ដោយៈជាសីហៈ/ភ្នំពេញៈប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជាកាលពីពេលថ្មីៗនេះបានចុះហត្ថលេខាលើការសម្រេចបង្កើតឱ្យមានក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា។
យោងទៅតាមព្រះរាជក្រឹត្យដែលបានចុះហត្ថលេខាដោយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីក្នុងព្រះបរមនាមនិងតាមព្រះរាជត្រាស់បង្គាប់បានឱ្យដឹងថាក្រុមប្រឹក្សានេះមានតួនាទីជាសេនាធិការជូនរាជរដ្ឋាភិបាលលើការអភិវឌ្ឍ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍នៅកម្ពុជា។

ក្រុមប្រឹក្សានេះក៏មានតួនាទីពិនិត្យសម្រេចនិងជំរុញការអនុវត្តគោលនយោបាយផែនការយុទ្ធសាស្ត្រផែនការមេផែនការសកម្មភាពនិងកម្មវិធីអភិវឌ្ឍន៍នានាដែលទាក់ទងនឹងវិស័យនិងបច្ចេកវិទ្យានេះក៏ដូចជាសម្របសម្រួលដឹកនាំការងារទាំងអស់ក្នុងក្របខណ្ឌអន្តរក្រសួងជាដើម។
ក្រុមប្រឹក្សាដែលទើបនឹងបង្កើតឡើងនេះនឹងដឹកនាំដោយនាយករដ្ឋមន្ត្រីក្នុងនាមជាប្រធានកិត្តិយស រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍ជាប្រធានហើយមានអនុប្រធានចំនួន ៧ រូប ។នៅក្នុងនោះមានរដ្ឋមន្ត្រីក្រសួងផែនការ,សុខាភិបាល,រ៉ែនិងថាមពល,កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ, អប់រំយុវជននិងកីឡា,ប្រៃសណីនិងទូរគមនាគមន៍និងរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ជាអនុប្រធានអចិន្ត្រៃយ៍៕S/



