វាសនា/វ៉ាស៊ីនតោន៖ សហរដ្ឋអាម៉េរិកបានគំរាមបំផ្លាញចោលកាំជ្រួចចម្ងាយឆ្ងាយណាមួយដែលត្រូវបញ្ជូនពីអ៊ីរ៉ង់ទៅកាន់ប្រទេសវេនេស៊ុយអេឡាបន្ទាប់ពីទណ្ឌកម្មរបស់អង្គការសហប្រជាជាតិលើអ៊ីរ៉ង់ស្តីពីការទិញលក់សព្វាវុធត្រូវផុតពេលអនុវត្តកាលពីសប្តាហ៍មុន។
ការព្រមាននេះកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយពីប្រធានាធិបតី វេនេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ បានប្រកាសបង្កើតក្រុមប្រឹក្សាវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាយោធាមួយក្រោមការជួយជ្រោមជ្រែងពីប្រទេសជាមិត្ត ក្នុងនេះរួមមាន ចិន រុស្ស៊ី អ៊ីរ៉ង់និងគុយបា។
មិនទាន់មានការបញ្ជាក់ណាមួយថា នឹងមានការដឹកជញ្ជូនសព្វាវុធក្នុងពេលឆាប់ៗទេ តែទោះជាយ៉ាងណាមន្ត្រីអាម៉េរិកម្នាក់បានប្រទេសជាមិត្តទាំងនេះទំនងជាធ្វើកិច្ចព្រមព្រៀងការលក់អាវុធ។
អេលៀត អាប្រាម តំណាងពិសេសនៃក្រសួងការបរទេសអាម៉េរិក បានប្រាប់សារព័ត៌មានFox Newsថា« ការបញ្ជូនកាំជ្រួចចម្ងាយឆ្ងាយពីអ៊ីរ៉ង់ទៅវេនេស៊ុយអេឡា មិនអាចទទួលយកបាន ហើយនឹងមិនត្រូវអត់ឱនឬអនុញ្ញាតអោយមានទេ»។
លោកបានបញ្ជាក់ថា អាម៉េរិកនឹងប្រើកម្លាំងយោធាបើចាំបាច់ដើម្បីរារាំងអ្វីដែលខ្លួនយល់ថាជាការគំរាមដល់សនន្តិសុខជាតិ ។«យើងនឹងខិតខំបញ្ឈប់ការដឹកជញ្ជូនកាំជ្រួចចម្ងាយឆ្ងាយ និងបើវាទៅដល់វេនេស៊ុយអេឡា ពួកវានឹងត្រូវបំផ្លាញចោលនៅទីនោះតែម្តង»៕

កាំជ្រួចអ៊ីរ៉ង់ត្រូវបានបាញ់កាលពីថ្ងៃ២១តុលា ក្នុងសមយុទ្ធកងការពារដែនអាកាស និងដើម្បីសាកល្បងប្រព័ន្ធកាំជ្រួចផលិតក្នុងស្រុក