ដោយ : ផាត ចាន់សុនិតា/ភ្នំពេញៈសហរដ្ឋអាម៉េរិក គឺជាប្រទេសដំបូងបង្អស់រួមជាមួយ នឹងរាជរដ្ឋាភិបាលកម្ពុជា ផ្តួចផ្តើមនិងគាំទ្រសាកលវិទ្យាល័យយ៉ែល (Yale University) ឲ្យមានការបង្កើតមជ្ឈមណ្ឌលឯកសារកម្ពុជាតាំងពីខែមករា ឆ្នាំ១៩៩៥ មកម្ល៉េះ ដើម្បីស្រាវជ្រាវ និងចងក្រងឯកសារពីសម័យខ្មែរក្រហម(១៩៧៥-១៩៧៩) ក្នុងបុព្វហេតុយុត្តិធម៌ និងការចងចាំដែលជាមូលដ្ឋានដ៏សំខាន់សម្រាប់ការផ្សះផ្សានិងថែរក្សាសន្តិភាពនៅកម្ពុជា។ចាប់តាំងពីដំបូងមកទល់សព្វថ្ងៃនេះសហរដ្ឋអាមេរិកនិងបណ្តាប្រទេសដទៃទៀតនៅទ្វីបអឺរ៉ុបរួមទាំងអង្គការសហប្រជាជាតិ(អ។ស។ប)បានផ្តល់ថវិកាជាបន្តបន្ទាប់គាំទ្រការងាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជា។

លោកឆាំងយុដែលជាស្ថាបនិកមជ្ឈមណ្ឌលឯកសារកម្ពុជាបានមានប្រសាសន៍ថារាជរដ្ឋាភិបាលកម្ពុជាគឺជាអ្នកគាំទ្រយ៉ាងសំខាន់បំផុតនៅក្នុងដំណើរការស្រាវជ្រាវដ៏ស្មុគស្មាញមួយនេះ ជាពិសេសក្រសួងមហាផ្ទៃ និងលោកស្រី និន សាផុន ដែលត្រូវបានចាត់តាំងសហការដោយសម្តេចតេជោនិងបច្ចុប្បន្នគឺជាសមាជិកសភាជាតិតែងតែផ្តល់ការគាំទ្រដល់មជ្ឈមណ្ឌលឯកសារកម្ពុជាគ្រប់រូបភាពដោយវិជ្ជមាន និងឥតស្រាកស្រាន្តសោះឡើយ។
មជ្ឈមណ្ឌលឯកសារកម្ពុជាបានបង្កើតឲ្យមាន “បណ្ណាល័យសម្តេចម៉ែ” ស្ថិតនៅក្នុងទីក្រុងភ្នំពេញដើម្បីថ្វាយព្រះរាជកិត្តិយសជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតជូនសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ដែលបានខិតខំប្រឹងប្រែងដើម្បីសម្តេច ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ អតីតព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ប្រទេសជាតិកម្ពុជា និងប្រជាជនកម្ពុជា។

ថ្ងៃនេះ(២៦តុលាឆ្នាំ២០២០)លោកឯកអគ្គរដ្ឋទូត ផាទ្រីក មូហ្វី និងភរិយាបានអញ្ជើញធ្វើទស្សនកិច្ចមកកាន់ “បណ្ណាល័យសម្តេចម៉”។ លោកបានស្នើសុំឲ្យមានទស្សនកិច្ចជាលើកទី២សម្រាប់បុគ្គលិកស្ថានទូតទាំងអស់នៅពេលក្រោយទៀត។ លោក ផាទ្រីក ធ្លាប់បានមានប្រសាសន៍នៅមជ្ឈមណ្ឌលសន្តិភាពអន្លង់វែងរបស់មជ្ឈមណ្ឌលឯកសារកម្ពុជាក្នុងខេត្តឧត្តរមានជ័យ ដូចខាងក្រោមនេះថា៖ “សហរដ្ឋអាមេរិក គឺមានសេចក្តីសោមនស្សយ៉ាងក្រៃលែងជាដៃគូនិងជាអ្នកគាំទ្រ មជ្ឈមណ្ឌលឯកសារកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងចងក្រងប្រវត្តិសាស្ត្រកម្ពុជា ថ្វីបើទំព័រប្រវត្តិសាស្ត្រនេះមានភាពស្មុគស្មាញយ៉ាងណាក្តីព្រមទាំងបង្កើតការយល់ដឹងអំពីព្រឹត្តិការណ៍ដែលកើតមាននៅក្នុងអតីតកាល មិនឲ្យកើតមានឡើងសាជាថ្មីម្តងទៀត ជាពិសេស បន្តខិតខំប្រឹងប្រែងដើម្បីឈានទៅសម្រេចបាននូវសន្តិភាព និងការផ្សះផ្សា ក្នុងចំណោមប្រជាជន។ សហរដ្ឋអមេរិក មានទិសដៅស្របគ្នាជាមួយនឹងកិច្ចខិតខំប្រឹងប្រែងនេះ”។
ដំណើរទស្សនកិច្ច ចាប់ផ្តើមដោយការរៀបរាប់យ៉ាងពិស្តារអំពីពិព័រណ៍នៃព្រះឆាយាល័ក្ខណ៍របស់សម្តេចព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាជាតិខ្មែរ, សម្តេចព្រះវររាជមាតាជាតិខ្មែរ និងរាជវង្សានុវង្ស ផ្តល់ដោយបណ្ឌិត ហូលីយ៉ូ អេ. ជែលដ្រេស អតីតអ្នកសរសេរព្រះរាជជីវប្រវត្តិរបស់សម្តេចព្រះបរមរតនកោដ្អមជាមួយនឹងភ្លេងដែលជាព្រះរាជនិពន្ធរបស់សម្តេចព្រះបរមរតនកោដ្ឋ។

