ដោយៈប.ខុន/ភ្នំពេញៈក្រសួងធនធានទឹកនិងឧតុនិយម នៅថ្ងៃទី២៧ខែតុលាឆ្នាំ២០២០ បានជូនដំណឹង ស្តីពីស្ថានភាពអាកាសធាតុសម្រាប់ពីថ្ងៃទី២៨ខែតុលាដល់ថ្ងៃទី ៣ខែវិច្ឆិកាថា នៅថ្ងៃទី២៦ខែ តុលាព្យុះទី១៨ឈ្មោះម៉ូឡាវ( MOLAVE ) បានបង្កើនឥទ្ធិពល ពេលដើរចូលដល់ក្នុងសមុទ្រចិនខាងត្បូង ។ ព្យុះនេះមានទិសដៅឆ្ពោះទៅ រក ប្រទេសវៀតណាមត្រង់ចំណុចខេត្តក្វាងងៃ (QUANG NGAI) ហើយវាមានឥទ្ធិ ពលមកលើ ប្រទេ សកម្ពុជានៅថ្ងៃទី២៨និង២៩ខែតុលា។
ប្រភពដដែលបានបន្តទៀតថា បណ្តាខេត្តនៅតំបន់វាលទំនាប កណ្តាល សីតុណ្ហភាពអប្បបរមាមានពី២១ទៅ២៤អង្សាសេ, សីតុណ្ហភាពអតិបរមាមានពី២៧ទៅ៣០អង្សាសា។ បណ្តារាជធានី ខេត្តនៅភាគ ខាងក្រោមនិងជាប់ ព្រំដែនវៀតណាមភ្លៀងនៅបន្តមានក្នុងកម្រិតពីតិចទៅមធ្យមរហូតដល់ថ្ងៃទី២ខែវិច្ឆិកា ។ តែសម្រាប់ទី២៨និង២៩ខែតុលាពិសេសនៅភាគ ពាយព្យនឹងមាន ភ្លៀង ធ្លាក់រាយប៉ាយក្នុងកម្រិតពីមធ្យមទៅច្រើន។

សម្រាប់បណ្តាខេត្តជាប់ជួរភ្នំដងរែក និង ខ្ពង់រាបភាគឦសានសីតុណ្ហភាព អប្បបរមាមានពី២០ទៅ២២អង្សាសេ , សីតុណ្ហភាពអតិបរមាមានពី២៧ទៅ៣០ អង្សាសា។ ភ្លៀងនៅបន្តមានក្នុងកម្រិតពីតិចទៅបង្គួររហូតដល់ថ្ងៃទី២ខែវិច្ឆិកាតែ ច្រើនលាយឡំនឹងខ្យល់ខ្លាំងនៅថ្ងៃទី២៨និង២៩ខែតុលា។ចំពោះតំបន់មាត់សមុទ្រសីតុណ្ហភាពអប្បបរមាមានពី២២ទៅ២៤អង្សាសេ, សីតុណ្ហភាពអតិបរមាមានពី២៧ទៅ២៩អង្សាសា ។ អាចមានភ្លៀងក្នុងកម្រិត ពី តិចទៅបង្គួរ។

លោក ចាន់ យុត្ថា អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងធនធានទឹកនិង ឧតុនិយមបានប្រាប់រស្មីកម្ពុជាឱ្យដឹងនៅព្រឹកថ្ងៃទី២៧ខែតុលាឆ្នាំ២០២០ថាព្យុះទី១៨ ដែលក្រសួងបានជូនដំណឹងតាមរយៈសេចក្តីប្រកាសកាលពីថ្ងៃទី២៥ខែតុលា នៅព្រឹកថ្ងៃ២៧បានរំកឹលខ្លួនដល់ កណ្តាល សមុទ្រចិនខាងត្បូងហើយជាព្យុះទីហ្វុង(TY)កម្រិត២និងអាចឡើងដល់កម្រិត៣នៅ ពេលដើរដល់ឆ្នេររបស់ប្រទេសវៀតណាមនៅព្រឹកថ្ងៃទី២៨ខែតុលា។
លោក ចាន់ យុត្ថា បញ្ជាក់ថារហូតមកដល់ព្រឹកថ្ងៃទី២៧ខែតុលានេះដំណើរ របស់ព្យុះទី១៨ មិនទាន់មានការប្រែប្រួលទេ គឺដូចការព្យាកររបស់ក្រសួងដែលវា អាចនឹងនាំមកនូវទឹកភ្លៀងនិងខ្យល់ដល់តំបន់ខ្ពង់រាបភាគឦសាននិងខ្ពង់រាប ភាគខាងជើង។ តែសម្រាប់នៅប្រទេសវៀតណាមអាចប៉ះពាល់ខ្លាំងដោយគិត ត្រឹមយប់ថ្ងៃទី២៧ ខែតុលា គេបានជម្លៀសប្រជាពលរដ្ឋរហូតដល់រាប់សែននាក់ រួចទៅហើយចេញពីតំបនផ្លូវរបស់ព្យុះឆ្លងកាត់។

លោក ចាន់ យុត្ថា បានបន្ថែមឱ្យដឹងទៀតថាពេលនេះក្រសួងបាននឹងកំពុងធ្វើ ការតាមដានយ៉ាងយកចិត្តទុកដាក់អំពីសកម្មភាពរបស់ព្យុះនេះ ដោយសារវានឹងអាច ធ្វើឱ្យទឹកទន្លេមេគង្គងើបឡើងវិញជាថ្មីម្តងទៀតនៅចុងរដូវវស្សា។
ក្នុងសេចក្តីប្រកាសដដែលបានបន្តទៀតថាលក្ខណៈបែបនេះ នឹងធ្វើឲ្យអាកាសធាតុ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២០ មានស្ថានភាព ដូចខាងក្រោម ៖
បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន រួមមានខេត្ត រតនគិរី ស្ទឹងត្រែង ព្រះវិហារ និង ឧត្តរមានជ័យ អាចមានភ្លៀងធ្លាក់ច្រើនលាយឡំជាមួយនឹងខ្យល់ខ្លាំង ។បណ្តាខេត្តនៅតំបន់វាលទំនាប រួមមានខេត្តកំពង់ធំ សៀមរាប បន្ទាយមានជ័យ ប៉ៃលិននិងខេត្តបាត់ដំបង អាចមានភ្លៀងធ្លាក់ច្រើន ។
ប្រភពដដែលបានអំពាវនាវដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជនពិសេសបងប្អូនប្រជាពលរដ្ឋដែលនៅតំបន់ខាងលើ សូមជ្រាបជាព័ត៌មាន និងបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ៕/R