ដោយៈសុផល/កំពង់ធំ៖ប្រជាពលរដ្ឋចំនួន៥០០គ្រួសារមកពីឃុំទ្រាឃុំកំពង់ចិនជើងនិងឃុំកំពង់ចិនត្បូងស្រុកស្ទោងខេត្តកំពង់ធំដែលទួលរងផលប៉ះពាល់ដោយជំនន់ទឹក ភ្លៀងបានទទួលអំណោយសប្បុរសធម៌ពីក្លឹបរ៉ូថារី (Rotary Club)និងសប្បុរសជន នានា។

លោកស្រីទ្បេង ផល្លី ប្រធានក្លឹបរ៉ូថារីភ្នំពេញចតុមុខ(Rotary Club of Phnom Penh Chaktom ) បានមានប្រសាសន៍ថា ដោយមើលឃើញទុក្ខលំបាករបស់ ប្រជាពលរដ្ឋ រងគ្រោះដោយសារទឹកជំនន់ភ្លៀងនេះ ក្លឹបរ៉ូថារីចតុមុខភ្នំពេញ កាលព្រឹកថ្ងៃទី២៥ ខែ តុលា ឆ្នាំ២០២០បានផ្តល់អំណោយមនុស្សធម៌ទៅដល់ប្រជាពលរដ្ឋចំនួន៥០០គ្រួសារ ដែលកំពុងមានការខ្វះខាតនិងត្រូវការជាជំនួយជាបន្ទាន់។
អំណោយសប្បុរសធម៌ទាងនេះ បានមកពីសហគមន៍រ៉ូថារី ដែលរួមមានក្លឹប Rotary of PP Capital , ក្លឹប Rotary of PP Central និងក្លឹប Rotary of PP Chaktomuk ព្រមទាំងសប្បុរសជន។ក្នុងគ្រួសារនីមួយៗទទួលបានអង្ករ១០ គីឡូក្រាម មី១ កេស ត្រីខកំប៉ុង ៥ កំប៉ុង អំបិល ១ គីឡូក្រាម ទឹកត្រី ១ ដប ភួយ ១ មុង ១ សាប៊ូ ១ ដុំ និងទឹកផ្លែឈើ ១ ដប។

លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានថ្លែងអំណរគុណ លោកស្រី ប្រតិភូសប្បុរសជនទាំងអស់ជាពិសេសក្លឹប Rotary ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ពិសេសប្រជាពលរដ្ឋនៅទូទាំងស្រុកស្ទោង។ជំនួយនេះ បានជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋដែលកំពុងខ្វះខាត។

លោក ណែត សារី អភិបាលស្រុកស្ទោង បានឱ្យដឹងថា៖ទឹកជំនន់បានកើតមានក្នុងស្រុកស្ទោង ចាប់តាំងពីថ្ងៃទី១៦ខែតុលា ឆ្នាំ២០២០ រហូតមកដល់ថ្ងៃទី២៥តុលា។ស្រុកស្ទោង ជាស្រុកមួយក្នុងចំណោមក្រុងស្រុកទាំង៩នៃខេត្តកំពង់ធំ។ស្រុកស្ទោងមានប្រជាពលរដ្ឋចំនួន ២៩.១១៤ គ្រួសារ។ទឹកជំនន់បានប៉ះពាល់លំនៅឋានប្រជាពលរដ្ឋចំនួន ៨០៣៩ ខ្នងផ្ទះ លើឃុំចំនួន ៧ ដែលស្ថិតនៅតាមបណ្តោយដងស្ទឹងស្ទោង ។មនុស្ស៣នាក់បានលង់ទឹកស្លាប់៕Ph