ព្យុះ​ទី​១៨ ឈ្មោះម៉ូ​ឡាវ មាន​ឥទ្ធិពល​ខ្លាំង លើ​តំបន់ឆ្នេរ ប្រទេស​វៀតណាម​

ដោយៈ ប​.​ខុន / ភ្នំពេញៈ ព្យុះ​ទី​១៨ ឈ្មោះ ម៉ូ​ឡាវ (MOLAVE) នៅ​ព្រឹក​ថ្ងៃទី​២៧ ខែតុលា​នេះ វា​បាន​រំកិល​ខ្លួន ចូលដល់​កណ្តាល​សមុទ្រ​ចិន ខាងត្បូង ក្នុង​កម្រិត​ជា​ព្យុះ​ទី​ហ្វុ​ង (TY) កម្រិត​២ និង​ទៅដល់​ឆ្នេរ​របស់ ប្រទេស​វៀតណាម នៅ​ព្រឹក​ព្រលឹម ថ្ងៃទី​២៨ ខែតុលា ក្នុង​កម្រិត​ព្យុះ​ទី​ហ្វុ​ង កម្រិត​៣ ដោយមាន​ល្បឿន​ខ្យល់ ជាង ១០០ គីឡូម៉ែត្រ ក្នុង​១​ម៉ោង ដែល​មកដល់​ព្រឹក​នេះ ដំណើរ​របស់​វា នៅតែ​ដូច​ការ​ព្យាករ របស់​ក្រសួង​។​

​លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រាប់​រស្មី​កម្ពុជា ឱ្យដឹង នៅ​ព្រឹក​ថ្ងៃទី​២៧ តុលា នេះ​ថាៈ ព្យុះ​ទី​១៨ ឈ្មោះ ម៉ូ​ឡាវ (MOLAVE) ដែល​ក្រសួង បាន​ជូនដំណឹង តាមរយៈ​សេចក្តីប្រកាស កាលពី​ថ្ងៃទី​២៥ ខែតុលា នៅ​ព្រឹក​ថ្ងៃនេះ (២៧​តុលា​) វា​បាន​រំកិល​ខ្លួន​ដល់ កណ្តាល​សមុទ្រ​ចិន ខាងត្បូង ហើយ​ជា​ព្យុះ​ទី​ហ្វុ​ង (TY) កម្រិត​២ និង​អាច​ឡើងដល់ កម្រិត​៣ នៅ ពេល​ដើរ ដល់​ឆ្នេរ​របស់ ប្រទេស​វៀតណាម នៅ​ព្រឹក​ព្រលឹម ថ្ងៃទី​២៨ ខែតុលា​។​

ព្យុះ​ទី​ម៉ូ​ឡាវ មាន​ឥទ្ធិពល​ខ្លាំង លើ​តំបន់ឆ្នេរ ប្រទេស​វៀតណាម​

​លោក ចាន់ យុ​ត្ថា បានបញ្ជាក់​ថាៈ រហូតមកដល់​ព្រឹក ថ្ងៃទី​២៧ ខែតុលា​នេះ ដំណើរ​របស់​ព្យុះ​ទី​១៨ មិនទាន់មាន​ការប្រែប្រួល​ទេ គឺ​ដូច​ការ​ព្យាករ របស់​ក្រសួង ដែល​វា​អាច​នឹង​នាំមក​នូវ ទឹកភ្លៀង និង​ខ្យល់ ដល់​តំបន់​ខ្ពង់រាប ភាគ​ឦសាន និង​ខ្ពង់រាប ភាគ​ខាងជើង​។ តែ​សម្រាប់​នៅ​ប្រទេស វៀតណាម អាច​ប៉ះពាល់​ខ្លាំង ដោយ​គិត​ត្រឹម​យប់ ថ្ងៃទី​២៧ ខែតុលា គេ​បាន​ជម្លៀស​ប្រជាពលរដ្ឋ រហូតដល់​រាប់សែន​នាក់ រួចទៅហើយ ចេញពី​តំបន់​ផ្លូវ របស់​ព្យុះ​ឆ្លងកាត់​។​

​លោក ចាន់ យុ​ត្ថា បានឱ្យដឹង​ទៀតថាៈ ពេលនេះ ក្រសួង​បាន​នឹង​កំពុងធ្វើការ​តាមដាន យ៉ាង​យកចិត្តទុកដាក់ អំពី​សកម្មភាព​របស់​ព្យុះ​នេះ​។ ព្យុះ​ថ្មី​នេះ នឹង​ធ្វើឱ្យ​ទឹកទន្លេ​មេគង្គ ងើបឡើង​វិញ ជាថ្មី​ម្តងទៀត នៅ​ចុងរដូវ​វស្សា​នេះ​។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម កាលពី​ថ្ងៃទី​២៥ តុលា បានប្រកាស​ព័ត៌មាន​ថា យោង​ការតាមដាន និង​ការវិវត្ត​ជាក់ស្តែង នៃ​ស្ថានភាព​អាកាសធាតុ បង្ហាញ​ឲ្យ​ឃើញថា នៅ​ព្រឹក​ថ្ងៃទី​២៥ តុលា វិ​សម្ពាធ​មួយ ដែល​បាន​កើតឡើង នៅក្នុង​មហាសមុទ្រ ប៉ាស៊ីហ្វិក ខាងកើត កៀក​នឹង​ប្រទេស​ហ្វីលីពីន បាន​វិ​វត្ត​ខ្លួន ជា​បន្តបន្ទាប់ ទៅជា​ព្យុះ​ទី​១៨ ឈ្មោះ ម៉ូ​ឡាវ (MOLAVE) ដោយ​ដើរ​ចូលទៅ​ភាគ​កណ្តាល ប្រទេស​ហ្វីលីពីន ។​

