Home ព័ត៌មានអន្តរជាតិ សភាពការណ៍​ថៃ​...

សភាពការណ៍​ថៃ​កាន់តែ​ក្តៅ បក្សប្រឆាំង​ចូលរួម​ជាមួយ​បាតុករ​សុំអោយ​នាយករដ្ឋមន្ត្រី​ចុះចេញ​ពី​តំណែង តែ​លោក​ប្រា​យុទ្ធ​ថា​..

វាសនា៖ ​គណបក្សប្រឆាំង​ធំ​បំផុត​របស់​ថៃ​នៅ​ថ្ងៃ​ចន្ទ​ទី​២៦​តុលា​នេះ បាន​អំពាវនាវ​អោយ​លោក​ប្រា​យុទ្ធ ចាន់​អូ​ចា ចុះចេញ​ពី​តំណែង នៅពេល​សភា​បើក​កិច្ចប្រជុំ​ពិសេស​មួយ​តាម​សំណើ​របស់​នាយក​រដ្ឋមន្ត្រី​​ដើម្បី​ពិភាក្សា​អំពី​ការប្រឆាំង​តវ៉ា​អស់​ពេល​ជាង​៣​ខែ​មកនេះ​។​

​បាតុកម្ម ដឹកនាំ​ដោយ​ចលនា​និស្សិត ដែល​ពី​ដំបូង​ទាមទារ​អោយ​នាយក​រដ្ឋមន្ត្រី​ចុះចេញ​ពី​តំណែង​និង​តាក់តែង​រដ្ឋធម្មនុញ្ញ​ថ្មី​មួយ កាន់តែ​បង្កើន​សម្ទុះ​និង​ការទាមទារ ដោយ​សំណើ​ប្រទាំង​ប្រទើស​បំ​​ផុត​មួយ​របស់​គេ គឺ​កែ​ទំរង់​របបរាជានិយម​ដើម្បី​ទប់​កុំអោយ​ស្តេច​មាន​អំណាច​ហួសហេតុ​និង​ទ្រព្យសម្បត្តិ​មហាសាល​។​

​លោក​សំពង់ អា​ម៉ន​វីវ៉ា​ត មេដឹកនាំ​គណបក្ស​ភឿ​ថៃ ដែល​ជា​គណបក្ស​ធំ​ជាងគេ​ក្នុង​សភា​បាន​និយាយថា​« នាយករដ្ឋមន្ត្រី ជា​ឧបសគ្គ​ធំ​មួយ​និង​ជា​បន្ទុក​របស់​ប្រទេស​។​សូម​ចុះ​ចេញ​ទៅ ហើយ​គ្រប់យ៉ាង​នឹង​​ចប់​ទៅ​ដោយ​ស្រួល​»​។

​​លោក​ប្រា​យុទ្ធ មិន​ចុះ​ពី​តំណែង​តាម​ការទាមទារ តែ​ផ្តោតលើ​ការបង្ក្រាប​ការតវ៉ា​ប្រឆាំង​ខុសច្បាប់​

​តែ​ក្នុង​ថ្ងៃ​ចន្ទ​នេះ​ដែរ​លោក​ប្រា​យុទ្ធ​មិនបាន​និយាយ​អំពី​តំណែង​របស់​លោក​ទេ តែ​ថា​ថៃ​ត្រូវ​នាំ​«​ការតវ៉ា​ប្រឆាំង​ខុសច្បាប់​»​មក​នៅ​ក្រោម​ការគ្រប់គ្រង​(​បង្ក្រាប​) ។​

​លោក​ប្រា​យុទ្ធ​បាន​និយាយថា​« ទោះ​ជា​ប្រជាជន​មាន​សេរីភាព​ក្នុង​ការសម្តែង​មតិ​និង​ធ្វើបាតុកម្ម​ផ្អែក​តាម​រដ្ឋធម្មនុញ្ញ តែ​អាជ្ញាធរ​ចាំបាច់​ត្រូវ​គ្រប់គ្រង​ការប្រឆាំង​តវ៉ា​ខុសច្បាប់​។​យើង​មិន​ចង់​ឃើញ​ការ​ប៉ះ​​ទង្គិច ឬ​កុបកម្ម​នៅក្នុង​ប្រទេស​នេះ​ទេ​»​។​

​ក្នុងពេល​ឡើង​បើក​សម័យប្រជុំ​សភា លោក​បាន​និយាយថា លោក​ដឹង​អំពី​ការទាមទារ​របស់​អ្នក​ប្រឆាំង​តវ៉ា តែ​ការទាមទារ​របស់​គេ​មិន​ត្រូវបាន​ដាក់​ក្នុង​របៀបវារៈ​នៃ​កិច្ចប្រជុំ​២​ថ្ងៃនេះ​ទេ​។​

