ដោយៈ សរិទ្ធ / ភ្នំពេញៈ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ នៅរសៀល ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ បានសេចក្តីបកស្រាយបំភ្លឺ ទាក់ទងទៅនឹងករណី ស្ត្រីជនជាតិចិនម្នាក់ ដែលសារព័ត៌មាន មួយចំនួន បានចុះផ្សាយថា ត្រូវបានចោរឆក់ កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ កន្លងទៅ ជាព័ត៌មានមិនពិត ពោលគឺមិនមានករណីឆក់ កើតឡើង ដូចស្ត្រីចិនរូបនេះ លើកឡើងឡើយ។
សេចក្តីបកស្រាយបំភ្លឺនេះ បានអះអាងថា បន្ទាប់ពីធ្វើការសហការ ស្រាវជ្រាវជាមួយ អធិការដ្ឋាននគរបាល ខណ្ឌដូនពេញ ប៉ុស្តិ៍នគរបាល រដ្ឋបាលចតុមុខ ការិយាល័យអនុវត្ត នីតិវិធី នៃផែនអន្តោប្រវេសន៍ ជាមួយនាយកដ្ឋានព្រហ្មទណ្ឌ អស់រយៈពេលប៉ុន្មានថ្ងៃ កន្លងមកនេះ នៅព្រឹកថ្ងៃទី២៧ តុលា សមត្ថកិច្ច បានរកឃើញស្ត្រីជនជាតិចិន ឈ្មោះ ZHAO YUNYAN ហើយបាននាំយកមក ធ្វើការសាកសួរ និងបំភ្លឺ ចំពោះករណីនេះ។

ចំពោះមុខសមត្ថកិច្ច ស្ត្រីចិនរូបនេះ បានសារភាពថា មិនមានករណីឆក់កើតឡើងនោះទេ គឺដោយសារតែគាត់ ចង់បានលុយ ដើម្បីត្រឡប់ទៅប្រទេសចិនវិញ ទើបប្រឌិតរឿងនេះឡើង។ ម្យ៉ាងវិញទៀត ដោយមានការសង្ស័យថា ស្ត្រីរូបនេះ ប្រើប្រាស់សារធាតុញៀន មន្ត្រីជំនាញ បានធ្វើតេស្តស្ត្រីជនជាតិចិនរូបនេះ ជាលទ្ធផលបានបង្ហាញថា ពិតជាបានប្រើប្រាស់ សារធាតុញៀន ពិតប្រាកដមែន ។
ពេលនេះ សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ និងប៉ុស្តិ៍នគរបាល រដ្ឋបាលចតុមុខ នៃអធិការដ្ឋាននគបាល ខណ្ឌដូនពេញ កំពុងរៀបចំឯកសារ បញ្ជូនស្ត្រីចិននេះ ទៅអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ និងសុំគោលការណ៍ ពីថ្នាក់ដឹកនាំ ត្រៀមបណ្តេញចេញពី ប្រទេសកម្ពុជា ៕/R