ដោយ៖ដេប៉ូ/ភ្នំពេញ៖អង្គការសមាគមន៍អភិរក្សសត្វព្រៃកម្ពុជា(WCS)បានចេញផ្សាយរបាយការណ៍១០ឆ្នាំស្តីពីស្ថានភាពនៃចំនួនសត្វព្រៃសំខាន់ៗចំនួន១៣ប្រភេទដែលបានរកឃើញនៅក្នុងដែនជម្រកសត្វព្រៃកែវសីមាដែលជាតំបន់មានជីវៈចម្រុះច្រើនជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា។

          បើយោងតាមរបាយការណ៍ដែលបានចេញផ្សាយនិងការធ្វើសន្និសិទ្ធសារព័ត៌មាននៅថ្ងៃទី២៦ខែតុលាឆ្នាំ២០២០នាទីស្តីការក្រសួងបរិស្ថានបានបញ្ជាក់ថា ចំនួនសត្វព្រៃនៅក្នុងតំបន់ការពារធម្មជាតិនៅតំបន់នេះមួយចំនួននៅថេរ ឯមួយចំនួនបានកើនឡើង ប៉ុន្តែក្នុងខណៈសត្វព្រៃមួយចំនួនទៀតមានការថយចុះគួរឱ្យព្រួយបារម្ភ។

          ក្នុងរបាយការណ៍នេះបានបញ្ជាក់ដែរថា បើគេយោងតាមទិន្នន័យប្រមូលបានដោយប្រើប្រាស់មួលទិន្ន តាមបទដ្ឋានវិទ្យាសាស្រ្តចំនួន សត្វក្ងោកនិងស្វាត្រោសកំពុងមានការកើនឡើង។ចំនួនសត្វស្វាកន្ទុយស ទោចថ្ពាល់លឿង ស្វាក្តាម និងជ្រូកព្រៃនៅថេរ។ចំណែក ចំនួនស្វាព្រាម ស្វាអង្គត់ និងថនិកសត្វក្រចកពាមមាឌធំ លើកលែងជ្រូកព្រៃ កំពុងមានការថយចុះ។

          គួរបញ្ជាក់ថាដែនជម្រកសត្វព្រៃកែវសីមាមានចំនួនប្រភេទជីវៈចម្រុះច្រើនគេបំផុតបើធៀបទៅនឹងតំបន់ការពារធម្មជាតិផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជា និងជាទីជម្រកសម្រាប់ប្រភេទសត្វព្រៃសំខាន់ៗជាច្រើនប្រភេទទៀតនៅលើពិភពលោក រួមទាំសត្វទោចថ្ពាល់លឿងនិងស្វាកន្ទុយស ដែលជាប្រភេទជិតផុតពូជនិងជិតផុតពូជបំផុតនៅលើពិភពលោក ហើយដែលពពួកពានរទាំងពីរប្រភេទនេះមានតែនៅក្នុងតំបន់នេះតែប៉ុណ្ណោះ។

          លោកអូលីហ្រ្គី ហ្វឺន (Olly Griffin)អ្នកវិភាគទិន្នន័យនិងជាទីប្រឹក្សាបច្ចេវិទ្យានៃអង្គការwcs បានបញ្ចាក់ថា “លទ្ធផលទាងនេះបានឆ្លុះបញ្ចាំងអំពីផលវិជ្ជមានច្រើនកើតចេញពីកិច្ចខិតខំប្រឹងប្រែងក្នុងការអភិរក្សជីវចម្រុះសំខាន់ៗជាសាកលនៅក្នុងដែនជម្រកសត្វព្រៃកែវសីមាដូចជាការថែរក្សាចំនួនពពួកពានរដែលជិតផុតពូជបំផុតឱ្យនៅថេរ និងការធ្វើចំនួនសត្វកោ្ងកដែលជាប្រភេទជិតផុតកើនឡើងវិញ។លទ្ធផលទាំងនេះក៏បានបង្ហាញអំពីទំហំនៃការគំរាមកំហែងលើសត្វព្រៃនៅទូទាំងប្រទេសកម្ពុជាផងដែរ ដែលជាក់ស្តែង ប្រភេទសត្វក្តាន់ រមាំង និងពពួកសត្វចូលចិត្តរកស៊ីលើដីក្នុងដែនជម្រកសត្វព្រៃកែវសីមាគឺកំពុងមានការថយចុះ”។

ដោយឡែកលោកនេត្រភក្ត្រាមន្រ្តីនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីស្ថានភាពនៃប្រភេទសត្វព្រៃសំខាន់ៗនៅក្នុងដែនជម្រកសត្វព្រៃកែវសីមាឆ្នាំ២០១០-២០២០ឱ្យដឹងថាតំបន់ព្រៃការពារសីមាត្រូវបានបង្កើតជាតំបន់ដែនជម្រកសត្វព្រៃកែវសីមានៅខែឧសភាឆ្នាំ២០១៦ ស្ថិតនៅក្រោមការការពារនិងអភិរក្សរបស់ក្រសួងបរិស្ថាន។ ដែនជម្រកសត្វព្រៃកែវសីមាគឺជាតំបន់ការពារធម្មជាតិមានសារៈសំខាន់កម្រិតអន្តរជាតិ នៅក្នុងការអភិរក្សសត្វព្រៃនិងជីវៈចម្រុះជាច្រើនទៀត។ ដែនជម្រកសត្វព្រៃកែវសីមា មានសារៈសំខាន់កម្រិតអន្តរជាតិក្នុងការអភិរក្សសត្វដំរីអាស៊ី សត្វពានរ រួមមានទោចថ្ពាល់លឿង ស្វាកន្ទុយស ប្រភេទមាំសាសី និងប្រភេទសត្វស្លាបជាច្រើនប្រភេទដែលប្រភេទសត្វនិងរុក្ខជាតិ ៧៥ ប្រភេទជាប្រភេទរងការគំរាមកំហែងស្ថិតក្នុងបញ្ជីក្រហមរបស់អង្គការ IUCN។

លោកបានបញ្ជាក់បន្ថែមថា  វាជាមោទកភាពដែលកម្ពុជាសម្បូណ៌ដោយជីវៈចម្រុះគ្រប់ប្រភេទដែលក្នុងនោះប្រភេទសត្វកម្រមួយចំនួនដែលបាននិងកំពុងជិតផុតពូជ និងប្រភេទសត្វងាយរងគ្រោះបំផុតរបស់ពិភពលោក ត្រូវបានរកឃើញថាមានវត្តមាន នៅក្នុងតំបន់ការពារធម្មជាតិរបស់ប្រទេសកម្ពុជា។ គ្រប់ភាគីពាក់ព័ន្ធទាំងអស់រួមសហការគ្នាដើម្បីការពារនិងអភិរក្សធនធានធម្មជាតិ និងសត្វព្រៃដែលមាន នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់តទៅមុខទៀត៕dp