ដោយ: លី ម៉េងហួរ៖ ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពាននៅកោះនរាក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃចន្ទ ទី២៦ ខែតុលា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចាក់សំឡេងរបស់លោក ហូរ វ៉ាន់ អតីតមន្ត្រីជាន់ខ្ពស់អតីតគណបក្សប្រឆាំងនិង ព្រមានឲ្យបញ្ឈប់សកម្មភាពរបស់ខ្លួន។
ក្នុងសំឡេង ដែលបែកធ្លាយនោះ លោក ហូរ វ៉ាន់ ដែលកំពុងរស់នៅក្រៅប្រទេស បានបញ្ជា មកក្រុមអតីតបក្សប្រឆាំង នៅកម្ពុជា ឲ្យរៀបចំការប្រមូលផ្តុំ ដោយលោក ថែមលុយឲ្យមួយ ចំនួនទៀត សម្រាប់ចាត់ចែងកម្លាំងប្រមូលផ្តុំ នៅមុខស្ថានទូតចិន នាថ្ងៃទី២៣ ខែតុលាថ្មីៗនេះ។ បាតុកម្មនោះបានលើកឡើងដោយចោទប្រកាន់ថាមានវត្តមានយោធាចិននៅកម្ពុជា។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានក្រើនរំលឹក ដោយព្រមានឲឲ្យលោក ហូរ វ៉ាន់ ដែលជា អតីតតំណាងរាស្ត្រ និងជាអតីតប្រធានគណបក្សសង្គ្រោះជាតិ ប្រចាំរាជធានីភ្នំពេញ ឲ្យបញ្ឈប់ សកម្មភាពរបស់ខ្លួន ហើយសម្តេច ក៏រំពឹងថា ភរិយារបស់លោក ហូរ វ៉ាន់ ដែលកំពុងរស់នៅ ភ្នំពេញ នឹងមិនមានអ្វី ពាក់ព័ន្ធនឹងចលនា ចែកលុយដល់ក្រុមបាតុករនោះឡើយ។
ក្រៅពីលោក ហូរ វ៉ាន់ សម្តេច ហ៊ុន សែន ក៏បានប្រកាសព្រមាន ដោយមិនចេញឈ្មោះលើមន្ត្រី ជាន់ខ្ពស់ម្នាក់ទៀតរបស់អតីតបក្សប្រឆាំង ដែលមានប្រពន្ធ ជាអ្នករកស៊ីដូរលុយ នៅភ្នំពេញ កុំឲ្យធ្វើសកម្មភាពប្រឆាំងខ្លាំងពេក នៅឯក្រៅប្រទេស។
សម្តេច បានអះអាងថា សម្តេចពិតជាធុញទ្រាន់នឹងការលើកឡើងដដែលរបស់ជនបរទេស និងខ្មែរមួយចំនួន ទាក់ទងនឹងមូលដ្ឋានកងទ័ពចិន នៅកម្ពុជា ដែលតាមពិត ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ច្រើនដងរួចមកហើយថា នៅកម្ពុជា មិនមានកងទ័ពចិន ឬក៏កងទ័ពបរទេសណា មានវត្តមាន ដាក់មូលដ្ឋានទ័ពឈរជើងទាល់តែសោះ។
កន្លងមក ហើយបើគ្រាន់តែរាប់ចាប់តែពីក្រោយការបោះឆ្នោត ឆ្នាំ២០១៣ គឺមានក្រុមសកម្មជន អតីតបក្សប្រឆាំងច្រើននាក់រួចមកហើយ បានប្រព្រឹត្តបទល្មើស ដោយមិនដឹងខ្លួន តាមការអូស ទាញ ញុះញង់របស់អតីតថ្នាក់ដឹកនាំបក្សប្រឆាំង រហូតជាប់ពន្ធនាគារក៏មាន។
មានសកម្មជនអតីតបក្សប្រឆាំង មិនតិចនាក់ទេ ដែលបានលះបង់ទាំងពេលវេលា និងទាំង លុយកាក់ ចូលរួមសកម្មភាពប្រមូលផ្តុំតវ៉ាប្រឆាំងរាជរដ្ឋាភិបាល។ ក្នុងនោះ ការប្រមូលផ្តុំតវ៉ា ប្រឆាំងនឹងលទ្ធផលបោះឆ្នោត នៅឆ្នាំ២០១៣ ក៏ត្រូវបានធ្វើឡើងរ៉ាំរ៉ៃរាប់ខែនៅទីលាន ប្រជាធិបតេយ្យ ជិតវត្តភ្នំ ក្នុងរាជធានីភ្នំពេញ ដោយមានអ្នកមកដេកហាលថ្ងៃ ហាលខ្យល់ និងហាលភ្លៀង ខណៈដែលថ្នាក់ដឹកនាំកំពូលៗរបស់បក្សប្រឆាំងដេកផ្ទះម៉ាស៊ីនត្រជាក់យ៉ាង ស្កប់ស្កល់។
