ដោយៈ សរិទ្ធ / ភ្នំពេញៈ ជនសង្ស័យ ពីរនាក់ ដែលបានធ្វើសកម្មភាព ឆក់កាបូប បណ្តាលឱ្យស្ត្រីម្នាក់ រងរបួស បានត្រួវសមត្ថកិច្ច នគរបាលខណ្ឌពោធិ៍សែនជ័យ បញ្ជូនមកតុលាការ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ដើម្បីចាត់ការតាមច្បាប់។
ហេតុការណ៍ នៃការប្រព្រឹត្តបទល្មើសនេះ បានកើតឡើង កាលពីព្រឹកថ្ងៃទី២៤ តុលា កន្លងទៅ នៅតាមបណ្តោយផ្លូវបេតុង ជាប់ផ្លូវរថភ្លើង ខាងលិចប៉ុស្តិ៍កាកាបទី២ ក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ច បានឱ្យដឹងថាៈ ជនសង្ស័យ ឈ្មោះ ប៊ុន ឈឿន ពិសិដ្ឋ ភេទប្រុស អាយុ១៨ឆ្នាំ និងឈ្មោះ អាសង់ ទី ភេទប្រុស អាយុ១៨ឆ្នាំ ត្រូវសមត្ថកិច្ចនគរបាល ខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនជាបន្តបន្ទាប់ នៅថ្ងៃទី២៥ តុលា ។
សមត្ថកិច្ច បានបញ្ជាក់ថាៈ នៅថ្ងៃកើតហេតុ ស្ត្រីរងគ្រោះ ជិះម៉ូតូហុងដា ឌ្រីម ស៊េរីឆ្នាំ២០០៨ ពាក់ស្លាកលេខ កំពត 1C-8834 មានដឹកបន្លែ មកពីផ្សារ ធ្វើដំណើរក្នុងទិសដៅ ពីខាងកើត ទៅខាងលិច តាមបណ្តោយផ្លូវ ខាងលើ។ រហូតមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យ ពីរនាក់ ជិះម៉ូតូម៉ាកស៊ុយហ្ស៊ុយគី និច មិនចាំស្លាកលេខ មកពីក្រោយ បានធ្វើសកម្មភាព ឆក់យកកាបូបបានសម្រេច ដែលនៅក្នុងនោះ មានទូរស័ព្ទ លុយ និងសម្ភារផ្សេងៗទៀត រួចជនរងគ្រោះ ក៏បានដួលបោកក្បាល សន្លប់ស្តូកស្តឹង ត្រូវបញ្ជូនទៅសង្គ្រោះ នៅមន្ទីពេទ្យភាមៗ។ បន្ទាប់ពីធ្វើសកម្មភាពរួច ជនសង្ស័យទាំង ពីរនាក់ ព្យាយាមគេចខ្លួនបាន ១ថ្ងៃ ត្រូវកម្លាំងប៉ុស្តិ៍សហការគ្នា តាមក្របួចជាប់តែម្តង៕/R
