ប្រែសម្រួល : កញ្ញាដាលីស/ប៉េកាំង ៖ ចិនបានរឹតបន្តឹងច្បាប់លើប្រព័ន្ធផ្សព្វផ្សាយរបស់អាម៉េរិកមួយចំនួនកាលពីថ្ងៃចន្ទ ទី២៦ តុលា ក្នុងវិធានការមួយ ដែលខ្លួននិយាយថា “ចាំបាច់និងតបតទៅវិញ” បន្ទាប់ពីអ្នកកាសែតចិននៅអាម៉េរិករងការរឹតត្បិតដែរ។
ប្រទេសសេដ្ឋកិច្ចធំជាងគេទាំង ២ នៅលើពិភពលោក ដែលទាស់ទែងគ្នាជុំវិញបញ្ហាជាច្រើនចាប់ពីពាណិជ្ជកម្មនិងបច្ចេកវិជ្ជារហូតដល់សិទ្ធិមនុស្ស បានរឹតត្បិតទិដ្ឋាការសម្រាប់អ្នកយកព័ត៌មានរបស់គ្នាទៅវិញទៅមក ស្របពេលដែលចិនបានបណ្តេញអ្នកសារព័ត៌មានចេញ។
បន្ទាប់ពីសហរដ្ឋអាម៉េរិកបានប្រកាសថាបណ្តាញផ្សព្វផ្សាយចិនជាច្រើនទៀតជា “បេសកកម្មបរទេស” រដ្ឋាភិបាលក្រុងប៉េកាំងកាលពីល្ងាចថ្ងៃចន្ទបានទាមទារឱ្យក្រុមសារព័ត៌មានអាម៉េរិកចំនួន ៦ រាយការណ៍ទៅរដ្ឋាភិបាលអំពីបុគ្គលិកហិរញ្ញវត្ថុនិងអចលនទ្រព្យរបស់ពួកគេ។
ក្រុមទាំងនោះរួមបញ្ចូលផងដែរនូវកាសែត LA Times, Newsweek និងទូរទស្សន៍ ABC។
អ្នកនាំពាក្យក្រសួងការបរទេសលោកចាវ លីជៀនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា តម្រូវការគឺ “ស្របច្បាប់និងបំពេញនូវការការពារខ្លួនដោយយុត្តិធម៌តាមគ្រប់រូបភាពទាំងអស់”។
លោកចាវបានបន្ថែមថា “អ្វីដែលសហរដ្ឋអាម៉េរិកបានធ្វើគឺផ្តោតសំខាន់ទៅលើបណ្តាអង្គភាពសារព័ត៌មានចិនដែលជំរុញដោយមូលដ្ឋានមនោគមន៍វិជ្ជានិងគំនិតសង្គ្រាមត្រជាក់”។
ចំណាត់ការនេះគឺជាវិធានការសងសឹកគ្នាចុងក្រោយបំផុតរវាងប៉េកាំងនិងវ៉ាស៊ីនតោន។
កាលពីសប្តាហ៍មុនសហរដ្ឋអាមេរិកបានចាត់ទុកប្រព័ន្ធផ្សព្វផ្សាយចិនចំនួន ៦ បន្ថែមទៀតជាកន្លែងឃោសនាការរបស់រដ្ឋចិន។
វាគឺជាជុំទីបីហើយនៃការចាត់ទុកប្រព័ន្ធផ្សព្វផ្សាយចិនជាបេសកកម្មបរទេស ដែលអាម៉េរិកតម្រូវឱ្យពួកគេរាយការណ៍ព័ត៌មានលម្អិតអំពីបុគ្គលិកដែលមានមូលដ្ឋាននៅសហរដ្ឋអាម៉េរិកនិងប្រតិបត្តិការអចលនៈទ្រព្យទៅកាន់ក្រសួងការបរទេស៕
