ក្នុងឆ្នាំ២០២០ ចំនួនសត្វផ្សោត មានប្រហែល ៨៩ ក្បាល ប្រហាក់ប្រហែលទៅនឹងចំនួន ដែលមាននៅក្នុងឆ្នាំ២០១៧

ដោយៈ ទេព មង្គល / ភ្នំពេញៈ លោក សេង ទៀក នាយកអង្គការ WWF កម្ពុជា បានអះអាងឱ្យដឹងថា ក្នុងឆ្នាំ២០២០ ចំនួនសត្វផ្សោត មានប្រហែល ៨៩ ក្បាល ប្រហាក់ប្រហែលទៅនឹងចំនួន ដែលមាននៅក្នុងឆ្នាំ២០១៧ ។ លោកបានអះអាងបែបនេះ នៅក្នុងសិក្ខាសាលាថ្នាក់ខេត្ត នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ នៅសាលមហោស្រពខេត្តក្រចេះ ស្តីពីការគ្រប់គ្រង និងការការពារសត្វផ្សោតទន្លេមេគង្គ ក្រោមអធីបតីភាព លោក ស្រ៊ុន លឹមសុង អគ្គលេខាធិការរង នៃរដ្ឋបាលជលផល លោក គង់ គឹមនី អភិបាលរងខេត្តក្រចេះ។

លោក សេង ទៀក នាយកអង្គការ WWF កម្ពុជា (រូប: ដ្ឋបាលខេត្តក្រចេះ)

នៅក្នុងសិក្ខាសាលា ដែលធ្វើឡើង ក្នុងគោលបំណង ដើម្បីរួមគ្នាដោះស្រាយ និងផ្សព្វផ្សាយ អំពីលទ្ធផល ក៏ដូចជា បញ្ហាប្រឈម របស់សត្វផ្សោត ដែលរស់នៅទន្លេមេគង្គនោះ លោកនាយកអង្គការ WWF កម្ពុជា បានឲ្យដឹងថាៈ លទ្ធផលជំរឿនសត្វផ្សោត ក្នុងឆ្នាំ២០១៧ យើងមានផ្សោត ប្រមាណ ៩២ ក្បាល ចំនួននេះ គឺមានការកើនឡើង ១៥% លើកដំបូង ក្នុងរយៈពេលជាង ២០ ឆ្នាំចុងក្រោយ នៃការអភិរក្ស បើធៀបនឹងតួលេខជំរឿន ក្នុងឆ្នាំ២០១៥ ដែលមានត្រឹម ៨០ ក្បាលប៉ុណ្ណោះ លទ្ធ ផលជំរឿនសត្វផ្សោត ក្នុងឆ្នាំ២០២០ ដែលទើបតែបានផ្សព្វផ្សាយ ជាផ្លូវការ ដោយរដ្ឋបាលជលផលថ្នាក់ជាតិ នៅសប្តាហ៍កន្លងទៅនេះ បានឲ្យដឹងថា ចំនួនសត្វផ្សោត សរុបរបស់យើង ក្នុងឆ្នាំ២០២០នេះ មានប្រហាក់ប្រហែលគ្នា ទៅនឹងចំនួនសត្វផ្សោត ដែលមាននៅក្នុងឆ្នាំ ២០១៧ ដែរ គឺចំនួនរបស់វាមានប្រហែល ៨៩ ក្បាល។

ក្នុងឆ្នាំ២០២០ ចំនួនសត្វផ្សោត មានប្រហែល ៨៩ ក្បាល (រូប: រដ្ឋបាលខេត្តក្រចេះ)

