ផ្ទុះ​ម៉ាស៊ីន​ខ្ទាត​អំបែងនាំអោយ​បែក​កញ្ចក់​បង្អួច​យន្តហោះ តែ​សំណាង​បាន​ចុះ​ដោយ​សុវត្ថិភាព​នៅ​អាមេរិក ទោះ​ជា​ស្លាប់​អ្នកដំណើរ​ម្នាក់​

3648
ចែករម្លែក

យន្តហោះ​មួយ​នៃ​ក្រុមហ៊ុន​អាកាសចរណ៍​Southwest Airlines​ជាមួយនឹង​ម៉ាស៊ីន​ខូច​និង​កញ្ចក់​បង្អួច​បែក​ប្រុង​បឺត​អ្នកដំណើរ​ចេញ​ទៅ​ក្រៅ បានធ្វើការ​ចុះចត​គ្រា​អាសន្ន​​នៅ​អាកាសយានដ្ឋាន​ក្រុង​ហ្វីឡា​ដែល​ហ្វៀ កាលពី​ថ្ងៃ​អង្គារ​ទី​១៧​មេសា បណ្តាល​អោយ​អ្នកដំណើរ​៨​នាក់​រងរបួស ក្នុងនោះ​ម្នាក់​របួសធ្ងន់​។​អ្នកដំណើរ​ដែលរ​បួស​ធ្ងន់​​ត្រូវបាន​នាំ​ទៅកាន់​មន្ទីរពេទ្យ​និង​បាន​ស្លាប់​។​

​ពួក​មន្ត្រី​និយាយ​ថា កញ្ចក់​បង្អួច​មួយ​បាន​បែកខ្ទេច​និង​ផ្នែក​នៃ​គំរប​ម៉ាស៊ីន​បាន​ខូចខាត​។​ឧបទ្ទវហេតុ​ព្រលឹងចុងសក់​នេះ កើតឡើង​ខណៈ​យន្តហោះ​កំពុង​ធ្វើដំណើរ​ពី​​អាកាសយានដ្ឋាន​La Guardia​ក្រុង​ញូវយ៉ក​ទៅ​ក្រុង​ដា​ឡាស រដ្ឋ​តិច​សាស ជាមួយនឹង​អ្នកដំណើរ​១៤៣​នាក់​និង​សមាជិក​យន្តហោះ​៥​នាក់​។​

​យន្តហោះ​Boeing Co 737-700​បានធ្វើការ​ចុះចត​ដោយ​សុវត្ថិភាព និង​រដ្ឋបាល​អាកាសចរណ៍​សហព័ន្ធ​អាមេរិក​បាន​ធ្វើ​ការស៊ើបអង្កេត រួម​ទាំង​ដឹក​ម៉ាស៊ីន​យន្តហោះ​ទៅ​​ត្រូតពិនិត្យ​ផងដែរ​។​

​អ្នកដំណើរ​ម្នាក់​នៅលើ​យន្តហោះ​បាន​និយាយថា​ស្ត្រី​ម្នាក់​ត្រូវបាន​ខ្យល់​ស្រូប​ចេញពី​បង្អួច​យន្តហោះ​បែក​មួយ​ខ្លះ​ទៅ​ហើយ​បន្ទាប់​ពី​វា​បែក​ដោយសារ​បំណែក​ដែក​​ដែល​ខ្ទាត​មកពី​ម៉ាស៊ីន​។​តែ​អ្នកដំណើរ​ក្នុង​យន្តហោះ​បាន​នាំគ្នា​ជួយ​ទាញ​នាង​ចូល​មក​វិញ​។​

​រូប​បង្ហោះ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​បង្ហាញ​អ្នកដំណើរ​អង្គុយ​ក្រោម​ជំនួយ​ពី​ម៉ាស​ខ្យល់​អុកស៊ីសែន ។​

​សូមបញ្ជាក់​ថា ជាមួយនឹង​យន្តហោះ​ប្រមាណ​៧០០​គ្រឿង​សុទ្ធតែ​ស៊េរី 737 Southwest​ជា​ក្រុមហ៊ុន​ធំ​បំផុត​នៅក្នុង​លោក​ដែល​ប្រើ​យន្តហោះ Boeing 737​ដែល​ល្បី​​ខាង​សុវត្ថិភាព​ល្អ​។​

​ការ​មាន​បញ្ហា​ម៉ាស៊ីន​នេះ​នាំអោយ​គេ​នឹកឃើញ​ព្រឹត្តិការណ៍​ស្រដៀង​គ្នា​មួយ​លើ​យន្តហោះ​Southwest Boeing 737-700 កាលពី​ខែ​សីហា​ឆ្នាំ​២០១៦​។​ពេល​នោះ​អំបែង​​ខ្ទាត​មកពី​ម៉ាស៊ីន​បណ្តាលអោយ​តួ​យន្តហោះ​ធ្លុះ​លើ​ស្លាប និង​បង្ខំ​អោយ​អាកាសយានិក​ចុះចត​គ្រាអាសន្ន​ផង​ដែរ​នៅ​រដ្ឋ​ផ្លរីដា​៕​ដោយ​៖​វាសនា​

ទីតាំងផ្សាយពាណិជ្ជកម្ម