ដោយ: សរិទ្ធ / ភ្នំពេញ: នៅរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ផេកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានផ្សព្វផ្សាយសេចក្តីបកស្រាយបំភ្លឺរបស់ប៉ុស្តិ៍នគរបាលផ្សារកណ្តាលទី១ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បដិសេធព័ត៌មានតាមបណ្តាញព័ត៌មានសង្គមថា មានទីតាំងកត់ឆ្នោតវៀតណាមក្នុងផ្សារកណ្តាល។

តាមបណ្តាញព័ត៌មានសង្គមបានបញ្ជាក់ថា ប្រជាពលរដ្ឋបានរាយការណ៍មកថា មានទីតាំងកត់ឆ្នោតវៀតណាមជាច្រើន ស្ថិតក្នុងផ្សារកណ្ដាល ផ្លូវលេខ១៣ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កំពុងតែបើកលេងដោយសេរី គ្មានការខ្លាចញញើតច្បាប់អ្វីបន្តិចសោះឡើយ ខណៈអាជ្ញាធរនិងសមត្ថកិច្ចខណ្ឌដូនពេញមិនទាន់ចុះបង្ក្រាប។
ប្រភពដដែលបានបន្តថា ប្រជាពលរដ្ឋបានប្រាប់អ្នក សារព័ត៌មាន ថា ទីតាំងកត់ឆ្នោតវៀតណាមខុសច្បាប់ជាច្រើន នៅក្នុងផ្សារកណ្ដាល បានបើកលេងដោយមិនមានការលាក់លៀមអ្វីនោះឡើយ ដោយពួកគាត់សង្ស័យថា មានបុគ្គលឈ្មោះ ហេង ម៉េង ជាអ្នកមើលការខុសត្រូវ។
ជុំវិញបញ្ហានេះនៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ក្រោយពីទទួលបានព័ត៌មានតាមបណ្តាញព័ត៌មានសង្គមថាមានទីតាំងកត់ឆ្នោតវៀតណាមក្នុងផ្សារកណ្តាលនោះមក លោកអធិការនគរបាលខណ្ឌដូនពេញ បានបញ្ជាអោយកម្លាំងប៉ុស្តិ៍ សហការជាមួយ កម្លាំងជំនាញខណ្ឌ សង្កាត់ និងគណ:កម្មការផ្សារកណ្ដាល បានបានចុះទៅពិនិត្យជាបន្ទាន់ ។

ក្រោយការត្រួតពិនិត្យសមត្ថកិច្ចបានអះអាងថាពុំមានដូចសារព័ត៌មានមួយចំនួនបានចុះផ្សាយនោះទេ ជាក់ស្តែងទីតាំងខាងលើមានតែបើកលក់ឆ្នោតជាតិតែប៉ុណ្ណោះដែលមាន យីហោ Modern Lottory KPS ឆ្នោតខ្មែរ ដំរីមាស ។
ចំពោះមុខនគរបាលប៉ុស្តិ៍ នៅតែតាមដានត្រួតពិនិត្យជាប្រចាំ ប្រសិនបើមានសកម្មភាពប្រព្រឹត្តនូវអំពើល្បែងខុសច្បាប់ណាមួយ ប៉ុស្តិ៍នឹងចាត់វិធានការបង្ក្រាបភ្លាម ៕ ល