មិនខុសពីលើកមុនៗឡើយ ក្នុងការជួបជុំធ្វើបាតុកម្ម ថ្ងៃ២៣តុលា កន្លងមកក៏មានចរិតដូចគ្នា ដែរ។ ប៉ុន្តែអតីតសកម្មជនបក្សប្រឆាំងកាន់តែច្រើនទៅៗ បានដឹងពីល្បិចកលនិងការបោកប្រាស់ របស់អតីតថ្នាក់ដឹកនាំកំពូលៗមួយចំនួន ដឹកនាំដោយលោកសមរង្ស៊ី គឺអ្នកនយោបាយទាំងនោះ បានរត់យកសុខ ចេញទៅក្រៅប្រទេសយូរខែឆ្នាំរួចមកហើយ។ តែនៅតែមកបញ្ជាដឹកនាំ អ្នកក្នុងស្រុក ឲ្យធ្វើនេះ ឲ្យតវ៉ានោះ។
ប៉ុន្តែទីបំផុត បើមានរឿង គឺអ្នកដែលមានបញ្ហា ត្រូវគេចាប់ចោទឃុំឃាំងនៅពន្ធនាគារ មាននរណា ក្រៅពីអ្នកនៅក្នុងស្រុក ដែលបានអនុវត្តតាមបញ្ជា និងផែនការរបស់ក្រុមអតីត មេបក្សប្រឆាំង។ រីឯក្រុមលោកសមរង្ស៊ី នៅបន្តមានសេរីភាព នៅក្រៅស្រុកជាធម្មតា។
ជាការពិត គេមិនអាចឃាត់ឃាំងអ្វី ដែលជាជំនឿរបស់មនុស្សម្នាក់ៗ បានឡើយ។ ក្នុងនោះ សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ តាមរយៈការប្រមូលផ្តុំ ឬការតវ៉ាដោយសន្តិវិធី ក៏ត្រូវបាន កំណត់ក្នុងរដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជាយើងថែមទៀត។ ឲ្យតែការតវ៉ា បញ្ចេញមតិស្រប តាមច្បាប់ គឺមិនអាចជនណាមួយ ឬមន្ត្រីគ្រប់ជាន់ថ្នាក់ រារាំង ហាមឃាត់បានទេ។
ផ្ទុយទៅវិញ បើសិនជាការប្រមូលផ្តុំ តវ៉ានោះ ប្រែជាចលនា ដើម្បីឈានទៅបង្កចលាចល បង្កអសន្តិសុខ ខូចសណ្តាប់ធ្នាប់របៀបរៀបរយ គឺជាការតវ៉ា ដែលប៉ះពាល់ដល់សិទ្ធិអ្នកដទៃ ហើយអាជ្ញាធរសមត្ថកិច្ច ដាច់ខាត ត្រូវតែអនុវត្តច្បាប់ ដើម្បីការពារផលប្រយោជន៍ និងសេចក្តី សុខរបស់ប្រជាពលរដ្ឋដទៃទៀត។ នេះគេមិនទាន់គិតដល់ការប្រមូលផ្តុំតវ៉ាដែលកន្លងមកអតីត ប្រឆាំង មានបំណងធ្វើបដិវត្តពណ៌ ឈានទៅផ្តួលរំលំរាជរដ្ឋាភិបាល ដូចការប្រមូលផ្តុំប្រឆាំង លទ្ធផលបោះឆ្នោត ឆ្នាំ២០១៣ កន្លងមកនោះឡើយ។
យ៉ាងណាក៏ដោយ មកដល់ពេលនេះ ប្រជាពលរដ្ឋយើងកាន់តែយល់ច្បាស់ពីសកម្មភាពរបស់ អតីតមេដឹកនាំបក្សប្រឆាំង ដឹកនាំដោយលោកសមរង្ស៊ី នៅក្រៅប្រទេស ព្រោះថា តាមការតវ៉ា កន្លងមក គឺមានអ្នកចូលរួម កាន់តែតិចទៅៗ។ នេះក៏ដោយសារតែគេឃើញថា នៅពេលមាន បញ្ហាពីការចូលរួមធ្វើសកម្មភាពខុសច្បាប់នោះ គឺអ្នកដែលចូលរួមធ្វើសកម្មភាពនេះឯង ដែលជាអ្នកទទួលទោសតាមច្បាប់រដ្ឋរបស់យើង។ រីឯអតីតមេបក្សប្រឆាំង នៅក្រៅស្រុក បន្តរស់នៅសុខស្រួលទេតើ!៕
