ដោយៈសុផល/ភ្នំពេញ៖ក្រសួងកិច្ចការនារីនិងក្រុមហ៊ុនកូកា-កូឡាកម្ពុជានៅរសៀល ថ្ងៃ ទី២៦ តុលា ឆ្នាំ២០២០នេះ បានចុះអនុស្សារណៈយោគយល់គ្នាស្តីពី «ភាពជាដៃគូលើការលើកកម្ពស់ភាពជាអ្នកដឹកនាំនិងការអភិវឌ្ឍសហគ្រិនភាពរបស់ស្រ្តី»នៅទីស្តីការក្រសួងកិច្ចការនារី។
នៅក្នុងពិធីចុះហត្ថលេខាភាគីទាំងពីរបានប្រកាសពីឆន្ទៈយ៉ាងច្បាស់ ក្នុងការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រីភាពជាអ្នកដឹកនាំរបស់ស្រ្តីនិងជំរុញឱ្យស្រ្តីប្រើប្រាស់សក្តានុពលរបស់ខ្លួនឱ្យអស់លទ្ធភាព ក្នុងការចូលរួមលើកស្ទួយសេដ្ឋកិច្ច-សង្គមប្រកបដោយបរិយាប័ន្ន។
អនុស្សារណៈនេះក្រសួងកិច្ចការនារីនិងក្រុមហ៊ុនកូកា-កូឡានឹងធ្វើកិច្ចសហប្រតិបត្តិការជាច្រើនលើការពង្រឹងភាពជាអ្នកដឹកនាំរបស់ស្រ្តី ដែលជាថ្នាក់ដឹកនាំ និងបង្កើនចំនួនបុគ្គលិកជាស្រ្តីក្នុងក្រុមហ៊ុនកូកា-កូឡា ដើម្បីឈានទៅសម្រេចគោលដៅ ៥០-៥០% នៅឆ្នាំត្រឹម២០២៥។អភិវឌ្ឍសហគិ្រនភាពរបស់ស្ត្រីជាពិសេសអ្នកតំណាងចែកចាយផលិតផល។រៀបចំផែនការរួម ដើម្បីផ្តល់វគ្គបណ្តុះបណ្តាល និងការគាំទ្រនានាដល់ស្រ្តី ជាម្ចាស់អាជីវកម្មខ្នាតតូច នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ។អនុវត្តគម្រោងគាំទ្រដល់អាជីវករខ្នាតតូច ជាពិសេសអ្នកលក់ដូរតាមដងផ្លូវក្នុងការបង្កើនគុណភាពចំណីអាហារ អនាម័យ និងអភិវឌ្ឍអាជីវកម្ម។

លោកស្រី ឡាវ ស្រីដែត នាយិកាផ្នែកពាណិជ្ជកម្មប្រចាំប្រទេស បានមានប្រសាសន៍ថា « នៅក្រុមហ៊ុនកូកាកូឡាកម្ពុជាយើងបានកំណត់គោលដៅជាក់លាក់នៅក្នុងចក្ខុវិស័យ២០២០-២០២៥គឺត្រូវអនុវត្តគ្រប់យុទ្ធសាស្ត្រដើម្បីឲ្យមានបុគ្គលិកជាស្ត្រី៥០%នៃចំនួនបុគ្គលិកសរុបនៅត្រឹមឆ្នាំ២០២៥។ ពិពិធភាព និងបរិយាបន្នរវាងស្ត្រី និងបុរសនៅក្នុងក្រុមហ៊ុន នឹងជំរុញឲ្យមានភាពច្នៃប្រឌិត នវានុវត្តន៍ ការជជែកគាំទ្រនៅក្នុងក្រុមហ៊ុន ក៏ដូចជាផ្សាភ្ជាប់អាជីវកម្មយើងទៅក្នុងសហគន៍ដែលយើងប្រតិបត្តិការ»។
លោកស្រីបន្តថា «ការចុះអនុស្សរណៈនាថ្ងៃនេះ មិនមែនជាចាប់ផ្តើមកិច្ចសហការលើកដំបូងរវាងក្រសួងកិច្ចការនារីនិងក្រុមហ៊ុនកូកា-កូឡានោះទេតែថ្ងៃនេះគឺសក្ខីភាពនៃការរឹតចំណងកិច្ចសហប្រតិបត្តិការរបស់ពួកយើង និងជាការបញ្ជាក់អំពីការប្តេជ្ញារបស់ក្រុមហ៊ុន ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលលើការបង្កើនភាពអង់អាចដល់ស្រ្តី»។

លោកស្រីគង់ សូរីតា អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារីបានលើកឡើងថា«សម្រាប់រាជរដ្ឋាភិបាលកម្ពុជាការលើកកម្ពស់ភាពជាអ្នកដឹកនាំនិងសហគ្រិនភាពគឺជាយុទ្ធសាស្រ្តគន្លឹះធំពីរ នៃក្របខណ្ឌការងារបង្កើនភាពអង់អាចដល់ស្រ្តីនិងក្មេងស្រីក្នុងគោលដៅដើម្បីឈានទៅលុបបំបាត់គម្លាតយេនឌ័រនៅកម្ពុជា ជាពិសេសដូចមានកំណត់នៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤,ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិនិងផែនការយុទ្ធសាស្រ្តនារីរតនៈទី៥ ឆ្នាំ២០១៩-២០២៣។ កិច្ចសហការនេះ គឺជារូបមន្តនិងសក្តានុពលថ្មីមួយទៀតក្នុងការពង្រីកដៃគូក្នុងការលើកកម្ពស់សមភាពយេនឌ័រ ជាពិសេសនៅក្នុងវិស័យសេដ្ឋកិច្ច ការអភិវឌ្ឍន៍សហគ្រិនភាព ភាពជាអ្នកដឹកនាំ និងការគាំទ្របរិយាកាសការងារសម្រាប់ស្រ្តីនៅក្នុងវិស័យឯកជន»។
កិច្ចសហប្រតិបត្តិការនេះសបញ្ជាក់ពីការសហការយ៉ាងស្អិតរមួតរវាងវិស័យសាធារណៈជាមួយនិងវិស័យឯកជនរួមចំណែកផ្តល់ការលើកកម្ពស់ភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រីរួមបញ្ចូលទាំងបណ្តុះស្មារតីជាសហគ្រិនភាពនិងភាពជាអ្នកដឹកនាំ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា៕Ph