
ដោយៈ ឆាំង យុនាយកមជ្ឈមណ្ឌលឯកសារកម្ពុជា/ភ្នំពេញៈអនាគតនៃប្រទេសកម្ពុជាពឹងផ្អែកទៅលើប្រជាជនក្រីក្រ និងប្រជាជនងាយរងគ្រោះនិងរើសអើង ដែលភាគច្រើនបានទទួលរងទុក្ខវេទនានៅក្រោមរបបខ្មែរក្រហម។ ក្នុងស្មារតីជួយដល់សហគមន៍ក្រីក្រ ងាយរងគ្រោះនិងរើសអើងនានាក្នុងប្រទេសកម្ពុជា មជ្ឈមណ្ឌលឯកសារកម្ពុជា គ្រោងដាក់ដំណើរការសាកល្បងនូវកម្មវិធីអភិវឌ្ឍន៍របស់ខ្លួននៅក្នុងស្រុកអន្លង់វែង។
ស្ថិតនៅជើងភ្នំដងរែកនាតំបន់ដាច់ស្រយាលមួយឯភាគខាងជើងប្រទេស មានព្រំប្រទល់ជាប់ទៅនឹងប្រទេសថៃ ស្រុកអន្លង់វែងមានទំនាក់ទំនងយ៉ាងជ្រាលជ្រៅជាមួយនឹងអតីតកាលដ៏ខ្មៅងងឹតរបស់ប្រទេសកម្ពុជា។ ក្រោមការគ្រប់គ្រងរយៈពេលខ្លីប៉ុន្តែសាហាវឃោរឃដែលត្រូវបានស្គាល់តាមរយ”វាលពិឃាត”និងការបាត់បង់ជីវិតរបស់ប្រជាជនកម្ពុជាប្រមាណពីរលាននាក់របបប្រល័យពូជសាសន៍ខ្មែរក្រហត្រូវបានផ្ដួលរំលំដោយរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជានិងកងទ័ពវៀតណាម។ ជួរភ្នំនិងព្រៃព្រឹក្សាក្នុងស្រុកអន្លង់វែង គឺជាទីតាំងដែល ប៉ុល ពត និងក្រុមខ្មែរក្រហម បានភៀសខ្លួនទៅកាន់កាប់ហើយចាប់តាំងពីពេលនោះមតំបន់នេះបានក្លាយជាសមរភូមិសង្គ្រាមទ័ពព្រៃជាបន្តបន្ទាប់អស់រយៈកាលជាង២០ឆ្នាំ។ នៅចុងបញ្ចប់ ក្នុងខែធ្នូ ឆ្នាំ១៩៩៨ កងទ័ពខ្មែរក្រហមដែលនៅសេសសល់ចុងក្រោយបង្អស់ បានយល់ព្រមទម្លាក់អាវុនិងវិលមករួមរស់នៅក្នុងសង្គមកម្ពុជាវិញ។ទោះជាយ៉ាងណាក្តីសន្តិភាពនាអំឡុងរយៈពេលម្ភៃឆ្នាំចុងក្រោយនេះ មិនបានលុបបំបាត់នូវប្រវត្តិសាស្ត្រនៃទីកន្លែងដ៏អាស្រូវ ឬទីតាំងជាក់ស្ដែងនៃអំពើហិង្សាប្រឆាំងបក្សពួក ពលកម្មដោយបង្ខំ ការសម្លាប់យ៉ាងឃោរឃៅ ព្រមទាំងទីតាំងឃុំឃាំង ទីតាំងបូជា និងផ្នូររបស់ ប៉ុល ពត ជាដើមនោះទេ។
ប្រមាណ៨0ភាគរយនៃប្រជាជនស្រុកអន្លង់វែងសព្វថ្ងៃ គឺជាអតីតខ្មែរក្រហម ភាគច្រើនប្រកបមុខរបរកសិកម្មដុតព្រៃ ដែលមួយចំនួនបានបណ្ដាលឲ្យមានការបំផ្លិចបំផ្លាញព្រៃឈើឥតគណនានៅក្នុងប្រទេស។ មជ្ឈមណ្ឌលឯកសារកម្ពុជា បានចាប់ផ្ដើមដំណើរការនៃការផ្សះផ្សា ការចូលរួមចំណែក និងការអប់រំ តាមរយៈការកែប្រែផ្ទះមួយនៅលើភ្នំដងរែក ដែលធ្លាប់បានប្រើប្រាស់ដោយប៉ុលពតនិងថ្នាក់ដឹកនាំខ្មែរក្រហមដើម្បីរៀបចំផែនការសកម្មភាពហិង្សាឲ្យទៅជាមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង ដឹកនាំដោយបណ្ឌិត លី សុខឃាង។

