
ដោយៈ បាយ័ន / សៀមរាបៈ អ្នកស្រុកស្វាយលើ ចំនួន ១០ នាក់ បានពុលមាន់សាច់ខ្មៅ នៅពេលយកមកធ្វើម្ហូប ក្លែមស្រា ស ។ ហេតុការណ៍នេះ បានបង្កឱ្យមានការភ្ញាក់ផ្អើល កើតឡើង នៅវេលាម៉ោង ៦ ល្ងាច ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ នៅភូមិត្រពាំងពពេល ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប។
សមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថាៈ ជនរងគ្រោះ ក្នុងករណីពុលអាហារ ចំនួន ១០ នាក់នោះ រួមមានៈ ១.ឈ្មោះ សួន ប្រាន ភេទស្រី អាយុ៦២ឆ្នាំ, ក្រៅពីនេះ ជាមនុស្សប្រុស គឺៈ ២.ឈ្មោះ ព្រឿន រ៉េត អាយុ២៦ឆ្នាំ , ៣.ឈ្មោះ ព្រឿន ប្រង់ អាយុ៤២ឆ្នាំ , ៤.ឈ្មោះ ជុជ នុន អាយុ៣៦ឆ្នាំ , ៥.ឈ្មោះ ប្រង់ ហូ អាយុ១៣ឆ្នាំ , ៦.ឈ្មោះ ណាំ ណាល់ អាយុ៣៣ឆ្នាំ , ៧.ឈ្មោះ ចិន មាន អាយុ៣០ឆ្នាំ , ៨.ឈ្មោះ ព្រៀម វ៉ាន អាយុ៥៤ឆ្នាំ , ដោយឡែក ក្នុងនោះ ក៏មានកុមារា ពីរនាក់ដែរ គឺ ៩.ឈ្មោះ ថា ភារម្យ អាយុ៦ឆ្នាំ និង១០.ឈ្មោះ ថា លីងអ៊ា អាយុ៣ឆ្នាំ ។ ជនរងគ្រោះទាំងនេះ មានទីលំនៅ នៅក្នុងភូមិត្រពាំងពពេល ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប។

តាមការបំភ្លឺពី ប្រជាជន នៅទីនោះ បានអោយដឹងថា ពួកគាត់ បានបបួលគ្នាផឹកស្រា ស ក្លែមម្ជូរលេង នៅនឹងផ្ទះ បន្ទាប់មក អត់អីក្លែមស្រា ពួកគាត់ បានយកមាន់សាច់ខ្មៅ ចំនួន ១ ក្បាល ដែលងាប់ យកមកធ្វើម្ហូបក្លែម (ឆាក្តៅ មាន់សាច់ខ្មៅ) ដើម្បីក្លែមស្រា ស ហើយមាន់ងាប់នោះ ម្ចាស់ទើបតែចាក់ថ្នាំ ការពារថ្មីៗ ។ ណៅពេលហូបរួច ស្រាប់តែពួកគាត់ មានអាការៈវិលមុខ ថប់ដង្ហើមតឹង ក្នុងខ្លួន និងក្អូតចង្អោរ ហើយមានអ្នកដូល សន្លប់បាត់ស្មារតី ហេតុដូចនេះ ក៍ត្រូវបានសាច់ញាតិ នាំមកសង្គ្រោះ នៅមណ្ឌលសុខភាព ស្វាយលើ ។
សមត្ថកិច្ចនគរបាល ស្រុកស្វាយលើ បានចុះទៅពិនិត្យជាក់ស្តែង នៅមណ្ឌលសុខភាព គឺជនរងគ្រោះ ខាងលើ ត្រូវបានគ្រូពេទ្យ មណ្ឌលសុខភាព កំពុងសង្គ្រោះនៅឡើយ៕ /R