យោងតាមលទ្ធផលជំរឿនផ្សោត ក្នុងឆ្នាំ២០២០នេះ លោកបានបញ្ជាក់ថាៈ សត្វផ្សោតយើង មានចំនួនថេរ ក្នុងរយៈពេល ៣ ឆ្នាំ កន្លងមកនេះ ចំនួនថេរនេះ គឺជាសញ្ញាវិជ្ជមាន មានន័យថា អត្រាថយចុះរបស់ផ្សោត ចាប់តាំងពីឆ្នាំ២០១៥ រហូតមកដល់បច្ចុប្បន្ន គឺស្ថិតនៅក្នុងស្ថានភាពមួយ ដែលយើងអាច គ្រប់គ្រងបាន តាមការវិភាគអត្រាកំណើន ប្រចាំឆ្នាំ ជាមធ្យម ប្រហែល ២,១២% ក្នុងរយៈពេល ៣ ឆ្នាំកន្លងមកហើយ អត្រាកូនផ្សោត រស់ដល់វ័យបន្តពូជ មានរហូតដល់ ៤,២២% ដែលជាអត្រាមួយខ្ពស់ល្អ មិនធ្លាប់មានពីមុន បើធៀបក្នុងចន្លោះឆ្នាំ២០០៧ ដល់២០១៣ អត្រាកូនផ្សោតរស់ ដល់វ័យបន្តពូជមានត្រឹម តែ ០,០០៣% ប៉ុណ្ណោះ។

ក្នុងឆ្នាំ២០២០ ចំនួនសត្វផ្សោត មានប្រហែល ៨៩ ក្បាល (រូប: រដ្ឋបាលខេត្តក្រចេះ)

លោកបានបញ្ជាក់ទៀតថាៈ តែទោះជាយ៉ាងណា ចំនួនសត្វផ្សោត ដែលរស់នៅសេសសល់ តិចជាង ១០០ ក្បាល នេះគឺស្ថិតនៅជាការព្រួយបារម្ភ សម្រាប់អ្នកជំនាញ និងអ្នកអភិរក្ស។ ជាងនេះទៅទៀត ការមិនបានអង្កេតឃើញ វត្តមានផ្សោត ចំនួន ២៥ ក្បាល ក្នុងឆ្នាំ២០២០ តែបានកត់ត្រា ក្នុងឆ្នាំ២០១៧ នៅក្នុងអន្លង់ទាំង ៦ ដែលពួកវាធ្លាប់រស់នៅ គឺជាការបារម្ភថ្មីមួយទៀត ពីមូលហេតុ នៃការធ្វើបម្លាស់ទីរបស់ពួកវា តាមលទ្ធផល នៃការសិក្សាឆ្នាំ២០២០ នេះ។ សត្វផ្សោត ដែលរស់នៅក្នុងអន្លង់ តែ ៣ សំខាន់ៗប៉ុណ្ណោះ រួមមានៈ អន្លង់កាំពី អន្លង់កាងកូនសត្វ និងអន្លង់ឈើទាល។

ក្នុងឆ្នាំ២០២០ ចំនួនសត្វផ្សោត មានប្រហែល ៨៩ ក្បាល (រូប: រដ្ឋបាលខេត្តក្រចេះ)

លោកបានបន្តទៀតថាៈ បញ្ហាប្រឈមមួយចំនួន ចំពោះសត្វផ្សោត គឺនៅតែបន្តមាននៅឡើយ រួមមាន ការដាក់មួយខុសច្បាប់ ការប្រើប្រាស់ឧបករណ៍ឆក់ ការបំពុល ការនេសាទហួសកំរិត ការប្រែប្រួលលំហូរទឹក ការសាងសង់ទំនប់វារីអគ្គិសនី នៅទន្លេមេ និងការប្រែប្រួលអាកាសធាតុជាដើម៕/R

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សមាគមគ្រូពេទ្យស្ម័គ្រចិត្...

   ដោយ:មុនីរ័ត្ន/ភ្នំពេញ:...

មេបញ្ជាការកងទ័ពជើងគោកឧបត្...

ដោយ: មុនីរ័ត្ន,សុខុម/ភ្...

រកឃើញអ្នកប៉ះពាល់ផ្ទាល់និង...

ដោយ:មុនីរ៍ត្ន/ភ្នំពេញៈ ...

មេ​តំ​ហ្វេ​តា​មីន ៣០ កញ្ច...

​ដោយៈ ទេព មង្គល​- គ្រញូង ...