លោក ឆាំង យុ បានបង្ហាញដល់លោកឯកអគ្គរដ្ឋទូត និងភរិយានូវបណ្ណាល័យ ជាពិសេសគឺបណ្ណសារសោតទស្សន៍ ។ ឯកសារជាសំឡេងតម្កល់នៅបណ្ណាល័យសម្តេចម៉ែរួមមានបទសម្ភាសន៍ជាមួយអ្នករស់រានមានជីវិត ដែលក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជា និងអ្នកសិក្សាស្រាវជ្រាវដទៃទៀតនៅជុំវិញពិភពលោក បានទៅជួបសម្ភាសន៍ក្នុងរយៈកាល៤០ឆ្នាំកន្លងមកនេះ។យ៉ាងណាមិញនៅមានអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមយ៉ាងហោចណាស់បួនលាននាក់ទៀតមិនទាន់ត្រូវបានជួបសម្ភាសន៍និងចងក្រងប្រវត្តិសាច់រឿងជីវិតពីសម័យខ្មែរក្រហមនៅឡើយទេ។
លោក ឆាំង យុ បានរៀបរាប់យ៉ាងលម្អិតអំពីសាវតា និងអត្ថន័យនៃប្លង់រចនារបស់អគារវិទ្យាស្ថានស្លឹករឹតរបស់លោកស្រី ហ្សាហា ហាឌីដ ដែលជាស្ថាបត្យករស្ត្រីដ៏ល្បីល្បាញ និងកម្រមួយរូប។ លោកស្រី សូ ហ្វារីណា បានបង្ហាញអំពីទីតាំងស្រាវជ្រាវ, មជ្ឈមណ្ឌលស្រាវជ្រាវ និងបណ្ណាល័យខ្មែរក្រហមនៅតាមបណ្តាខេត្តទាំង១០ ដែលគឺជាផ្នែកមួយនៃគម្រោងអប់រំអំពីរបបកម្ពុជាប្រជាធិបតេយ្យ នៃគម្រោងសំណងតាមផ្លូវតុលាការ នៅក្នុងក្របខណ្ឌនៃសំណុំរឿង០០២ របស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា កាលពីឆ្នាំ២០១៣។

