ប្រែសម្រួល: ពិសិដ្ឋ
ក្លឹប Manchester United នៅតែរក្សាចំណាប់អារម្មណ៍លើខ្សែប្រយុទ្ធ អឺលិង ហាឡែន (Erling Haaland) របស់ក្លឹប Dortmund ព្រមទាំងមិត្តរួមក្រុម ចាឌិន សានចូ (Jadon Sancho) ផងដែរ។
ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស សានចូ គឺជាគោលដៅផ្ទេរកំពូលនៅរដូវក្តៅនេះរបស់ក្លឹប Manchester United ប៉ុន្តែការព្យាយាមផ្ទេរនេះមិនដែលលេចចេញជារូបរាងនោះទេ ស្របពេលលោក អូឡេ ហ្គាន់ណា សូលស្យែរ ងាកមកផ្ទេរខ្សែប្រយុទ្ធចាស់វស្សា អេឌិនសិន កាវ៉ានី (Edinson Cavani) ។
ក្លឹប United ក៏នៅតែរក្សាចំណាប់អារម្មណ៍លើខ្សែប្រយុទ្ធសញ្ជាតិន័រវ៉េស ហាឡែន ដែលលោក សូលស្យែរ ធ្លាប់បង្វឹកអំឡុងពេលលោកនៅដឹកនាំក្លឹប Molde ហើយកីឡាករវ័យ២០ឆ្នាំរូបនេះមានលក្ខខណ្ឌទិញផ្តាច់ ៦៨លានផោនកាលពីរដូវក្តៅឆ្នាំ ២០២២ នៅក្នុងកិច្ចសន្យាជាមួយនឹងក្លឹប Dortmund ។
តាមព័ត៌មានថា លោក សូលស្យែរ បដិសេធមិនឆ្លើយតបនឹងការទាមទាររបស់លោក មីណូ រ៉េអូឡា (Mino Raiola) ជាភ្នាក់ងាររបស់កីឡាករ ហាឡែន នៅពេលខ្សែប្រយុទ្ធរូបនេះផ្ទេរចេញពីក្លឹប RB Salzburg មកកាន់ក្លឹប Dortmund កាលពីខែមករា ហើយនៅតែជាគោលដៅផ្ទេរចម្បងរបស់ក្លឹប United ។ ទោះបីជាយ៉ាងណា ទំនាក់ទំនងរបស់កីឡាករ ហាឡែន និងលោក សូលស្យែរ នៅតែរឹងមាំ ហើយក្លឹប United អាចនឹងបន្តចំណាប់អារម្មណ៍នេះក្នុងពេលឆាប់ៗ។
លោក រ៉េអូឡា កន្លងមកធ្លាប់មានការប៉ះទង្គិចខ្លះជាមួយលោក សូលស្យែរ និងក្លឹប United ជាពិសេសជុំវិញអនាគតយូរអង្វែងរបស់កីឡាករ ផូល ប៉ុកបា។
បើទោះបីជាការពិតដែលថា United បានបដិសេធមិនឆ្លើយតបនឹងតម្លៃ ១០៨ លានផោន ដែលក្លឹប Dortmund ទាមទារសម្រាប់កីឡាករ សានចូ កាលពី រដូវក្តៅក៏ដោយ ក៏លទ្ធភាពនៃការសម្រេចកិច្ចព្រមព្រៀងផ្ទេរនៅមិនទាន់ទៅណាឆ្ងាយពីចិត្តរបស់លោក អេដ វូដវើដ (Ed Woodward) ។
បើទោះបីជាក្លឹប United ទទួលបានខ្សែប្រយុទ្ធ កាវ៉ានី ប៉ុន្តែពួកគេនៅតែអន្ទះសាចង់សម្រេចកិច្ចព្រមព្រៀងផ្ទេរខ្សែប្រយុទ្ធវ័យ២០ឆ្នាំរូបនេះដដែល៕ ល