​សូមបញ្ជាក់​ថា ពួក​មេដឹកនាំ​សំខាន់ៗ​នៃ​ចលនា​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ថៃ កាលពី​ថ្ងៃអាទិត្យ​ទី​២៥​តុលា​បាន​ប្តេជ្ញា​ដឹកនាំ​អ្នកគាំទ្រ​វិល​មក​កាន់​ដង​វិថី​នៃ​រដ្ឋធានី​បាងកក​ជា​ថ្មី​ដើម្បី​ប្រឆាំង​នាយករដ្ឋមន្ត្រី ប្រា​យុទ្ធ ចាន់​អូ​ចា បន្ទាប់​ពី​ការដាក់​ឱសានវាទ​របស់​គេ​អោយ​លោក​ចុះចេញ​ពី​តំណែង​ត្រឹម​យប់​ថ្ងៃ​សៅរ៍​នោះ ត្រូវ​នាយករដ្ឋមន្ត្រី​រូបនេះ​មិន​អើពើ​ធ្វើតាម​។​

​ពួក​ចាត់ទុក​ការ​កាន់អំណាច​របស់​នា​យក​រដ្ឋមន្ត្រី​បច្ចុប្បន្ន​ថា​ខុស​ច្បាប់ ព្រោះ​តែ​លោក​ជាប់​ឆ្នោត​ក្លាយជា​មេដឹកនាំ​ស៊ីវិល​ដោយសារ​ច្បាប់រដ្ឋធម្មនុញ្ញ​ដែល​តាក់តែង​ឡើង​ក្រោម​របប​សឹក ផ្តល់​ភាព​អនុ​​គ្រោះ​ដល់​ក្រុម​យោធា​សំរាប់​កាន់កាប់​អំណាច​នៅ​ស្រុកថៃ​។​

​កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន ពួកគេ​ទុក​ពេល​អោយ​លោក​ប្រា​យុទ្ធ ៣​ថ្ងៃ​ដើម្បី​ចុះចេញ​ពី​តំណែង តែ​កាល​កំណត់​បាន​ផុត​នៅ​ម៉ោង​១០​យប់​ថ្ងៃ​សៅរ៍ ហើយ​លោក​ប្រា​យុទ្ធ​បានបញ្ជាក់​ថា​លោក​នឹង​មិន​ចុះ​ចេញពី​​តំណែង​ទេ និង​ថា « បញ្ហា​ទាំងអស់​អាច​ដោះស្រាយបាន​»​តែ​តាមរយៈ​ការស្រុះស្រួល​មតិ​គ្នា​។​រដ្ឋាភិបាល​មាន​បំណង​ពិត​ដើម្បី​ដោះស្រាយ​បញ្ហា ដរាបណា​វា​ស្ថិត​ក្រោម​បន្ទាត់​ច្បាប់​។​ខ្ញុំ​អត់​លាឈប់​ទេ​»​។​

​ក្រុម​បាតុកម្ម​មួយ​ហៅ​ខ្លួនឯង​ថា «​ចលនា​ប្រជាជន​»​បានប្រកាសថា ខ្លួន​នឹង​រៀបចំ​ការដើរ​ដង្ហែ​មួយ​ទៅ​កាន់​ស្ថានទូត​អាឡឺម៉ង់​នៅ​ថ្ងៃ​ចន្ទ​ទី​២៦​តុលា ជា​ទង្វើ​មួយ​ដែល​ទំនងជា​ចង់បង្ហាញ​ការផ្គើន​នឹង​​ព្រះមហាក្សត្រ​ថៃ ដែល​ទ្រង់​គង្គនៅ​ក្នុង​ប្រទេស​អឺរ៉ុប​នេះ​ភាគច្រើន​ជា​មួយ​ស្រីស្នំ​ជាច្រើន​៕

​ពួក​បាតុករ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ថៃ វិល​មក​កាន់​ដង​វិថី​នៅ​ក្រុង​បាងកក​វិញ​នៅ​ថ្ងៃ​២៥​តុលា ក្រោយ​ពី​នាយក​រដ្ឋមន្ត្រី​មិន​ធ្វើ​តាម​ការទាមទារ​របស់គេ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ឃាត់ខ្លួន​យុវជន​ម្នាក់ ជា...

​ដោយៈ អង្គា​រ៍​ហេង / ភ្នំ...

​គ្រោង​ជ្រើសរើស​ទីតាំង​ខ្...

​ដោយៈ​ភ្នំ​ស្វាយ / បន្ទាយ...

​បុរាណ​ដ្ឋា​ន​អូរ​កី​ក្នុ...

​ដោយៈ ភ្នំ​ស្វាយ / កោះកុង...

​ត្រីមាស​ទី​បីៈ​រោងចក្រ​ច...

ដោយ​: ពៅ​និមល​/​ភ្នំពេញ​:...