Home ព័ត៌មានអន្តរជាតិ អាម៉េរិក​ប្រក...

អាម៉េរិក​ប្រកាស​លក់​អាវុធ​តម្លៃ​២,៣៧ ពាន់​លាន​ដុល្លារ​ទៅ​ឱ្យ​តៃវ៉ាន់​

​សុខា​/​វ៉ាស៊ីនតោន​៖ ​រដ្ឋបាល​របស់​ប្រធានាធិបតី​អាម៉េរិក​លោក ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃ​ចន្ទ​ទី​២៦​តុលា​បាន​ជូនដំណឹង​ដល់​សភា អំពី​ផែនកា​រលក់​ប្រព័ន្ធ​មី​ស៊ី​ល Harpoon តម្លៃ ២,៣៧ ពាន់​លាន​ដុល្លារ​ទៅ​ឱ្យ​កោះ​តៃវ៉ាន់​​គឺ​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​បន្ទាប់ពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​ផលិត​សព្វាវុធ​យោធា​អាម៉េរិក​ជាច្រើន​ក្រុមហ៊ុន ដោយ​រួមទាំង​ក្រុមហ៊ុន Boeing ដែល​ជា​អ្នកម៉ៅការ​​នាំមុខ​លើ​កិច្ចព្រមព្រៀង​ផលិត​ប្រព័ន្ធ​មី​ស៊ី​ល​Harpoon នេះ ។​

​ក្រសួងការបរទេស​អាម៉េរិ​ក​បាន​និយាយ​ថា​សហរ​ដ្ឋ​អាម៉េរិកនៅ​តែ​រក្សា​ការយកចិត្តទុកដាក់​ចំពោះ​សន្តិភាព​និង​ស្ថិរភាព​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​និង​ចាត់ទុក​សន្តិសុខ​របស់​កោះ​តៃវ៉ាន់​ជា​ចំណុច​ស្នូល​នៃ​សន្តិ​​សុខ​និង​ស្ថិរភាព​នៃ​តំបន់​ឥ​ណ្ឌូ​-​ប៉ា​ស៊ី​ហ្វិ​ច​។ ក្រសួងការបរទេស​អាម៉េរិ​ក​បាន​និយាយថា​ការល​ក់​នេះ​នឹង​មិន​ផ្លាស់ប្តូរ​តុល្យភាព​យោធា​នៅក្នុង​តំបន់​ទេ​។​

​មី​ស៊ី​ល​Harpoon មាន​សមត្ថភាព​វាយប្រហារ​នាវា​និង​គោលដៅ​លើដី​។ ក្រុមហ៊ុន​Boeing​បាន​និយាយថា​មី​ស៊ី​ល​នេះ​ប្រើប្រាស់​ប្រព័ន្ធ​នាំ​ផ្លូវ​វាយប្រហារ​GPS និង​ក្បាល​គ្រាប់​ផ្ទុះ​ខ្លាំង​ហើយ​វា​អាច​វាយប្រហារ​​ទៅ​លើ​ទីតាំង​យោធា​នៅ​សមុទ្រ វាយប្រហារ​ពី​ដី​ទៅ​លើ​អាកាស លើ​នាវា កំពង់ផែ និង លើ​រោងចក្រ​ឧស្សាហកម្ម​។​

​កាលពី​ថ្ងៃ​ចន្ទ ចិន​បាន​និយាយថា​ខ្លួន​បាន​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​Boeing ក្រុមហ៊ុន​Lockheed Martin និង​ក្រុមហ៊ុន​ផលិត​សព្វាវុធ​យោធា​អាម៉េរិក​មួយចំនួនទៀត​ចំពោះ​ការផ្តល់​អាវុធ​ដល់​កោះ​​តៃវ៉ាន់​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក ហ្សា​វ លី​ជៀន មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​ថា​តើ​ទណ្ឌកម្ម​អ្វីខ្លះ​អាច​ត្រូវបាន​ដាក់​ឬ​នៅ​ពេល​ណា​នោះទេ​។​

​លោក​បាន​និយាយថា ដើម្បី​ការពារ​ផលប្រយោជន៍​ជាតិ ចិន​បាន​សម្រេចចិត្ត​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​អាម៉េរិក​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការលក់​អាវុធ​ទៅ​ឱ្យ​កោះ​តៃវ៉ាន់​៕

នាវាចម្បាំង​តៃវ៉ាន់​បាញ់​មី​ស៊ី​ល​Harpoon​ក្នុងអំឡុង​ធ្វើ​សមយុទ្ធ​យោធា​មួយ​នៅ​សមុទ្រ​ភាគ​ខាងកើត​នៃ​កោះ​តៃវ៉ាន់ កាលពី​ឆ្នាំ​២០០៧

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular