១ . ចំពោះគ្រួសារដែលបានផ្ទៀងផ្ទាត់ប័ណ្ណសមធម៌ ឬ ប័ណ្ណក្រីក្រ នៅជុំទី ២ រួចហើយ អាចទៅបើកប្រាក់ឧបត្ថម្ភរបស់ខ្លួន ដោយមិនចាំបាច់ទៅផ្ទៀងផ្ទាត់នៅសាលាឃុំ ឬ សង្កាត់ជាថ្មីទៀតឡើយ ហើយអាចទៅបើកប្រាក់នៅបញ្ជវីង ណាមួយក៏បាននៅទូទាំងប្រទេស ដោយមិនចាំបាច់តែបញ្ជដែលនៅក្នុងមូលដ្ឋានរបស់ខ្លួនឡើយ ។
ទី ២ . ចំពោះគ្រួសារក្រីក្រ និង ងាយរងគ្រោះ ដែលមានប័ណ្ណសមធម៌ នៅមានសុពលភាព ប៉ុន្តែមិនទាន់បានផ្ទៀងផ្ទាត់នៅជុំទី ២ និង គ្រួសារក្រីក្រ ដែលទើបតែទទួលបានប័ណ្ណសមធម៌ថ្មី សូមទៅផ្ទៀងផ្ទាត់ប័ណ្ណរបស់ខ្លួននៅសាលាឃុំ ឬ សង្កាត់ណាមួយក៏បាននៅទូទាំងប្រទេស ដោយមិនចាំបាច់តែនៅសាលាឃុំ ឬ សង្កាត់របស់ខ្លួនឡើយ ។
ទី ៣. ពេលទៅបើកប្រាក់ តម្រូវឱ្យអ្នកទទួលផល ភ្ជាប់ទៅជាមួយនូវឯកសារពាក់ព័ន្ធដូចគ្នានឹងជុំទី ២ ដែរ ជាពិសេសប័ណ្ណសមធម៌ដែលនៅមានសុពលភាព និង ត្រូវចងចាំលេខកូដសម្ងាត់របស់ខ្លួន ។
ទី ៤. ករណីភ្លេចលេខកូដសម្ងាត់ ត្រូវទៅទំនាក់ទំនងអ្នកទទួលបន្ទុកកម្មវិធី នៅសាលាឃុំ សង្កាត់ ឬ មន្ទីរសង្គមកិច្ចរាជធានី ខេត្ត ។
ទី ៥. ក្នុងករណីសាធារណជន ពិនិត្យឃើញមានភាពមិនប្រក្រតី ក្នុងការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ សូមទំនាក់ទំនងអ្នកកាន់កម្មវិធី នៅតាមឃុំ សង្កាត់ មន្ទីរសង្គមកិច្ច ឬ នៅ មន្ទីរផែនការ រាជធានី ខេត្តនីមួយៗ ។

សូមជម្រាបថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និង ងាយរងគ្រោះអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ ១៩ ជុំទី ២ បានបញ្ចប់ទៅហើយ កាលពីម៉ោង ១៨ និង ០០ នាទី ថ្ងៃទី ២៤ ខែ តុលា ដោយបានបើកប្រាក់ជូនគ្រួសារក្រីក្រី និង ងាយរងគ្រោះបានចំនួន ៦៦ ម៉ឺន ០១ ពាន់ និង ៦៨៤ គ្រួសារ ពីក្នុងចំណោមប្រជាជនចំនួន ៦៨ ម៉ឺន ០៩ ពាន់ និង ៩៧៣ គ្រួសារ ហើយ លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខុមាលភាពសង្គម នៃ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ដែលជាអ្នកដឹកនាំដោយផ្ទាល់នូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និង ងាយរងគ្រោះអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ ១៩ បានប្រាប់ រស្មីកម្ពុជា តាមបណ្តាញ តេឡេហ្ក្រាម នៅថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០២០ នេះថា កម្មវិធីបានចំណាយថវិកាអស់ជាង ២៨ លានដុល្លារអាមេរិក ហើយបើគតិតចាប់តាំងពីដំបូងដែលបានចាប់ផ្តើមកាលពីថ្ងៃទី ២៥ ខែ មិថុនា ផងនោះ កម្មវិធីចំណាយថវិកាអស់ជាង ១០៦ លានដុល្លារអាមេរិក ។
ចំពោះប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីសម្រាប់ខែ កញ្ញា ប៉ុន្តែមិនទាន់បានបើកប្រាក់របស់ខ្លួនទេនោះ លោក ឈួរ សុបញ្ញា បានបន្ថែមថា ពួកគាត់ក៏នៅតែអាចបើកប្រាក់ខ្លួននៅក្នុងខែថ្មីដែលចាប់ផ្តើមពីថ្ងៃទី ២៥ ខែ តុលា នេះតទៅទៀតបាន ដោយត្រូវអនុវត្តដូចដែលបានណែនាំខាងលើនេះស្រាប់ ។
លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ( ដែលជាសាមីក្រសួង នៃ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ និង ងាយរងគ្រោះអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ ១៩ នេះ ) ក្នុងលិខិតមួយច្បាប់ជម្រាបជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា បានដកស្រង់របាយការណ៍អង្កេតរបស់ ធានាគារពិភពលោក ( World Bank ) ដែលបានដឹកនាំធ្វើអង្កេតចាប់ពីថ្ងៃទី ១៧ ខែ សីហា ដល់ថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ ២០២០ លើសំណាកគ្រួសារគំរូចំនួន ១០ ៥៥ គ្រួសារ ( សម្រាប់ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ខាងលើនេះនៅក្នុងខែទី ១ និង ខែ ទី ២ ) បានរកឃើញដូចតទៅ ៖
- ដំណើរការ នៃ កម្មវិធីត្រូវបានអនុវត្តល្អ ៩៩ ភាគរយ ហើយថវិកាបានទៅដល់ដៃអ្នកក្រក្រពិតប្រាកដចំនួន ៩៩ ភាគរយ , អ្នកទទួលផលប្រមាណជា ០១ ភាគរយ មិនទាន់បានទទួលសាច់ប្រាក់ ដោយសារទើបតែទទួលបានប័ណ្ណថ្មី មិនទាន់ទទួលបានព័ត៌មានច្បាស់លាស់ និង ដោយសារហេតុផលផ្សេងៗ ។
- ថវិកាដែលអ្នកទទួលផល ទទួលបានពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ ត្រូវបានប្រើប្រាស់ក្នុងការទិញអាហារ ៩៩ ភាគរយ ខណៈ ១៥ ភាគរយ នៃ ០១ ភាគរយផ្សេងទៀត បានប្រើប្រាស់ថវិកានោះសម្រាប់សងបំណុល , ២០ ភាគរយ ( ក្នុងចំណោម ០១ ភាគរយខាងលើនេះ ) បានប្រើប្រាស់ថវិកានោះ សម្រាប់ទិញសម្ភារដែលចាំបាច់ ហើយជាសរុបទៅ ធនាគារពិភពលោក បានរកឃើញថា ៩៩,៦ ភាគរយ នៃ អ្នកទទួលផល បានរំភើបចំពោះកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ និង ងាយរងគ្រោះអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ ១៩ និង អរគុណចំពោះរាជរដ្ឋាភិបាល កម្ពុជា ។




គប្បីរំឭកថា កាលពីចន្លោះថ្ងៃទី ១៩ ដល់ថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០២០ នេះ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមមកិច្ច បានចុះជួបចែកអំណោយសំណេះសំណាល និង សួរសុខទុក្ខដល់ប្រជាជនរងគ្រោះដោយទឹកជំនន់ និង អ្នកទទួលផលពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ខាងលើនេះ នៅខេត្ត ចំនួន ៤ គឺ ៖ ស្រុក ថ្មគោល ខេត្ត បាត់ដំបង ( ៣០០ គ្រួសារ ) , ក្រុង សេរីសោភ័ណ ខេត្ត បន្ទាយមានជ័យ ( ៣០០ គ្រួសារ ) , ស្រុក ពួក ខេត្ត សៀមរាប ( ២០០ គ្រួសារ ) និង ស្រុក ស្ទោង ខេត្ត កំពង់ធំ ( ២០០ គ្រួសារ ) សរុប ១ ០០០ គ្រួសារ ។
ប្រការគួរកត់សម្គាល់នោះគឺថា ក្រៅតែពីការជួបសំណេះសំណាល សាកសួរសុខទុក្ខ នៅក្នុងជំនួបជាលក្ខណៈជួបជុំទាំងនោះទៅ លោក វង សូត និង ក្រុមការងារ ក៏តែងតែបានចុះទៅជួបដោយផ្ទាល់នៅតាមផ្ទះ តាមភូមិ ( ដែលភាគច្រើនកំពុងរងការលិចទឹកជំនន់ ) ជាមួយអ្នករងគ្រោះដោយទឹកជំនន់ ជាពិសេស ជាមួយអ្នកទទួលផល ហើយនៅទីបំផុត នាឱកាសផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាននាឱកាសជួបសំណេះសំណាលជាមួយអ្នកទទួលផល នៅក្នុងបរិវេណសាលាឃុំ ប្រឡាយ ស្រុក ស្ទោង ខេត្ត សៀមរាប លោក វង សូត បានបង្ហាញការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយលោកអះអាងថា អ្នកទទួលផលខ្លះ បានយកថវិកា ដែលរាជរដ្ឋាភិបាលបើកឧបត្ថម្ភតាមរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់ខាងលើនេះ ទៅចាប់ផ្តើម ឬ ពង្រឹងមុខរបររបស់ពួកគាត់ ដូចជាអ្នកខ្លះទិញមាន់មកចិញ្ចឹមជាដើម ដែលបច្ចុប្បន្ននេះ មាន់របស់ពួកគាត់ បាន និង កំពុងប្រែប្រួលជាវិជ្ជមាន ខណៈអ្នកខ្លះបានរំភើបរហូតស្រក់ទឹកភ្នែកនៅពេលទទួលបានប្រាក់ឧបត្ថម្ភរបស់ពួកគាត់ ហើយលើកឡើងថា អាយុ ៧០ ទៅ ៨០ ឆ្នាំហើយ ពួកគាត់មិនដែលឃើញរដ្ឋាភិបាលឯណា បើកប្រាក់ជូនប្រជាជនបែបនេះឡើយ ៕ Kh