ដោយៈមូលសម្បត្តិ / ភ្នំពេញៈ បើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ បានបង្ហាញថាៈ ៩ខែមកនេះ កម្ពុជា ទទួលទេសចរអន្តរជាតិ ជាង១លាននាក់ ថយចុះ ៧៤% និងភ្ញៀវក្នុងស្រុក ជិត ៧ លាននាក់ ថយចុះ ៥១% បើធៀបទៅនឹងបណ្តាឆ្នាំមុនៗ។ នេះបណ្តាលមកពីវិបត្តិ នៃការផ្ទុះជំងឺកូវីដ ១៩ ។
របាយការណ៍នេះ បានត្រូវលើកឡើង នៅក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផល ការងារទេសចរណ៍ រយៈពេល ៩ខែ នៃឆ្នាំ២០២០ និងទិសដៅអនុវត្តបន្ត ត្រីមាសទី៤ ឆ្នាំ២០២០ ហើយដែលបានដឹកនាំ កិច្ចប្រជុំដោយ ោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នារសៀលថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២០។
កិច្ចប្រជុំនេះ បានធ្វើឡើង ដើម្បីបូកសរុប ឆ្លុះបញ្ចាំង និងវាយតម្លៃ ពីលទ្ធផលអនុវត្តការងារ រយៈពេល ៩ខែ ឆ្នាំ២០២០ កន្លងមក និងការដាក់ចេញនូវ ផែនការ យុទ្ធសាស្ត្រ និងទិសដៅអនុវត្តបន្ត ក្នុងដំណាក់កាល វិបត្តិជំងឺឆ្លង សកលកូវីដ-១៩ ។
កិច្ចប្រជុំនេះ មានបទអន្តរាគមន៍ លើប្រធានបទសំខាន់ៗ ចំនួន ៦ ដូចជាៈ ១-ផែនការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍។ ២-ផែនការសកម្មភាព ជំរុញចលនាទេសចរណ៍ផ្ទៃក្នុង និងការពង្រឹងមណ្ឌល ព័ត៌មានទេសចរណ៍ ។ ៣- ការអភិវឌ្ឍផលិតផល ទេសចរណ៍ថ្មីៗនិងសហគមន៍ទេសចរណ៍។ ៤-កិច្ចសហប្រតិបត្តិការទេសចរណ៍ ជាមួយ UNWTO, WTTC, ASEAN, ASEAN+3 ។ ៥-ការបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈទេសចរណ៍ តាមប្រព័ន្ធអនឡាញ។ ៦-ការពង្រឹងរចនាសម្ព័ន្ធ និងវិន័យមន្ត្រីរាជការ នៅថ្នាក់ក្រសួង និងថ្នាក់មន្ទីរទេសចរណ៍រាជធានី ខេត្ត៕/V



