ដោយៈសុផល/ភ្នំពេញ ៖ ព្រឹទ្ធសភា នៅព្រឹកថ្ងៃទី២៦ ខែតុលា បានបើកសម័យប្រជុំលើកទី៦ នីតិកាលទី៤ ក្រោមអធិបតីភាព កិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។សមាជិកព្រឹទ្ធសភាមានវត្តមានចំនួន ៥៧រូប។
ក្រោយការពិភាក្សា អង្គប្រជុំព្រឹទ្ធសភា បានពិនិត្យនិងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ចំនួន៤ដែលសុទ្ធតែមានប្រយោជន៍សម្រាប់ការអភិវឌ្ឍប្រទេស និងជំរយញសេដ្ឋកិច្ចកម្ពុជា ដែលក្នុងនោះមានសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្មផងដែរ។
សេចក្តីព្រាងច្បាប់ទាំងបួនដែលត្រូវអនុម័តនេះមាន៖ ១-សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម។ ២-សេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រង ការប្រើ-ប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ ។ ៣-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ៖កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃ ម៉ាឡេស៊ី ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នា ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ និងកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណា ចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េស្តីពី ការលុបបំបាត់ការយកពន្ធត្រួតគ្នា ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ ។ ចំណែកទី៤- សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន។
សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម មាន១២ជំពូក និង៩៧មាត្រា បានត្រូវអង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុង ដោយឥតកែប្រែចំនួន ៥៧សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អមដោយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញ បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់នេះ។
សេចក្តីព្រាងច្បាប់នេះ មានវិសាលភាពអនុវត្តចំពោះមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណ និងល្បែងពាណិជ្ជកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយមានគោលបំណងធានាដល់ការគ្រប់គ្រងមណ្ឌលពាណិជ្ជកម្មសមាហរ័ណ និងល្បែងពាណិជ្ជកម្ម ដើម្បីចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់វិស័យទេសចរណ៍ បង្កើតការងារ បង្កើនចំណូលរដ្ឋ រក្សាសុវត្ថិភាព និងសន្តិសុខសង្គម ជាពិសេសជារបងការពារព្រំដែនដ៏រឹងមាំ ព្រមទាំងបង្កភាពងាយស្រួលជូនប្រជាពលរដ្ឋ ក្នុងការតាំងលំនៅដ្ឋានថ្មី និងប្រកបអាជីវកម្មផ្សេងៗ។
ចំណែកសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងការប្រើប្រាស់និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ មាន ១២ជំពូក និង៩០មាត្រា បានត្រូវអង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែចំនួន ៥៧សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។
សេចក្តីព្រាងច្បាប់នេះ នឹងធានាដល់ការគ្រប់គ្រងធនធានសាធារណៈឱ្យកាន់តែមានប្រសិទ្ធ-ភាពថែមទៀត ព្រមទាំងចូលរួមចំណែកក្នុងការបង្កើនចំណូលពីទ្រព្យសម្បត្តិរដ្ឋ ដែលទាំងអស់នេះ សុទ្ធតែជាសមាសភាគដ៏សំខាន់នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ សម្រាប់គាំទ្រដល់ការលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ និងការបន្តអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែមានការរីកចម្រើនឈានឡើង ក្នុងជំហានស្វាហាប់ប្រកបដោយវិបុលភាព និងចីរភាពនៅក្នុងបរិការណ៍ថ្មី ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។
បណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អមដោយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់និងមន្ត្រីជំនាញបានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់នេះ។
ចំពោះសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ៖១.កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃ ម៉ាឡេស៊ី ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នា ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ ។២.កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េស្តីពី ការលុបបំបាត់ការយកពន្ធត្រួតគ្នា ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ ធ្វើឡើងក្នុងគោលដៅទាក់ទាញ សម្រួលការវិនិយោគ និងពាណិជ្ជកម្ម អន្តរជាតិ ព្រមទាំងទប់ស្កាត់ និងបង្រ្កាបការកិបកេងបន្លំពន្ធទាំងក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិក៏ដូចជាក្នុងការបំពេញកាតព្វកិច្ចក្របខ័ណ្ឌអាស៊ាន ។
សេចក្តីព្រាងច្បាប់នេះតាក់តែងឡើងមាន ០៣មាត្រា ត្រូវបានរដ្ឋសភានៃព្រះរាជា ណាចក្រកម្ពុជា អនុម័តយល់ព្រមជាលើកដំបូងចំនួន ១១៣សំឡេងនៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ នាសម័យប្រជុំរដ្ឋសភាលើកទី៥នីតិកាលទី៦។អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អមដោយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញ បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់នេះ។អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែចំនួន ៥៧សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។
ចំណែកសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន តាក់តែងឡើងមាន០២មាត្រា ត្រូវបានលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អមដោយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញ បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់នេះ។អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូលដោយឥតកែប្រែចំនួន៥៧សំឡេងនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។
ក្រោយកិច្ចព្រមព្រៀងនេះចូលជាធរមាន ព្រះរាជាណាចក្រកម្ពុជានឹងទទួលបានអត្ថ-ប្រយោជន៍ជាច្រើនដូចជា៖ធ្វើឱ្យពាណិជ្ជកម្មរវាងប្រទេសអាស៊ាន និងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន មានភាពប្រសើរឡើងដើម្បីឆ្លើយតបទៅនឹងភាពរីកចម្រើននៃសេដ្ឋកិច្ចសកល។ធ្វើឱ្យកាន់តែស៊ីជម្រៅនូវការតភ្ជាប់សេដ្ឋកិច្ចរវាងប្រទេសអាស៊ាន និងហុងកុងនៃសាធា-រណរដ្ឋប្រជាមានិតចិន តាមរយៈការបន្តធ្វើសេរីភាវូបនីយកម្ម ពាណិជ្ជកម្មទំនិញ ពាណិជ្ជកម្មសេវាកម្ម និងការធ្វើឱ្យប្រសើរឡើងនូវនីតិវិធីគយ និងវិធានការនានា។លើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេសរវាងប្រទេសអាស៊ាន និងហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន។រួមចំណែកដ៏សំខាន់ក្នុងការសម្រួលដល់ពាណិជ្ជកម្ម និងវិនិយោគឆ្លងដែន ព្រមទាំងកាត់បន្ថយនូវរបាំងចូលទីផ្សារ ដើម្បីជំរុញដល់ភាពងាយស្រួលដល់សហគ្រាសធុនតូចនិងមធ្យម។
ដូមជម្រាបផងដែរថា៖អង្គប្រជុំព្រឹទ្ធសភាបានផ្អាកនៅវេលាម៉ោង ១១:៣០នាទី នាថ្ងៃដដែលហើយ ព្រឹទ្ធសភានឹងបន្តសម័យប្រជុំលើកទី៦ នីតិកាលទី៤ នៅវេលាម៉ោង៨:០០ នាទីព្រឹក ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០៕/b