ដោយៈ ទេព មង្គល / ភ្នំពេញៈ លោក សេង ទៀក នាយកអង្គការ WWF កម្ពុជា បានអះអាងឱ្យដឹងថា ក្នុងឆ្នាំ២០២០ ចំនួនសត្វផ្សោត មានប្រហែល ៨៩ ក្បាល ប្រហាក់ប្រហែលទៅនឹងចំនួន ដែលមាននៅក្នុងឆ្នាំ២០១៧ ។ លោកបានអះអាងបែបនេះ នៅក្នុងសិក្ខាសាលាថ្នាក់ខេត្ត នៅថ្ងៃទី២៦ ខែតុលាឆ្នាំ២០២០នៅសាលមហោស្រពខេត្តក្រចេះស្តីពីការគ្រប់គ្រងនិងការការពារសត្វផ្សោតទន្លេមេគង្គ ក្រោមអធីបតីភាព លោក ស្រ៊ុន លឹមសុង អគ្គលេខាធិការរង នៃរដ្ឋបាលជលផល លោក គង់ គឹមនី អភិបាលរងខេត្តក្រចេះ។

នៅក្នុងសិក្ខាសាលា ដែលធ្វើឡើង ក្នុងគោលបំណង ដើម្បីរួមគ្នាដោះស្រាយ និងផ្សព្វផ្សាយ អំពីលទ្ធផល ក៏ដូចជា បញ្ហាប្រឈម របស់សត្វផ្សោត ដែលរស់នៅទន្លេមេគង្គនោះ លោកនាយកអង្គការ WWF កម្ពុជា បានឲ្យដឹងថាៈ លទ្ធផលជំរឿនសត្វផ្សោត ក្នុងឆ្នាំ២០១៧ យើងមានផ្សោត ប្រមាណ ៩២ ក្បាល ចំនួននេះ គឺមានការកើនឡើង ១៥% លើកដំបូង ក្នុងរយៈពេលជាង ២០ ឆ្នាំចុងក្រោយ នៃការអភិរក្ស បើធៀបនឹងតួលេខជំរឿន ក្នុងឆ្នាំ២០១៥ ដែលមានត្រឹម ៨០ ក្បាលប៉ុណ្ណោះ។

លទ្ធផលជំរឿនសត្វផ្សោត ក្នុងឆ្នាំ២០២០ ដែលទើបតែបានផ្សព្វផ្សាយ ជាផ្លូវការ ដោយរដ្ឋបាលជលផលថ្នាក់ជាតិ នៅសប្តាហ៍កន្លងទៅនេះ បានឲ្យដឹងថា ចំនួនសត្វផ្សោត សរុបរបស់យើង ក្នុងឆ្នាំ២០២០នេះ មានប្រហាក់ប្រហែលគ្នា ទៅនឹងចំនួនសត្វផ្សោត ដែលមាននៅក្នុងឆ្នាំ២០១៧ ដែរ គឺចំនួនរបស់វាមានប្រហែល ៨៩ ក្បាល។

យោងតាមលទ្ធផលជំរឿនផ្សោត ក្នុងឆ្នាំ២០២០នេះ លោកបានបញ្ជាក់ថាៈ សត្វផ្សោតយើង មានចំនួនថេរ ក្នុងរយៈពេល ៣ ឆ្នាំ កន្លងមកនេះ ចំនួនថេរនេះ គឺជាសញ្ញាវិជ្ជមាន មានន័យថា អត្រាថយចុះរបស់ផ្សោត ចាប់តាំងពីឆ្នាំ២០១៥ ។រហូតមកដល់បច្ចុប្បន្ន គឺស្ថិតនៅក្នុងស្ថានភាពមួយ ដែលយើងអាច គ្រប់គ្រងបាន តាមការវិភាគអត្រាកំណើន ប្រចាំឆ្នាំ ជាមធ្យម ប្រហែល ២,១២% ។
ក្នុងរយៈពេល ៣ ឆ្នាំកន្លងមកហើយ អត្រាកូនផ្សោត រស់ដល់វ័យបន្តពូជ មានរហូតដល់ ៤,២២% ដែលជាអត្រាមួយខ្ពស់ល្អ មិនធ្លាប់មានពីមុន បើធៀបក្នុងចន្លោះឆ្នាំ២០០៧ ដល់២០១៣ អត្រាកូនផ្សោតរស់ ដល់វ័យបន្តពូជមានត្រឹម តែ ០,០០៣% ប៉ុណ្ណោះ។

លោកបានបញ្ជាក់ទៀតថាៈ តែទោះជាយ៉ាងណា ចំនួនសត្វផ្សោត ដែលរស់នៅសេសសល់ តិចជាង ១០០ ក្បាល នេះគឺស្ថិតនៅជាការព្រួយបារម្ភ សម្រាប់អ្នកជំនាញ និងអ្នកអភិរក្ស។ ជាងនេះទៅទៀត ការមិនបានអង្កេតឃើញ វត្តមានផ្សោត ចំនួន ២៥ ក្បាល ក្នុងឆ្នាំ២០២០ តែបានកត់ត្រា ក្នុងឆ្នាំ២០១៧ នៅក្នុងអន្លង់ទាំង ៦ ដែលពួកវាធ្លាប់រស់នៅ។ គឺជាការបារម្ភថ្មីមួយទៀត ពីមូលហេតុ នៃការធ្វើបម្លាស់ទីរបស់ពួកវា តាមលទ្ធផល នៃការសិក្សាឆ្នាំ២០២០ នេះ។ សត្វផ្សោត ដែលរស់នៅក្នុងអន្លង់ តែ ៣ សំខាន់ៗប៉ុណ្ណោះ រួមមានៈ អន្លង់កាំពី អន្លង់កាងកូនសត្វ និងអន្លង់ឈើទាល។

លោកបានបន្តទៀតថាៈ បញ្ហាប្រឈមមួយចំនួន ចំពោះសត្វផ្សោត គឺនៅតែបន្តមាននៅឡើយ រួមមាន ការដាក់មួយខុសច្បាប់ការប្រើប្រាស់ឧបករណ៍ឆក់ការបំពុលការនេសាទហួសកំរិតការប្រែប្រួលលំហូរទឹកការសាងសង់ទំនប់វារីអគ្គិសនីនៅទន្លេមេនិងការប្រែប្រួលអាកាសធាតុជាដើម៕S/