ក្រសួងទេសចរណ៍ និងក្រុមការងារស្រាវជ្រាវរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា បានកំណត់ទីតាំងប្រវត្តិសាស្ត្រយ៉ាងហោច ១៤កន្លែង គិតចាប់ពីស្រុកអន្លង់មកដល់កំពូលភ្នំដងរែក។ ដោយសហការជាមួយសហគមន៍ក្នុងតំបន់ មជ្ឈមណ្ឌលកម្ពុជានឹងតភ្ជាប់ទីតាំងប្រវត្តិសាស្ត្រដែលបានកំណត់ទាំងអស់នេះបង្កើតជាផ្លូវថ្មើរជើងបត់បែនឆ្លងកាត់ទីក្រុងនិងតំបន់កសិកម្មផ្សេងៗ។ដំណើរការនៃការសិក្សាយល់ដឹងអំពីប្រវត្តិសាស្ត្រនិងដំណើរនៃការធ្វើឲ្យជាសះស្បើយដោយប្រើប្រាស់ទេសភាព បានច្របាច់បញ្ចូលគ្នាតែមួយ បង្កើតជាបទពិសោធន៍ថ្មើរជើងដ៏មានឥទ្ធិពលនិងសមស្របតាមបុគ្គលម្នាក់ៗ។ ដំណើរដោយថ្មើរជើងនឹងបញ្ចប់នៅព្រឹកនៃថ្ងៃទីបីដោយការគន់មើលថ្ងៃរះនៅមជ្ឈមណ្ឌលសន្តិភាពអន្លង់វែងស្ថិតនៅលើច្រាក់ភ្នំដងរែក។

ប្រវត្តិសាស្ត្រខ្មែរក្រហម គឺជាអ្វីដែលធ្វើឲ្យស្រុកអន្លង់វែងគួរជាទីចាប់អារម្មណ៍ប្លែកពីគេ ក៏ប៉ុន្តែតំបន់នេះមិនមែនមានសារសំខាន់ដោយសារតែប្រវត្តិសាស្ត្រក្នុងតំបន់តែមួយមុខប៉ុណ្ណោះទេ។ ស្រុកអន្លង់វែងមានតំបន់ប្រវត្តិសាស្ត្រយោធាជាច្រើន ដែលជាអតីតមូលដ្ឋានរបស់កងកម្លាំងយោធាកម្ពុជា និងរឿងរ៉ាវពាក់ព័ន្ធនឹងជម្លោះប្រដាប់អាវុធរវាងកងកម្លាំងយោធា, ការប្រឈមតទល់គ្នា និងការធ្វើសមយុទ្ធក្នុងតំបន់ជាច្រើន។ ប្រវត្តិសាស្ត្រយោធាដូចទៅនឹងប្រត្តិសាស្ត្រខ្មែរក្រហមដែរគឺមិនត្រឹមតែផ្ដល់នូវការយល់ដឹងជាក់ច្បាស់អំពីប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញអំពីការតស៊ូនិងភាពមិនងាយទ្រុឌទ្រោមរបស់ប្រជាជនកម្ពុជាទៀតផង។ វិធីសាស្ត្ររបស់យើងក្នុងការអភិវឌ្ឍតំបន់ គឺមិនមែនលុបបំបាត់ការចងចាំងពីអំពើហិង្សានិងរបួសផ្លូវចិត្តនោះទេ ក៏ប៉ុន្តែគឺកែប្រែតំបន់នេះ ពីទីតាំងនៃការឈឺចាប់ទៅជាទីតាំងនៃការរីកចម្រើនទៅថ្ងៃមុខ។ ជាឧទាហរណ៍ នៅទីតាំងមួយនៃការប្រព្រឹត្តអំពើហិង្សាលើស្ត្រី គឺទីតាំងដែលភរិយានិងកូនរបស់អតីតមេដឹកនាំផ្តាច់ខ្លួនម្នាក់ ត្រូវបានរំលោភនិងសម្លាប់អាចកែប្រែទៅជាមជ្ឈមណ្ឌលសម្រាប់ស្ត្រីដោយផ្តល់ជាការបណ្តុះបណ្តាលនិងការពិគ្រោះយោបល់។ ឃ្លាំងផ្ទុកនិងកែច្នៃគ្រាប់មីន អាចកែលម្អជាទីតាំងផលិតឈើច្រត់ រទេះជនពិការ និងកង់។

មជ្ឈមណ្ឌលឯកសារកម្ពុជា មានបំណងផ្លាស់ប្តូរមុខមាត់វិស័យទេសចរណ៍នៅក្នុងប្រទេសកម្ពុជា។ នៅក្នុងប្រទេសមួយដែលប្រជាជនភាគច្រើនរកចំណូលបានតិចជាង៦ដុល្លារសហរដ្ឋអាមេរិកក្នុងមួយថ្ងៃ ប្រទេសនេះគួរបង្កើនសកម្មភាពទេសចរណ៍ឲ្យបានច្រើន ដែលប្រសិនបើមិនអាចជាសកម្មភាពលក្ខណៈអប់រំ យ៉ាងហោចណាស់សកម្មភាពទេសចរណ៍ទាំងនោះគួរតែគាំទ្រផ្ទាល់ចំពោះប្រជាជនក្រីក្រ។ មជ្ឈមណ្ឌលឯកសារកម្ពុជា