កម្ពុជា រំពឹងថា សេដ្ឋកិច្ចជាតិ នឹងងើបឡើងវិញ ក្នុងរង្វង់ ៣,៥ ភាគរយ នៅឆ្នាំខាងមុខ



ដោយៈ ពៅនិមល / ភ្នំពេញៈ តាមការព្យាករទុក នៅឆ្នាំ២០២១ ខាងមុខ សេដ្ឋកិច្ចកម្ពុជា អាចនឹងងើបឡើងវិញ ក្នុងរង្វង់ ៣,៥ ភាគរយ ដែលធ្វើឱ្យផលិតផលក្នុងស្រុកសរុប (ផ.ស.ស) ថ្លៃបច្ចុប្បន្ន ស្ថិតក្នុងរង្វង់ ១១៧.៩៣៩ ពាន់លានរៀល ឬស្មើនឹងប្រមាណ ២៩.០១៣ លានដុល្លារអាម៉េរិក ខណៈដែល ផ.ស.ស សម្រាប់មនុស្សម្នាក់ ត្រូវបានរំពឹងថា នឹងកើនឡើងដល់ ១.៧៧១ ដុល្លារ។ នេះតាមការឱ្យដឹងរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

យោងតាមសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រង ឆ្នាំ ២០២១ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បង្ហាញឱ្យដឹង នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ នេះថាៈ តាមការវាយតម្លៃ ពាក់កណ្តាលឆ្នាំ កន្លងមក សេដ្ឋកិច្ចកម្ពុជា នៅឆ្នាំនេះ ត្រូវបានប៉ាន់ស្មានថា នឹងមានកំណើន ក្នុងអត្រា ១,៩ ភាគរយ ក្នុងពេលដែល ការវាយតម្លៃឡើងវិញ របស់ស្ថាប័ន ហិរញ្ញវត្ថុអន្តរជាតិធំៗ នាពេលថ្មីៗនេះ បានខិតមកកៀកនឹងកម្រិតអវិជ្ជ មាន ជាង ២ ភាគរយ។ ដោយឡែក សេដ្ឋកិច្ច នៅឆ្នាំ២០២១ វិញ នឹង ងើប ឡើងវិញ ដោយសម្រេចបានកំណើន ក្នុងរង្វង់ ៣,៥ ភាគរយដែល ធ្វើឱ្យ ផ.ស.ស ថ្លៃបច្ចុប្បន្ន ស្ថិតក្នុងរង្វង់ ១១៧.៩៣៩ ពាន់លានរៀល ស្មើនឹងប្រមាណ ២៩.០១៣ លានដុល្លារ។

ទាក់ទិននឹងការងើបឡើង នៃកំណើននេះ បានគាំទ្រដោយ ការងើបឡើងវិញ នៃវិស័យសេដ្ឋកិច្ច សំខាន់ៗ រួមមានៈ វិស័យឧស្សាហកម្ម នឹងងើបឡើងវិញ ក្នុងអត្រាកំណើន ៤,១ ភាគរយ ក្នុងឆ្នាំ២០២១ ដោយសារការរំពឹងទុក នូវការងើបឡើងវិញ ក្នុងកម្រិតទាប នៃអនុវិស័យកាត់ដេរ និងអនុវិស័យសំណង់ ខណៈដែលអនុវិស័យកម្មន្តសាល មិនមែនកាត់ដេរ ត្រូវបានរំពឹងថា នៅរក្សាបានកំណើន ល្អប្រសើរ។ ចំណែកវិស័យសេវាកម្ម ត្រូវបានព្យាករថា នឹងមានកំណើន ក្នុងអត្រាទាប ៣,៦ ភាគរយ ក្នុងឆ្នាំ២០២១ ប្រៀបធៀបនឹងកំណើនអវិជ្ជមាន ក្នុងអត្រា -៣,០ ភាគរយ ក្នុងឆ្នាំ២០២០ ដោយសារការរំពឹងទុក នៃការងើបឡើងវិញ ក្នុងកម្រិតទាប នៃសកម្មភាពសេដ្ឋកិច្ច ជាពិសេសក្នុងវិស័យទេសចរណ៍ និងការប្រើប្រាស់ក្នុងស្រុក បន្ទាប់ពីវិបត្តិកូវីដ ១៩។ ក្នុងនោះអនុវិស័យ សណ្ឋាគារ និងភោជនីយដ្ឋាន ត្រូវបានរំពឹងថា នឹងមានកំណើនវិជ្ជមានឡើងវិញ ប៉ុន្តែស្ថិតក្នុងកម្រិតទាបនៅឡើយ, ទាំងទំហំ និងអត្រាកំណើន ដោយសារការធ្លាក់ចុះលទ្ធភាព ក្នុងការធ្វើដំណើរកម្សាន្ត ហើយអនុវិស័យនេះ អាចត្រូវការ រយៈពេលពី ២ ទៅ ៣ ឆ្នាំ ដើម្បីអាចងើបទៅរកទំហំ ដែលធ្លាប់មាន មុនពេលមានវិបត្តិ ។

ដោយឡែក វិស័យកសិកម្ម សង្ឃឹមថា នឹងកើនឡើង ក្នុងអត្រា ១,៦ ភាគរយ ក្នុងឆ្នាំ២០២១ ពីកំណើន ០,៩ ភាគរយ ក្នុងឆ្នាំ២០២០ ដោយសារការកើនឡើង នៃអនុវិស័យដំណាំ អនុវិស័យចិញ្ចឹមសត្វ និងអនុវិស័យនេសាទ ។ អនុវិស័យដំណាំ ត្រូវបានព្យាករថា នឹងសម្រេចបានកំណើនខ្ពស់ ជាងឆ្នាំ២០២០ ដោយសារការរំពឹងទុក នូវកំណើនផលិតកម្មកសិកម្ម ស្របពេលដែលថ្លៃ និងតម្រូវការខាងក្រៅ មានការកើនឡើង។ ជាក់ស្តែង អនុវិស័យចិញ្ចឹមសត្វ នឹងបន្តកំណើនវិជ្ជមាន គាំទ្រដោយការរំពឹងទុក នូវកំណើនការចិញ្ចឹមសត្វ បែបពាណិជ្ជកម្ម ជាពិសេស ការចិញ្ចឹមជ្រូក ដែលជំរុញដោយភាពល្អប្រសើរ នៃថ្លៃសាច់ជ្រូក ទន្ទឹមអនុវិស័យនេសាទ ត្រូវបានព្យាករថា នឹងមានកំណើនខ្ពស់ ជាងឆ្នាំ២០២០ បន្តិច ដែលត្រូវបានជំរុញ ដោយកំណើនល្អ នៃអនុវិស័យវារីវប្បកម្ម៕/R

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

​អ្នកស្រុក​ព្រះនេត្រព្រះ ...

​ដោយៈ ភ្នំ​ស្វាយ / បន្ទាយ...

ដូនជី វ័យ​៨២​ឆ្នាំ​ម្នាក់...

​​ដោយៈ ស​រិ​ទ្ធ / បន្ទាយ​...

​សម្តេច​តេ​ជោ ហ៊ុន សែន​៖​...

ដោយៈតារារិទ្ធ/​ភ្នំពេញ​៖​...

យន្តហោះ​បំបាំងកាយ​របស់​ចិ...

​ប្រែ​សម្រួលៈ​វាសនា​/​ឡុង...