ឆ្នាំជូត
រាសីស្រុតចុះ។ នាពេលនេះគឺជិតដាច់ផុតខែតុលាហើយ អ្នកកើតឆ្នាំកណ្តុរទោះធ្វើអ្វីក៏ដោយ តោងតែប្រយ័ត្នប្រយែងបន្តិចទើបបញ្ហាឧបទ្របចង្រៃមិនអាចឈានចូលកើត។ដោយឡែកអ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលនៅថ្ងៃនេះវិញឃើញថាជួបភាពប្រទាំងប្រទើសនិងពិសេសឱ្យប្រយ័ត្នគ្រោះចាញ់បោកអតិថិជនដែលទើបតែស្គាល់គ្នាថ្មីៗតែម្តង។
រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំត្រូវចេះពូនជ្រោយសេចក្តីស្នេហារបស់ខ្លួននិងមានការចេះអត់ឱនឱ្យគ្នាទើបប្រសើរ៕
ឆ្នាំឆ្លូវ
រាសីស្រុតចុះ។ នាពេលនេះឃើញថាជិតដាច់ខែតុលា ប៉ុន្តែនាថ្ងៃនេះដែរឃើញថាដួងរាសី ស្រុតចុះ ម្ល៉ោះហើយលោកអ្នកទោះធ្វើអ្វីក៏ដោយតោងតែមើលមុខក្រោយទើបគ្មានបញ្ហាមិនល្អ ឈានចូលកើត។ការសម្រេចចិត្តអ្វីមួយក៏ងាយបង្កកំហុសផងដែរគប្បីមានការប្រយ័ត្នប្រយែង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញឃើញថាការជួញទីជិតឆ្ងាយមានការថយចុះច្រើនហើយបើមានបើករបរថ្មីៗផងតែងមិនសមដូចបំណងប៉ុន្មានទេ។ ការធ្វើដំណើរឆ្ងាយជិតចូរ ប្រយ័ត្នក្រុមមនុស្សបង្កបញ្ហាដោយប្រការណាមួយ។
បញ្ហាស្នេហាកំលោះក្រមុំនៅក្នុងថ្ងៃនេះវិញមានដំណើរថយក្រោយចូរប្រយ័ត្នជម្លោះវិវាទឈានពីតិចតួចដល់មិនមាត់ ក រកគ្នា៕
ឆ្នាំខាល
រាសីស្រុតចុះ។ នៅថ្ងៃនេះដំណើរជីវិតរបស់បុរសមិនល្អប្រសើរទេ ម្ល៉ោះហើយលោកអ្នកគប្បី ប្រយ័ត្នប្រយែងបញ្ហាឧប្បត្តិហេតុនិងការបាត់របស់ដោយប្រការណាមួយ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះដែរមិនត្រូវយកភាពច្រណែនឈ្នានីសដាក់ចំពោះមុខ ឬបង្ករឿងថ្នាំងថ្នាក់ចំពោះអ្នកដទៃប្រយ័ត្នកើតឧបទ្រពចង្រៃការលក់ដូរកាន់តែមិនដាច់។ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នគ្រោះចាញ់បោកគេដោយប្រការណាមួយ។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីត្រូវយកចិត្តទុកដាក់និងបំបាត់ភាពប្រចែប្រច័ណ្ឌចេញពីខ្លួនខ្លះទើបមានភាពផ្អែមល្ហែមជាងនេះ៕
ឆ្នាំថោះ
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះមានជោគសិរីហើយធ្វើអ្វីឃើញថាមានការជឿនលឿនទៅមុខនិងតែងផ្តល់ផលល្អមកវិញគ្រាន់ជាទីកក់ក្តៅផង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរពេលនេះប្រៀបដូចបានជា”ភ្លៀងធ្លាក់មួយមេមេឃស្រទ្បះ”ព្រោះអាចកម្ចាត់រាល់ឧបទ្រពចង្រៃទាំងពួងឱ្យវិនាសជាអហោសិកម្មអស់ហើយលោកអ្នកអាចប្រកបមុខរបរពេញដៃពេញជើងទ្បើងវិញ។ការធ្វើដំណើរទីជិតឆ្ងាយជួបភាពសុខដុមដូចសព្វមួយដង។
រីឯបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីមានការជឿនលឿនទៅមុខនិងកំពុងមានភាពស្រស់ស្រាយប្រពៃ៕
ឆ្នាំរោង
រាសីស្រុតចុះ។ នាថ្ងៃនេះសម្រាប់លោកអ្នកកើតឆ្នាំរោងបើតាមក្បួនហោរាសាស្ត្របញ្ជាក់ថា ដំណើរជីវិតជួបបញ្ហាប្រទាំងប្រទើសច្រើនបន្តិច ។ ហេតុនេះលោកអ្នកគប្បីប្រយ័ត្នប្រយែង ផ្នែកអារម្មណ៍ទើបគ្មានបញ្ហាចោទឡើង។ទោះបីយ៉ាងណាការប្រកបការងារបើលោកអ្នកខិតខំនិងមានចិត្តត្រជាក់នោះរាល់កិច្ចការងារតូចធំតែងសម្រេចជោគជ័យត្រឡប់មកវិញជានិច្ច។ចំពោះលោកអ្នកដែលប្រកបរបររកស៊ីជួញដូរវិញការចេញធ្វើជំនួញផ្លូវឆ្ងាយចូរប្រយ័ត្នគ្រោះចាញ់បោកគេនិងគ្រោះបាត់របស់របរ។
រីឯសម្ព័ន្ធស្នេហាប្រុសស្រីកើតមានការនឿយណាយនិងអស់សង្ឃឹមច្រើន៕
ឆ្នាំម្សាញ់
រាសីល្អជាមធ្យម។នៅថ្ងៃនេះបើទោះបីដួងរាសីបានត្រឹមកម្រិតមធ្យមពិតមែនប៉ុន្តែបើលោកអ្នកចង់ប្រកបកិច្ចការសំខាន់អ្វីមួយក៏តែងផ្តល់ផលល្អៗមកវិញផង។ការរស់នៅមានក្រុមមនុស្សជួយជ្រោមនិងអាណិតស្រឡាញ់ក៏ច្រើន។បើជាអ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះលោកអ្នកត្រូវរែកពន់ភាពលំបាកលំបិនមិនតិចដែរទេព្រោះតែចំណូលតិចឯការចំណាយវិញគ្រប់សារពើ។
រីឯបញ្ហាស្នេហាប្រុសស្រីកុំគប្បីមានចិត្តស្រាលផ្ទុកកំហឹងក្នុងខ្លួននាំកើតតែរឿងរាវឥតមានធូរស្បើយ៕
ឆ្នាំមមី
រាសីស្រុតចុះ។ នៅថ្ងៃនេះបើតាមក្បួនហោរាសាស្ត្របានបញ្ជាក់ថាដំណើរជីវិតរបស់លោកអ្នក មិនសូវល្អប្រសើរប៉ុន្មានទេ ហេតុនេះទោះធ្វើអ្វីៗតែងជួបនូវឧបសគ្គរាំងស្ទះច្រើនចំពោះមុខ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការរកាំចិត្តព្រោះតែការជួញទីជិតឆ្ងាយផលកម្រៃមិនឆ្លើយតបដូចសេចក្តីប្រាថ្នាទេហើយទោះខិតខំប៉ុនណាក៏បានត្រឹមមួយទប់ទល់ដែរ។
រីឯបញ្ហាស្នេហាប្រុសស្រីមានការប្រទាំងប្រទើសនិងចាប់កំហុសគ្នាច្រើនព្រោះតែភាពប្រចែប្រច័ណ្ឌកំពុងលុកលុយ៕
ឆ្នាំមមែ
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះដំណើរជីវិតល្អប្រសើរ ម្ល៉ោះហើយផ្តល់ផលល្អក្នុងការទំនាក់ទំនង ការបណ្តាក់ទុន ចរចា ការធ្វើកិច្ចសន្យា ឬការធ្វើបទសំភាសន៍ផ្សេងៗផង។ នៅថ្ងៃនេះដែរការ ប្រកបការងារមានសភាពរលូនល្អហើយក៏តែងហុចផ្លែផ្កាដូចការ គ្រោងទុកថែមទៀត។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញពេលនេះបើលោកអ្នកចង់ផ្លាស់ប្តូរមុខរបរឬបើករបរថ្មីក៏អាចធ្វើបានតែត្រូវប្រយ័ត្នប្រយែងបន្តិចពីព្រោះក្នុងរយៈពេលវែងពុំសូវល្អទេគឺអាចនឹងជួបឧបសគ្គច្រើន។
សម្ព័ន្ធស្នេហាកំលោះក្រមុំលោកអ្នកហាក់មាននិស្ស័យល្អជាមួយគូស្នេហ៍ដែលប្រៀបបានទៅនឹងព្រះអាទិត្យនឹងសត្វលោកដែលមិនអាចខ្វះបានហើយបើលោកអ្នកចេះថែរក្សាចំណងនេះគឺគ្មានអ្វីបំបែកបំបាក់បានឡើយ៕
ឆ្នាំវក
រាសីល្អជាមធ្យម។ ដំណើរជីវិតរបស់លោកអ្នកនៅថ្ងៃនេះមានភាពស្រស់ស្រាយហើយបើចង់ ទំនាក់ទំនងអ្វីក៏តែងផ្តល់ផលល្អៗមកវិញផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមិនសូវមានការរីកលូតលាស់ទៅមុខទេដូចនេះមិនផ្តល់ផលល្អសម្រាប់ការផ្លាស់ប្តូរមុខរបរថ្មីឬបើកធ្វើជំនួញអ្វីថ្មីប៉ុន្មានឡើយ។ការរស់នៅងាយជួបបញ្ហារោគជំងឺណាស់ចូរប្រយ័ត្នរោគចាស់យាយីពិសេសបញ្ហាចំណីចំណុកតែម្តង។
រីឯបញ្ហាស្នេហាកំលោះក្រមុំមានការថ្នាំងថ្នាក់និងចាប់កំហុសគ្នាមិនតិចឡើយ៕
ឆ្នាំរកា
រាសីស្រុតចុះ។នៅថ្ងៃនេះបើលោកអ្នកសម្រេចចិត្តអ្វីមួយងាយភ្លាំងភ្លាត់និងជួបបញ្ហាចំពោះមុខច្រើន។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងអំឡុងពេលនេះដែរមិនថាលោកអ្នកប្រកបរបរទីជិតឆ្ងាយតែងកើតមានរឿងរកាំរកូសហើយអាចបង្កជម្លោះច្រើនដូចនេះបើមិនចេះរំងាប់ចិត្តហើយបណ្តោយតាមហិង្សាទេពិតជាកើតរឿងរាវនាំអំពលទុក្ខយកត្រឡប់មកផ្ទះវិញជាក់ជាពុំខាន។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពសុខដុមដូចសព្វមួយដងទេគឺពុំមានអ្វីចូលមកនាំរកាំចិត្តច្រើនឡើយ៕
ឆ្នាំច
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកនៅតែល្អប្រសើរទេហើយធ្វើអ្វីក៏តែងជឿនលឿនទៅមុខច្រើនរឿងផង។អ្នកប្រកបរបររកស៊ីជួញដូរវិញបើលោកអ្នកចង់បោះទុនតូចធំឬចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃត្រូវចេះត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយបើពុំនោះទេអាចជួបផលអាក្រក់ណាមួយនៅថ្ងៃខាងមុខជាក់ជាពុំខាន។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។
សម្ព័ន្ធស្នេហាប្រុសស្រីមានការលូតលាស់ទៅមុខព្រោះតែមានការយកចិត្តទុកដាក់គ្នាប្រសើរឡើងវិញ៕
ឆ្នាំកុរ
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះបើមានកិច្ចការងារអ្វីត្រូវរវាសរវៃហើយត្រូវចងចាំថាធ្វើច្រើនទទួលបានផលច្រើន។ការប្រកបការងារវិញមានការចម្រើនលូតលាស់និងពិសេសបើពឹងពាក់អ្នកដទៃគេតែងមានការជួយយ៉ាងពេញដៃជើងថែមទៀត។អ្នកប្រកបរបររកស៊ីជួញដូរវិញផ្តល់ផលល្អចំពោះការចរចាការបណ្តាក់ទុនឬការចង់បញ្ចេញប្រាក់កាសក្នុងការធ្វើអ្វីមួយព្រោះមិនត្រឹមសមដូចប្រកបទេតែនៅឆាប់រីកដុះដាលឈានទៅមុខទៀតផង។
រីឯបញ្ហាស្នេហាកំលោះក្រមុំមានការផ្អែមល្ហែមគួរសមនិងពេលនេះកំពុងផ្តល់ផលល្អបំផុតសម្រាប់ការរៀបចំផ្សំផ្គុំគ្រួសារ៕