​សង្ក្រាន្ត​ព្រៃវែង​មាន​ពលរដ្ឋ​ជាង​ពីរ​សែន​នាក់​ចូលរួម​រីករាយ​

2489
ចែករម្លែក
សង្រ្កាន្តព្រៃវែង

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​តាម​របាយការណ៍​សំយោគ​មួយ​ដែល​បង្ហាញ​អំពី​ស្ថិតិ​អ្នក​ដើរលេង​កម្សាន្ត​ព្រឹត្តិការណ៍​សង្ក្រាន្ត​តាម​រាជធានី​ខេត្ត​ឲ្យ​ដឹងថា ក្នុង​ព្រឹត្តិការណ៍​សង្ក្រាន្ត​ព្រៃវែង ឆ្នាំ​២០១៨ ពីថ្ងៃ​ទី​១២ ដល់​ថ្ងៃទី​១៦ ខែ​មេសា មាន​ប្រជាពលរដ្ឋ​ចូលរួម​ទស្សនា​និង​ចូលរួម​កម្សាន្ត​ចំនួន​២២០.០០០​ម៉ឺន​នាក់ ។​នេះ​ជា​ប្រវត្តិសាស្ត្រ នៃ​ទឹកដី​ខេត្តព្រៃវែង ។

​ប្រជាពលរដ្ឋ​ទាំង​២២​ម៉ឺន​នាក់​ពិតជា​ទទួលបាន​នូវ​ភាពសប្បាយ​ខ្លាំង​ចងចាំ​និង​ដិត​ជាប់​ក្នុង​ចិត្ត​គ្រប់ៗ​គ្នា​មិន​អាច​បំភ្លេចបាន​ចំពោះ​កម្មវិធី​ប្លែកៗ​ដូចជា​របាំ​,​ល្បែង​ប្រជាប្រិយ​,​ប្រឡង​ចំរៀង​,​ប្រឡង​ស្រី​ស្រស់​ប្រុស​ស្អាត​, ប្រឡង​បវរកញ្ញា​វ័យ​ចំណាស់​, លេង​ទឹក​នៅ​តំបន់​ត្រជាក់ចិត្ត​, ប្រកួត​រើស​ស្តេច​អុក​,​ដង្ហែ​ព្យុះ​យាត្រា​តំណាង​មន្ទីរ វិស័យ និង ស្រុក ក្រុង​ទាំង ១៣ ការតាំងពិព័រណ៍​ខ្មែរ​គ្រប់​ប្រភេទ ,​ការតាំង​លក់​នំចំណី​ខ្មែរ​កាលសម័យ​ទសវត្សរ៍​ទី​៨០ ,​ការបង្ហាញ​ក្បាច់គុន​ល្បុក្កតោ ,​ចាប៉ី ,​អា​យ៉ៃ​, ល្ខោនខោល​, ល្ខោនស្បែក​ធំ​, ល្ខោនបាសាក់​, កំប្លែង និង​ការប្រគុំ​តន្ត្រី​អមដោយ​តារាចំរៀង និង​តារា ភាពយន្ត​ល្បីៗ​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​។

​អ្វីដែល​កាន់តែ​អស្ចារ្យ​ទៅទៀត គេ​សង្កេតឃើញ​វត្តមាន​លោក ជា សុមេធា អភិបាលខេត្ត​ព្រៃវែង លោក ស សុខា តំណាងរាស្ត្រ​មណ្ឌល​ព្រៃវែង​ព្រមទាំង​មន្ត្រី នានា​ជុំវិញ​ខេត្ត អាជ្ញាធរខេត្ត ស្រុក បាន​អញ្ជើញ​ចូលរួម​សប្បាយ​នៅ​គ្រប់ពេល​នៃ​សង្ក្រាន្ត​ព្រៃវែង ដែល​ប្រព្រឹត្តិ​ទៅ​ក្រោម​ម្លប់​នៃ​សន្តិភាពពលរដ្ឋ​ដើរ​កម្សាន្ត​សប្បាយ​ប្រកបដោយ​សុខ​សុវត្ថិភាព​ក្រោម​ការពារ​និង​រៀបចំ​សណ្តាប់ធ្នាប់​យ៉ាង​យកចិត្តទុកដាក់​បំផុត​ពី​សំណាក់​កង​កម្លាំង​គ្រប់​ប្រភេទ ពុំ​មានរឿង​អាក្រក់​ណាមួយ​កើតឡើង​ឡើយ​៕​មន​

ទីតាំងផ្សាយពាណិជ្ជកម្ម