ដោយៈ សុផល / ភ្នំពេញៈ សម័យប្រជុំលើកទី៦ នីតិកាលទី៤ របស់ព្រឺទ្ធសភា ដឹកនាំដោយ កិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា ប្រធានស្តីទី ព្រឹទ្ធសភា កាលពីព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ បានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុង លើសេចក្តីព្រាងច្បាប់ចំនួន ៦ ។

ច្បាប់ទាំង ៥ នោះគឺ៖ ១- សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រម លើសន្ធិសញ្ញា ស្តីពីការជួយគ្នាទៅវិញទៅមក ផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ ។ ២-សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័ត យល់ព្រម លើអនុសញ្ញា ស្តីពីបត្យាប័ន រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋបារាំង ។ ៣- សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រម លើសន្ធិសញ្ញា ស្តីពីការជួយគ្នា ទៅវិញទៅមក ផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌ រវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី ។ ៤-សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រម លើអនុសញ្ញា មីណាម៉ាតា ស្តីពីបារត និង៥-សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រម លើវិសោធនកម្ម ពិធីសារម៉ុងរ៉េអាល់ ស្តីពីសារធាតុបំផ្លាញ ស្រទាប់អូហ្សូន ។
សូមជម្រាបថាៈ សេចក្តីព្រាងច្បាប់ទាំង ៥ នេះ ត្រូវបានរដ្ឋសភា អនុម័ត កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ នាសម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៦។
សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រម លើសន្ធិសញ្ញា ស្តីពីការជួយគ្នាទៅវិញទៅមក ផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ តាក់តែងឡើង មានគោលបំណង បង្កើនប្រសិទ្ធភាព នៃប្រទេសទាំងពីរ ក្នុងការបង្ការ ការស៊ើបអង្កេត ការចោទប្រកាន់ និងការបង្ក្រាបបទល្មើស តាមរយៈសហប្រតិបត្តិការ និងការជួយគ្នា ទៅវិញទៅមក ក្នុងវិស័យព្រហ្មទណ្ឌ។

សេចក្តីព្រាងច្បាប់នេះ មានសារៈសំខាន់ និងអត្ថប្រយោជន៍ ដើម្បីលើកកម្ពស់ កិច្ចសហប្រតិបត្តិការ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ ក្នុងការលុបបំបាត់ឧក្រិដ្ឋកម្ម ដោយឈរលើគោលការណ៍ គោរពនូវអធិបតេយ្យភាព សមភាព និងផលប្រយោជន៍ ទៅវិញទៅមក និងជាផ្នែកមួយ នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការរួមចំណែកយ៉ាងសកម្ម ក្នុងក្របខ័ណ្ឌច្បាប់អន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំង ទប់ស្កាត់បទឧក្រិដ្ឋកម្មឆ្លងដែន រួមមាន ការជួញដូរមនុស្ស ជាពិសេសស្ត្រី និងកុមារ អំពើពុករលួយ ការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម និងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។ សន្ធិសញ្ញានេះ នឹងក្លាយជាមូលដ្ឋានគតិយុត្ត សម្រាប់ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ ក្នុងការធ្វើសំណើ និងអនុវត្តសំណើ សុំជំនួយទៅ។
សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រម លើអនុសញ្ញា ស្តីពីបត្យាប័ន រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋបារាំង មានគោលបំណង ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ក្នុងការប្រឆាំងឧក្រិដ្ឋកម្ម ដោយគោរពតាម គោលការណ៍ រដ្ឋធម្មនុញ្ញរៀងៗខ្លួន អធិបតេយ្យភាព សមភាព និងផលប្រយោជន៍គ្នា ទៅវិញទៅមក ព្រមទាំងជាផ្នែកមួយ នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការរួមចំណែកយ៉ាងសកម្ម ក្នុងក្របខ័ណ្ឌច្បាប់អន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំងទប់ស្តាត់ឧក្រិដ្ឋកម្មឆ្លងដែន រួមមាន ការជួញដូរមនុស្ស ជាពិសេសស្ត្រី និងកុមារ ការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងការប្រឆាំងអំពើពុករលួយ។ សេចក្តីព្រាងច្បាប់នេះ ផ្តល់សារសំខាន់ និងអត្ថប្រយោជន៍ ដល់គូភាគី ក្នុងការបង្កើតឱ្យមាននូវ ក្របខ័ណ្ឌច្បាប់ ដើម្បីស្វែងរកជនល្មើស ដែលទាមទារឱ្យមាន កិច្ចសហប្រតិបត្តិការ ក្នុងក្របខ័ណ្ឌអន្តរជាតិ ក្នុងវិស័យព្រហ្មទណ្ឌ។
សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រម លើសន្ធិសញ្ញា ស្តីពីការជួយគ្នាទៅវិញទៅមក ផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌ រវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី មានគោលបំណង ពង្រឹងមូលដ្ឋានច្បាប់ នៃការផ្តល់ការជួយគ្នា ទៅវិញទៅមក ក្នុងវិស័យព្រហ្មទណ្ឌ លើកកម្ពស់កិច្ចសហប្រតិបត្តិការ រវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី ដោយឈរលើគោលការណ៍ គោរពនូវអធិបតេយ្យភាព សមភាព សុចរិត ភាពដែនដី មិនជ្រៀតជ្រែក កិច្ចការផ្ទៃក្នុង និងផលប្រយោជន៍ គ្នាទៅវិញទៅមក ព្រមទាំងជាផ្នែកមួយ នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការរួមចំណែក យ៉ាងសកម្ម ក្នុងក្របខ័ណ្ឌ ច្បាប់អន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំងទប់ស្កាត់ បទឧក្រិដ្ឋកម្មឆ្លងដែន រួមមាន ការជួញដូរមនុស្ស ជាពិសេសស្ត្រី និងកុមារ អំពើពុករលួយ ការប្រយុទ្ធប្រឆាំង នឹងអំពើភេរវកម្ម និងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ជាអាទិ៍ ដោយអនុលោម តាមច្បាប់ជាតិរបស់គូភាគី និងគោរពគោលការណ៍ នៃច្បាប់អន្តរជាតិ។ សេចក្តីព្រាងច្បាប់នេះ ផ្តល់សារសំខាន់ និងអត្ថប្រយោជន៍ ដល់គូភាគី ក្នុងការបង្កើតឱ្យមាន ក្របខ័ណ្ឌគតិយុត្ត សម្រាប់ព្រះរាជាណា ចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី ក្នុងការធ្វើសំណើ និងអនុវត្តសំណើសុំជំនួយ ទៅវិញទៅមកផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌ ដើម្បីជួយដល់ការស៊ើបអង្កេត និងនីតិវិធីតុលាការ របស់ភាគីនីមួយៗ ហើយមានវិសាលភាពជំនួយផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌ។

សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រម លើអនុសញ្ញា មីណាម៉ាតា ស្តីពីបារត មានគោលបំណងដើម្បីការពារសុខភាពមនុស្ស គាំពារបរិស្ថាន ពីការបញ្ចេញ ការសាយភាយបារត និងសមាសធាតុបារត ដែលបង្កឡើងដោយ សកម្មភាពរបស់មនុស្ស។ បារត ត្រូវបានចាត់ទុក ជាសារធាតុគីមីគ្រោះថ្នាក់ ដែលមានកម្រិតពុលខ្ពស់ មិនងាយបំបែកធាតុ និងផ្លាស់ទីបានចម្ងាយឆ្ងាយ ហើយអាចបង្កហានិភ័យខ្ពស់ ដល់សុខភាពមនុស្ស រួមមាន ការបង្កផលប៉ះពាល់ លើប្រព័ន្ធប្រសាទ ប្រព័ន្ធភាពស៊ាំ និងការរីកលូតលាស់ របស់ទារកក្នុងផ្ទៃ ព្រមទាំងបង្កជំងឺមហារីក និងជំងឺរ៉ាំរ៉ៃផ្សេងទៀត។
សេចក្តីព្រាងច្បាប់នេះ នឹងផ្តល់ជំនួយបច្ចេកទេស ជំនួយហិរញ្ញវត្ថុ ពីប្រទេសអភិវឌ្ឍ និងអង្គការអន្តរជាតិពាក់ព័ន្ធ សម្រាប់ការអនុវត្តវិធានចាំបាច់ ដែលបញ្ញត្តិ នៅក្នុងអនុសញ្ញានេះ និងបានរួមចំណែកបំពេញបន្ថែម ដល់ការអនុវត្តអនុសញ្ញាពហុភាគី ក្នុងវិស័យគាំពារបរិស្ថាន ដែលព្រះរាជាណាចក្រកម្ពុជា បានចូលជាភាគី ព្រមទាំងបានរួមចំណែក ក្នុងការអនុវត្តយុទ្ធសាស្ត្រ ចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល គោលនយោបាយ កាត់បន្ថយភាពក្រីក្រ លើកកម្ពស់កិច្ចគាំពារ បរិស្ថាន សំដៅឆ្ពោះទៅសម្រេចបាន នូវការអភិវឌ្ឍប្រទេស ប្រកបដោយចីរភាព។

សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រម លើវិសោធនកម្ម ពិធីសារម៉ុងរ៉េអាល់ ស្តីពីសារធាតុបំផ្លាញស្រទាប់អូហ្សូន នឹងរួមចំណែកក្នុង ការអនុវត្តយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល គោលនយោបាយ កាត់បន្ថយភាពក្រីក្រ លើកកម្ពស់កិច្ចគាំពារបរិស្ថាន ឆ្លើយតបទៅនឹងការប្រែប្រួល អាកាសធាតុ និងអភិរក្សធនធានធម្មជាតិ សំដៅឆ្ពោះទៅសម្រេចបាន នូវការអភិវឌ្ឍប្រទេស ប្រកបដោយនិរន្តរភាព៕ ល