រដ្ឋបាលខេត្តកំពត ចែក កូនឈើ និងដាំដើមឈើ ក្នុងការប្រារព្ធពិធីរុក្ខទិវា ៩ កក្កដា ២០២០

ដោយៈ ទេព មង្គល / ភ្នំពេញៈ នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ ២០២០ រដ្ឋបាលខេត្តកំពត បានប្រារព្ធពិធីរុក្ខទិវា ៩កក្កដា ២០២០ ក្រោមអធិបតីភាព លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត នៅទីតាំងស្ថិតជាប់ដងផ្លូវជាតិលេខ៣ ក្នុងឃុំកំពង់គ្រែង ស្រុកទឹកឈូ ដោយមានការចូលរួមពី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអាជ្ញាធរមូលដ្ឋាន សរុបប្រមាណ ចំនួន ៣០០ នាក់ ។ នេះបើតាមប្រភពពីមន្ត្រីរដ្ឋបាល នៃសាលាខេត្តកំពត បានឱ្យដឹងនៅថ្ងៃនេះ។

ការប្រារព្ធពិធី និងការដាំដើមឈើ នាឱកាសនេះ រដ្ឋបាលខេត្តកំពត បានចែកកូនឈើ និងបានដាំដើមឈើ អមតាមដងផ្លូវជាតិលេខ៣ ភ្នំពេញ-កំពត ស្ថិតក្នុងសង្កាត់ក្រាំងអំពិល សង្កាត់កំពង់បាយ ក្រុងកំពត និងឃុំព្រៃឃ្មុំ ឃុំកំពង់គ្រែង ស្រុកទឹកឈូ ដែលមានប្រវែង ២.០០០ ម៉ែត្រ ជាប្រភេទឈើ និងកូនឈើប្រណិត សរុបមានចំនួន ៦០០ ដើម ។

នៅក្នុងឱកាសនោះ លោក ជាវ តាយ បានមានប្រសាសន៍ថាៈ បុណ្យរុក្ខទិវា ៩កក្កដា គឺជាការឆ្លុះបញ្ចាំងឲ្យឃើញ ជាក់ស្ដែង នូវការយកចិត្តទុកដាក់ ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងខិតខំអនុវត្ត យ៉ាងសកម្មនូវគោលនយោបាយជាតិ ដាំព្រៃឈើឡើងវិញ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ដោយផ្សារភ្ជាប់ការងារដាំ និងការថែរក្សា ការពារ អភិរក្សធនធានធម្មជាតិ និងការប្រើប្រាស់ព្រៃឈើ ឱ្យបានត្រឹមត្រូវ ដោយរក្សាបាន នូវការអភិវឌ្ឍ ប្រកបដោយនិរន្តរភាព។

លោកអភិបាលខេត្ត បានចាត់ទុក ការស្រឡាញ់ព្រៃឈើ ការចូលរួមដាំដុះ និងបង្កើតបានព្រៃឈើ ស្រស់បំព្រង គឺជាប្រយោជន៍យ៉ាងសំខាន់ សម្រាប់ទ្រទ្រង់ សេដ្ឋកិច្ចជាតិ ធ្វើឱ្យមានលំនឹងផ្នែកបរិស្ថាន មិនតែប៉ុណ្ណោះ ព្រៃឈើ ជាប្រភពស្រូបទាញទឹកភ្លៀង ទប់ស្កាត់ទឹកជំនន់ ខ្យល់ព្យុះ ការហូរច្រោះដី ពិសេសវា ក៏ជាលក្ខខណ្ឌចាំបាច់ សម្រាប់បម្រើឲ្យវិស័យកសិកម្ម ទៀតផង។

ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានអំពាវនាវ ដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋាន ត្រូវបង្កើនស្មារតីចូលរួម អនុវត្តគោលនយោបាយ ដាំដើមឈើឡើងវិញ របស់រាជរដ្ឋាភិបាល ដើម្បីធ្វើឲ្យប្រសើរឡើង នូវជីវភាពរស់នៅប្រចាំថ្ងៃ របស់យើងទាំងអស់គ្នា ថែមទៀត។ ពិសេសមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខណ្ឌរដ្ឋបាលព្រៃឈើកំពត ត្រូវសហការជាមួយ អាជ្ញាធរមូលដ្ឋាន ព្រមទាំងបងប្អូន ប្រជាពលរដ្ឋទាំងអស់ បន្តដាំដើមឈើ នៅឆ្នាំបន្តបន្ទាប់ គ្រប់ទីកន្លែងទាំងអស់ ក្នុងខេត្ត ដើម្បីបង្កើតបាននូវពណ៌បៃតង និងផ្កាគ្រប់ពណ៌ សម្រាប់លម្អសោភ័ណភាព ជាពិសេសនៅក្រុងកំពត ហើយត្រូវយកចិត្តទុកដាក់ ជួយថែរក្សាការពារ កូនឈើទាំងអស់នោះ ឱ្យបានដុះលូតលាស់ គង់វង្សល្អ៕/R

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular