វាសនា/បាងកក៖ ពួកបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យនៅថៃឡង់ដ៍ បានបង្កើននិងពង្រីកការតវ៉ាប្រឆាំងរបស់គេដល់កំរិតអន្តរជាតិកាលពីថ្ងៃចន្ទនិងអង្គារទី២៧តុលាដោយបាននាំគ្នាដើរដង្ហែទៅកាន់ស្ថានទូតអាឡឺម៉ង់ប្រចាំក្រុងបាងកក ដើម្បីអំពាវនាវអោយរដ្ឋាភិបាលរបស់អធិកាបតី អង់ហ្គេឡា មឺគែល ធ្វើការស៊ើបអង្កេតថាតើស្តេចថៃបានប្រើឥទ្ធិពលនយោបាយទេក្នុងអំឡុងពេលព្រះអង្គគង្គនៅព្រះរាជដំណាក់នៅក្រុងបាវ៉ារៀ។
ពួកបាតុករក៏រិះគន់សភារបស់ខ្លួន ដែលកំពុងជួបប្រជុំចាប់តាំងពីថ្ងៃចន្ទមក ដើម្បីពិភាក្សារកវិធីបន្ថយកំដៅនយោបាយបង្កឡើងពីការតវ៉ាប្រឆាំងដឹកនាំដោយក្រុមនិស្សិតជាង៣ខែមកនេះ តែមិននិយាយអំពីការទាមទាររបស់ពួកគេទេ។
ពួកបាតុករទាមទារអោយនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ចុះចេញពីតំណែង សរសេររដ្ឋធម្មនុញ្ញថ្មីនិងកែទំរង់របបរាជានិយម។ពួកគេជឿថា ស្តេចបច្ចុប្បន្ន មានអំណាចច្រើនហួសហេតុ ខុសពីព្រះមហាក្សត្រអាស្រ័យធម្មនុញ្ញមានចែងក្នុងច្បាប់រដ្ឋធម្មនុញ្ញ។
បើតាមអ្នកកាសែតនៃទីភ្នាក់ងារសារព័ត៌មានAP បាតុករប្រមាណ៥.០០០ទៅ១០.០០០នាក់ បានផ្គើននឹងការព្រមានរបស់ប៉ូលិសហាមមិនអោយពួកគេជួបជុំតវ៉ាដោយខុសច្បាប់ និងបាននាំគ្នាដើរទៅកាន់ស្ថានទូតក្នុងកិច្ចខិតខំមួយដើម្បីទាក់ទាញការចាប់អារម្មណ៍ពីស្តេច មហា វេចរ៉ាឡុងកន ដែលព្រះអង្គគង្គនៅអាឡឺម៉ង់ភាគច្រើនជាមួយស្រីស្នំជាច្រើន។ពួកគេបានប្រគល់លិខិតមួយទៅកាន់មន្ត្រីស្ថានទូតដោយស្នើសុំអោយអាឡឺម៉ង់ធ្វើការស៊ើបអង្កេតថាតើ ស្តេចអង្គនេះបាន«ពាក់ព័ន្ធក្នុងនយោបាយថៃ ដោយប្រើបុព្វសិទ្ធិរបស់ទ្រង់ដើម្បីបង្គាប់បញ្ជាចេញពីអាឡឺម៉ង់ដែរឬអត់»។
ពួកគេនិយាយថាអំពើដូច្នេះវារំលោភអធិបតេយ្យភាពអាឡឺម៉ង់ និងបង្ហាញថាចំណាត់ការរបស់ពួកគេដើម្បីយាងស្តេចរបស់គេអោយវិលមកប្រទេសថៃវិញដើម្បីស្តារប្រទេសឆ្ពោះទៅកាន់«មាគ៌ានៃរបបរាជានិយមអាស្រ័យធម្មនុញ្ញ»។

សូមបញ្ជាក់ថា ក្នុងពេលបើកសម័យប្រជុំសភាកាលពីថ្ងៃចន្ទ ប្រធានសភា លោកឈួន លីកផៃ បាននិយាយថា សភាមិនពិភាក្សាអំពីតួនាទីរបស់ព្រះមហាក្សត្រទេ ខណៈនាយករដ្ឋមន្ត្រីផ្តោតលើការតវ៉ាប្រឆាំងខុសច្បាប់។
បើតាមលោកប្រាយុទ្ធ «នៅថៃឡង់ដ៍ មនុស្សរាប់លាននាក់មិនចង់ឃើញការផ្លាស់ប្តូរតាមរយៈភាពចលាចលវឹកវរតាមដងផ្លូវទេ។គ្រប់គ្នាមានជំនឿផ្ទាល់របស់គេ តែពួកគេគួរដោះស្រាយការខ្វែងទស្សនៈគ្នាតាមរយៈសភា»៕
បាតុកររាប់ពាន់នាក់ដើរទៅកាន់ស្ថានទូតអាឡឺម៉ង់ដើម្បីសុំអោយមានការស៊ើបអង្កេតលើស្តេចថៃ
សិស្សនិងលោកសង្ឃក៏ចូលរួមការប្រឆាំងតវ៉ា