លោកឯកអគ្គរដ្ឋទូត និងក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជា បានពិភាក្សាលើប្រធានបទមួយចំនួនស្តីអំពី ទីមួយ. បញ្ហាសង្គមកិច្ច សុខភាពជនរងគ្រោះពីសម័យខ្មែរក្រហមនៅក្នុងរយៈកាលនៃជំងឺកូវីដ១៩ និងគ្រោះទឹកជំនន់ ទីពីរ. ការប្រមែប្រមូលបទសម្ភាសន៍ពីអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលនៅសេសសល់ប្រមាណបួនលាននាក់ផ្សេងទៀត ទីបី.កិច្ចពិភាក្សាបានផ្តោតលើការអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រអន្លង់វែងដែលជាទីតាំងតស៊ូចុងក្រោយរបស់ខ្មែរក្រហមដើម្បីបង្កើនសក្តានុពលវិស័យទេសចរណ៍និងសេដ្ឋកិច្ចនៅក្នុងតំបន់ ព្រមទាំងថែរក្សាតំបន់ប្រវត្តិសាស្ត្រសំខាន់ៗនៅក្នុងទីតាំងនេះ ឲ្យប្រកបដោយភាពឋិតថេរចីរកាលសម្រាប់មនុស្សជំនាន់ក្រោនិងបួន.ការងារអប់រំដែលក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជាបានអនុវត្ត។គួររំឭកថាចាប់តាំងពីឆ្នាំ២០០៧ក្រោមជំនួយឧបត្ថម្ភដ៏សប្បុរសពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ មកទល់ពេលបច្ចុប្បន្នមជ្ឈមណ្ឌលឯកសារកម្ពុជា សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា បានបោះពុម្ព និងចែកចាយសៀវភៅ “ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩)” និពន្ធដោយ ឌី ខាំបូលី និងក្រុមការងារចំនួនមួយលានក្បាលជូនអនុវិទ្យាល័យជាង១៧០០ ដែលភាគច្រើនស្ថិតនៅតំបន់ជនបទដាច់ស្រយាល។

លោក ឆាំង យុ បានលើកឡើងអំពីការរៀបចំ ការបោះពុម្ព និងការចែកចាយសៀវភៅណែនាំសម្រាប់គ្រូបង្រៀន និងសៀវភៅលំហាត់ព្រមជាមួយនឹងសៀវភៅសិក្សាសម្រាប់សិស្ស។ ទន្ទឹមនឹងនេះ គម្រោងអប់រំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជសម្រេចបានលទ្ធផលក្នុងការរៀបចំវេទិកាអប់រំសាធារណៈតាមវិទ្យាល័យចំនួន៩៥០ និងបានរៀបចំសិក្ខាសាលានៅតាមសាកលវិទ្យាល័យជាង២០០ នៅទូទាំងប្រទេសកម្ពុជា។ បន្ថែមលើសពីនេះទៅទៀត មជ្ឈមណ្ឌលឯកសារកម្ពុជា បានបង្កើតនូវកម្មវិធីសិក្សាអប់រំ និងវគ្គបណ្តុះបណ្តាលគ្រូបង្រៀនជាង៥០០០នាក់ ទៅលើផ្នែកប្រវត្តិសាស្ត្រ អក្សរសាស្ត្រ ភូមិវិទ្យា និងសីលធម៌ ស្តីអំពីខ្លឹមសារ និងវិធីសាស្ត្របង្រៀនប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ។ កម្មវិធីអប់រំពីអំពើប្រល័យពូជសាសន៍នេះបន្តនៅគ្រប់ការិយាល័យមូលដ្ឋានទាំង១០របស់មជ្ឈមណ្ឌលឯកសារកម្ពុជា។

លោកឯកអគ្គរដ្ឋទូតផាទ្រីកមូហ្វីតំណាងឲ្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាបានចារចំណារអនុស្សារីយ៍លើសៀវភៅក្រាំងមាសរបស់ “បណ្ណាល័យសម្តេចម៉ែ” ដែលមានខ្លឹមសារដូចតទៅ៖
“នេះគឺជាកិត្តិយសដ៏អស្ចារ្យក្នុងដំណើរទស្សនកិច្ចមកកាន់ “អ្នកជិតខាង” របស់ខ្ញុំ គឺ មជ្ឈមណ្ឌលឯកសារកម្ពុជា និងទស្សនាបណ្ណាល័យសម្តេចម៉ែថ្មីមួយប្រកបដោយសោភ័ណភាពព្រមទាំងបានមើលឃើញបរិក្ខារតម្កល់ទុកនិងវិភាគឯកសារសំខាន់ៗ ដែលរក្សាការចងចាំអំពីប្រវត្តិសាស្ត្រដ៏ស្មុគស្មាញរបស់ប្រទេសកម្ពុជា។ បណ្ណសារដែលតម្កល់ទុកនេះ បានរៀបចំយ៉ាងល្អប្រសើរ ដែលនឹងដើរតួនាទីជាធនធានស្រាវជ្រាវយ៉ាងសំខាន់សម្រាប់មនុស្សជំនាន់ក្រោយ។ សហរដ្ឋអាមេរិក មានសេចក្តីរីករាយក្នុងការគាំទ្រកិច្ចខិតខំប្រឹងប្រែងនេះ។ សូមអបអរសាទរដល់អ្នក និងថ្វាយអំណរសាទរទូលដល់សម្តេចម៉ែ។ – ផាទ្រីក មូហ្វី ឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា”៕សរន