ព្យុះ​ទី​ម៉ូ​ឡាវ មាន​ឥទ្ធិពល​ខ្លាំង លើ​តំបន់ឆ្នេរ ប្រទេស​វៀតណាម​

​នៅក្នុង​សេចក្តីប្រកាស បាន​ព្យាករណ៍​ថា ព្យុះ​នេះ នឹង​បង្កើន​ឥទ្ធិពល​ជា​លំដាប់ នៅពេល​ធ្វើដំណើរ ឆ្លងកាត់​ប្រទេស​ហ្វីលីពីន រួច​ចូលមកក្នុង​សមុទ្រ​ចិន ខាងត្បូង នៅ​ថ្ងៃទី ២៧ ខែតុលា ហើយ​បាន​ថមថយ​ឥទ្ធិពល នៅពេល​ចូលមក​ដល់ ប្រទេស​វៀតណាម ត្រង់​ម្តុំ​ចំណុច​ក្វាង​ងៃ (Quang Ngai) នៅ​ថ្ងៃទី​២៨ ខែតុលា រួច​បន្តដំណើរ​ចូល លើ​តំបន់​ប៉ា​សុង របស់​ប្រទេស​ឡាវ ដោយ​ថមថយ​ឥទ្ធិពល ទៅជា​វិ​សម្ពាធ និង​សម្ពាធ​ទាប នៅ​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០២០ ។​

​ក្នុង​សេចក្តីប្រកាស​ដដែល បាន​សរសេរ​ទៀតថា លក្ខណៈ​បែបនេះ នឹងធ្វើ​ឲ្យ​អាកាសធាតុ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ចាប់ពី​ថ្ងៃទី ២៨ ដល់​ថ្ងៃទី ២៩ តុលា មាន​ស្ថានភាព ដូចខាងក្រោម ៖

  • បណ្តា​ខេត្ត​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ភាគ​ឦសាន រួមមាន​ខេត្ត រតនគិរី ស្ទឹងត្រែង​ព្រះវិហារ និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ អាចមាន​ភ្លៀង​ធ្លាក់​ច្រើន​លាយឡំ​ជាមួយនឹង​ខ្យល់​ខ្លាំង ។​
  • បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប រួមមាន​ខេត្តកំពង់ធំ សៀមរាប បន្ទាយមានជ័យ ប៉ៃលិន​និង​ខេត្តបាត់ដំបង អាចមាន​ភ្លៀង​ធ្លាក់​ច្រើន ។​

​សេចក្តីប្រកាស​នេះ បាន​អំពាវនាវ​ដល់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី និង​សាធារណជន ពិសេស​បងប្អូន​ប្រជាពលរដ្ឋ ដែល​នៅ​តំបន់ ខាងលើ សូមជ្រាប​ជា​ព័ត៌មាន និង​បង្កើន​ការយកចិត្តទុកដាក់ ប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ចៀសវាង នូវ​គ្រោះថ្នាក់​ផ្សេងៗ ដែល​អាច​កើតមានឡើង ជាយថាហេតុ​។ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​នឹង​កំពុង​បន្ត​តាមដាន យ៉ាង​យកចិត្តទុកដាក់ លើ​បាតុភូត​នេះ ហើយនឹង​ជម្រាបជូន​ព័ត៌មាន ជា​បន្តបន្ទាប់​ទៀត ក្នុងករណី​អាកាសធាតុ មានការ​ប្រែប្រួល ៕​/V

ព្យុះ​ទី​ម៉ូ​ឡាវ មាន​ឥទ្ធិពល​ខ្លាំង លើ​តំបន់ឆ្នេរ ប្រទេស​វៀតណាម​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

កម្មករ​រ៉ែ​ចិន​១៨​នាក់​ស្...

​ប្រែ​សម្រួលៈ​វាសនា​/​ប៉េ...

ក្មេងប្រុស​ម្នាក់ ធ្លាក់ច...

​ដោយៈ សុខុម​/​ស្ទឹងត្រែងៈ...

លោក ហ៊ុន ម៉ា​នី ផ្តល់​សម្...

ដោយៈ ភ្នំ​ខៀវ​/​ប៉ៃលិនៈ ល...

បិទ​ហាង​ខារ៉ាអូខេ ១១កន្លែ...

ដោយៈ វណ្ណៈ​/​ព្រះសីហនុៈ ន...