រយៈពេលបីខែនេះ ព្រឹទ្ធសភា ធ្វើអ្វីខ្លះ?

ដោយៈសុផល/ភ្នំពេញ ៖ របៀបវារៈ ស្តាប់របាយការណ៍របស់គណៈកម្មាធិការអចិន្ត្រៃយ៍ ស្តីពីសកម្មភាព និងលទ្ធផលការងាររបស់ព្រឹទ្ធសភា នៅចន្លោះសម័យប្រជុំលើកទី៥ និងលើក ទី៦ នីតិកាលទី៤ បានត្រូវសម័យប្រជុំលើកទី៦ នីតិកាលទី៤ លើកយកមកពិនិត្យពិភាក្សា កាលពីព្រឹកថ្ងៃទី២៦ ខែតុលាឆ្នាំ២០២០។

យោងរបាយការណ៍របស់គណៈកម្មាធិការអចិន្ត្រៃយ៍ បានឱ្យដឹងថា៖ក្នុងរយៈពេលបីខែនេះ ព្រឹទ្ធសភាបានប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ចំនួន០២លើក។ព្រឹទ្ធសភាបានទទួលពាក្យបណ្តឹងចំនួន ១៥ករណី ធ្វើកំណត់បង្ហាញពាក្យបណ្តឹងចំនួន៥ករណី ធ្វើលិខិតអន្តរាគមន៍ទៅក្រសួងស្ថាប័នពាក់ព័ន្ធដើម្បីដោះស្រាយចំនួន៥ករណី កំពុងពិនិត្យសិក្សាចំនួន ១៤ ករណី បានទទួលលិខិតឆ្លើយតបពីការដោះស្រាយពាក្យបណ្តឹងពីក្រសួងស្ថាប័នចំនួន ៣ករណី និងទទួលឯកសារពាក្យបណ្តឹង ដែលក្រសួងស្ថាប័នពាក់ព័ន្ធចម្លងជូនមកគណៈ-កម្មការព្រឹទ្ធសភាដើម្បីជូនជ្រាបចំនួន១៣ករណី។

គណៈកម្មការព្រឹទ្ធសភាបានប្រជុំផ្ទៃក្នុងចំនួន ២៣លើក ចុះបេសកកម្មក្នុងប្រទេសចំនួន១៦លើក ចូលរួមកិច្ចប្រជុំក្រៅប្រទេសតាមរយៈប្រព័ន្ធវីដេអូចំនួន ០៦លើក ចូលរួមសិក្ខាសាលា វេទិកា និងកិច្ចប្រជុំនានាចំនួន ១១៥លើក ទំនាក់ទំនងជាមួយនឹងស្ថាប័នជាតិ និងអន្តរជាតិចំនួន ០៦លើក ចូលរួមពិធីផ្លូវការផ្សេងៗចំនួន ២១៩លើក ព្រមទាំងចុះមូលដ្ឋានដោយឡែករៀងៗខ្លួនចំនួន ៣០២លើក។

របាយការណ៍ដដែលនេះបានឱ្យដឹងទៀតថា៖គណៈកម្មការទាំង១០ដែលជាសេនាធិការរបស់ព្រឹទ្ធសភា បានយកចិត្តទុកដាក់បំពេញការងារយ៉ាងសកម្ម ដោយបានជួបពិភាក្សាការងារជាមួយនឹងក្រសួង ស្ថាប័ននានា និងចុះតាមបណ្តាខេត្ត រាជធានី ដើម្បីតាមដានការអនុវត្តរដ្ឋធម្មនុញ្ញ ច្បាប់ និងគោលនយោបាយនានា ដែលរាជរដ្ឋា-ភិបាលបាននឹងកំពុងដាក់ឱ្យអនុវត្ត ដើម្បីលើកកម្ពស់ជីវភាពរស់នៅលើគ្រប់វិស័យរបស់ប្រជាជន ទូទាំងប្រទេស ។

ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទាំង៨ និងក្រុមសមាជិកាព្រឹទ្ធសភា បានរៀបចំវេទិកាពិគ្រោះយោបល់ថ្នាក់ខេត្ត ក្រុង ស្រុក ចំនួន០៣លើក នៅរាជធានីភ្នំពេញ ខេត្តកោះកុង និងខេត្តត្បូងឃ្មុំ ព្រមទាំងបានជួបសំណេះសំណាល និងពិភាក្សាការងារជាមួយនឹងប្រជាពលរដ្ឋ មេឃុំ ចៅសង្កាត់ ស្មៀន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ និងអាជ្ញាធរក្រុង ស្រុក នៅខេត្តព្រែវែង តាកែវ កំពត កែប បន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តសៀមរាប ។

ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភា និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានបរិច្ចាគថវិកាផ្ទាល់ខ្លួន ប្រាក់បៀវត្សផ្ទាល់ខ្លួន សម្ភារការពារ និងបានសកម្មចុះអប់រំផ្សព្វផ្សាយស្តីពី វិធានការការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ព្រមទាំងបានអញ្ជើញចុះទៅកាន់តំបន់ដែលទទួលរងគ្រោះដោយសារទឹកជំនន់ ដើម្បីជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋកំពុងជួបការលំបាក។

ព្រឹទ្ធសភាសូមសំដែងនូវការកោតសរសើរដ៏ជ្រាលជ្រៅបំផុត ចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការគ្រប់គ្រងសភាពការណ៍ និងជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងបានទាន់ពេលវេលា និងបានចាត់វិធានការចាំបាច់ប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ គ្មានការឆ្លងរីករាលដាលនៅក្នុង សហគមន៍ គ្មានករណីស្លាប់ មានតែករណីវិជ្ជមាននាំចូលតិចតួច ដែលបានទទួលការត្រួតពិនិត្យព្យាបាល ថែទាំដោយយកចិត្តទុកដាក់ពីគ្រូពេទ្យជំនាញ គ្រូពេទ្យស្ម័គ្រចិត្ត ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធប្រកបដោយស្មារតីទទួលខុសត្រូវ និងវិជ្ជាជីវៈពិតប្រាកដ។ព្រឹទ្ធសភាសូមចូលរួមគាំទ្រយ៉ាងពេញទំហឹង ចំពោះការដាក់ចេញវិធាននានា ដើម្បីជួយសង្រ្គោះអាជីវកម្ម បុគ្គលិកបម្រើការងារ ព្រមទាំងប្រជាពលរដ្ឋក្រីក្រដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ និងជំនន់ទឹកភ្លៀង។

ព្រឹទ្ធសភាសូមសម្តែងនូវការសោកស្តាយ និងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតចំពោះការបាត់បង់អាយុជីវិត និងការខូតខាតទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ដែលបង្កឡើងដោយសារ គ្រោះមហន្តរាយជំនន់ទឹកភ្លៀង៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular