ដោយ: គ្រញូង / បាត់ដំបង: នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង និងលោកឧត្តមសេនីយ៍ត្រី អៀ វត្ថា ស្នងការរងទទួលបន្ទុកដឹកនាំវរ:ព្រំដែនគោកលេខ៣១០ លោកវរសេនីយ៍ឯក អ៊ុក សារិន មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៣១០ បានដឹកនាំកងកម្លាំងក្នុងអង្គភាព ទៅសួរសុខទុក្ខលោកអនុសេនីយ៍ឯក ឈឹម ហេង មន្ត្រីនគរបាលក្នុងអង្គភាពវរ:ព្រំដែនគោកលេខ៣១០ ដែលលោកមានជំងឺឡើងសម្ពាធឈាមខ្លាំងបង្កឱ្យដាច់សសៃឈាមខួរក្បាល ត្រូវបានសង្គ្រោះបន្ទាន់ និងកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យយោធភូមិភាគ៥ពេទ្យ ព២ ក្នុងក្រុងបាត់ដំបង។

ក្នុងឱកាសសាកសួរសុខទុក្ខនេះ លោកវរសេនីយ៍ឯកមេបញ្ជាការបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់លោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចលោក លោកស្រី ស្នងការរង ព្រមទាំងកងកម្លាំងនគរបាលទាំងអស់ ពិសេសនគរបាលក្នុងវរៈព្រំដែនគោកលេខ៣១០ ទាំងមូល ចំពោះសុខទុក្ខរបស់លោក។
ជាមួយនេះ លោកមេបញ្ជាការបាននាំយកថវិកាបានពីការចូលរួមរបស់កងកម្លាំងនគរបាលព្រមទាំងភេសជ្ជៈ ផ្លែឈើមួយចំនួន ប្រគល់ជូនគ្រួសាររបស់លោកនាពេលនោះផងដែរ៕ ល
