ដោយ: ទេពកង្រី / កំពង់ឆ្នាំង: បញ្ហានិងសំណូមពររបស់ប្រជាពលរដ្ឋនៅស្រុកជលគិរី ដែលជាតម្រូវការក្នុងកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច និង សុខសុវត្ថិភាព ត្រូវបានតំណាងប្រជាពលរដ្ឋ នៅស្រុកជលគិរីលើកឡើងនៅក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះ យោបល់របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៣ ដែលធ្វើ ឡើងកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ម្សិលមិញដើម្បីស្នើដល់ក្រុម ប្រឹក្សានិងរដ្ឋបាលខេត្តចូលរួមដោះស្រាយ។

តំណាងពលរដ្ឋបានលើកឡើងពីវិស័យធនធានទឹក ដូចជាការជីកប្រឡាយនាំទឹកយកទៅស្រោចស្រពស្រូវប្រាំរបស់ពួកគាត់ ដែលប្រឈមនូវការខ្វះទឹក។
ការធ្វើអត្តសញ្ញាបណ្ណ និងបញ្ហាគ្រឿងញៀននៅតែជាក្តីបារម្ភនៅក្នុងមូលដ្ឋាន។
ដោយឡែកវិស័យកសិកម្មវិញ ពលរដ្ឋលើកឡើងពីបញ្ហាវារីវប្បកម្ម ការចិញ្ចឹមត្រី គាត់ត្រូវ ចំណាយទុនច្រើន ក្នុងការរកទិញពូជត្រីដែលមានតម្លៃខ្ពស់ និងនីតិវិធីនៃការស្នើសុំភ្ជួរាស់ដីស្រែចំការ ដោយត្រាក់ទ័រ គឺប្រើប្រាស់ពេលយូ រហូតហួសពេលរដូវធ្វើស្រែ។
រាល់បញ្ហាទាំងអស់ដែលពលរដ្ឋលើកឡើងត្រូវថ្នាក់ដឹកនាំមន្ត្រីជំនាញធើ្វការឆ្លើយបំភ្លឺ និងបានដោះស្រាយ ជូនពលរដ្ឋបានសមស្របផងដែរ។

មានប្រសាសន៍នៅក្នុងឱកាសនោះ លោក ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត បានគូសបញ្ជាក់ឲ្យថា គោលបំណង នៃការរៀបចំវេទិកានេះ ធ្វើឡើងដើម្បីប្រមូលព័ត៌មាន ស្ដីពីតម្រូវការចាំបាច់នានានិងបញ្ហាប្រឈមនៅមូលដ្ឋាន ដើម្បីដាក់វិធានការឆ្លើយតបក្នុងការដោះយទុក្ខកង្វល់ របស់ប្រជាពលរដ្ឋមួយចំនួន ដែលជាកង្វះខាតរបស់អាជ្ញាធរដែនដីក្នុងការបំរើប្រជាពលរដ្ឋនាពេលកន្លងមក។ ដើម្បីកែប្រែផ្លាស់ប្តូរឲ្យមូលដ្ឋាននានា កាន់តែមានការអភិវឌ្ឍន៍ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល។

លោក ស៊ុន សុវណ្ណរិទ្ធ អភិបាលរងខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ដោយគូសបញ្ជាក់ថា បញ្ហានិងសំណូមពរ ដែលប្រជាពលរដ្ឋលើងឡើងនាពេលនេះគឺបានឆ្លុះបញ្ចាំងអំពី សកម្មភាព តម្រូវការនៅមូលដ្ឋាន ហើយអាជ្ញាធរនិងមន្ត្រី ជំនាញ នឹងធ្វើការសិក្សាស្រាវជ្រាវ អំពីតម្រូវការទាំងអស់ដែល តំណាងប្រជាពលរដ្ឋបានលើកឡើង។
លោកបន្តថា ការអភិវឌ្ឍន៍នៅគ្រប់មូលដ្ឋានរបស់ខេត្តកំពង់ឆ្នាំង មានស្ទើគ្រប់ទីកន្លែង ហើយបញ្ហាប្រឈមមួយ ចំនួនតូច ក៏ទាមទារឲ្យអាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញ សហការគ្នាធ្វើការកែលម្អ ដើម្បីឲ្យមូលដ្ឋានកាន់តែមានការ អភិវឌ្ឍន៍ប្រកបដោយចីរភាព៕ ល