កំពុងរៀបចំកម្មវិធីសាកល្បងដែលផ្ដល់ការគាំទ្រផ្ទាល់ចំពោះប្រជាជនកម្ពុជាក្នុងតំបន់ តាមរយៈការបង្រៀនភាសាអង់គ្លេស និងប្រសិនបើអាចជាភាសាបារាំងនិងភាសាចិនដោយដោះដូរជាមួយនឹងទីតាំងស្នាក់អាស្រ័យដើម្បីសិក្សាយល់ដឹងអំពីជីវភាពនៅតាមទីជនបទប្រវត្តិសាស្ត្រវប្បធម៌។វិស័យទេសចរណ៍អាចផ្ដល់ជាអត្ថប្រយោជន៍រួមតាមរយៈការគាំទ្រចំពោះប្រជាជនក្រីក្រ ឬប្រជាជនងាយរងគ្រោះនិងរើសអើង ព្រមទាំងភាពសប្បាយរីករាយ និងភាពសុខដុមរមនាសម្រាប់ទេសចរ។ ទេសចរដែលចូលរួមក្នុងសកម្មភាពទេសចរណ៍ខាងលើអាចទទួលបាននូវការបញ្ជាក់ថាខ្លួនបានចូលរួមចំណែកតបស្នងដល់សហគមន៍ក្នុងតំបន់ស្របពេលដែលកំពុងទទួលបានបទពិសោធន៍ផ្សងព្រេងឬអារម្មណ៍ជ្រះថ្លាចាកចេញពីពិភពលោកដ៏មមាញឹករបស់យើងសព្វថ្ងៃនេះ។

មជ្ឈមណ្ឌលឯកសារកម្ពុជា មានបំណងដាក់បញ្ចូលសកម្មភាពកីឡានៅធ្លាខាងក្រៅ ចូលទៅក្នុងវិស័យទេសចរណ៍កម្ពុជា។ ដំណើរថ្មើរជើង ការដើរភ្នំ និងសកម្មភាពកីឡានៅធ្លាខាងក្រៅផ្សេងៗ អាចជាផ្នែកមួយយ៉ាងសំខាន់ ដែលមិនត្រឹមកែលម្អទស្សនៈយល់ឃើញរបស់បរទេសមកលើប្រទេសកម្ពុជាតែប៉ុណ្ណោះទេប៉ុន្តែថែមទាំងកែប្រែលើការដែលយុវជនកម្ពុជាមានភាពរីករាយចំពោះប្រទេសខ្លួន និងផ្តល់ឱកាសដល់ប្រជាជនក្នុងតំបន់បង្ហាញអំពីសហគមន៍ វប្បធម៌ និងរឿងរ៉ាវជីវិតរបស់ខ្លួនទៀតផង។ មជ្ឈមណ្ឌលឯកសារកម្ពុជា ចង់អភិវឌ្ឍតំបន់អន្លង់វែងទៅជាទីតាំងមួយ ដែលព្រឹត្តិការណ៍កីឡានៅធ្លាខាងក្រៅនានាអាចប្រារព្ធឡើងបានដោយសុវត្ថិភាព និងមានរបៀបរៀបរយ។ កីឡារត់ចម្ងាយ ការដើរភ្នំ និងព្រឹត្តិការណ៍កីឡាផ្សេងៗទៀត អាចជាវិធីសាស្ត្រដែលរួមបញ្ជូលការថែទាំសុខភាពផ្លូវកាយ ទៅក្នុងវិស័យទេសចរណ៍ និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច។ ទេសចរអាចទទួលយកបទពិសោធន៍បែបផ្សងព្រេង ប៉ុន្តែប្រកបដោយសុវត្ថិភាពតាមរយៈព្រឹត្តិការណ៍កីឡានៅធ្លាខាងក្រៅដែលអ្នកទាំងនោះនឹងទទួលបានចំណេះដឹងវប្បធម៌ប្លែកពីគេរបស់ប្រជាជនក្នុងតំបន់អមជាមួយនឹងការប្រាកដចិត្តថាកិច្ចចូលរួមរបស់ខ្លួននឹងជួយលើកស្ទួយសេដ្ឋកិច្ចក្នុងសហគមន៍និងក្នុងតំបន់ព្រមទាំងផ្តល់តម្លៃដល់ប្រជាជនក្រីក្រនិងប្រជាជនងាយរងគ្រោះនិងរើសអើង។
អនាគតនៃប្រទេសកម្ពុជា ពឹងផ្អែកខ្លាំងទៅលើការច្នៃបង្កើតថ្មីនិងការវិនិយោគលើគំនិតនិងបច្ចេកវិទ្យាថ្មីៗ ក៏ដូចជាការវិនិយោគលើប្រជាជនរបស់ខ្លួនដែរ។ដើម្បីឲ្យមានការអភិវឌ្ឍជាងនេះរួមទាំងការចូលរួមយ៉ាងសកម្មនៅក្នុងសេដ្ឋកិច្ចពិភពលោក ប្រទេសកម្ពុជាត្រូវតែធ្វើការវិនិយោគឲ្យមានសមតុល្យចំពោះប្រជាជននិងបច្ចេកវិទ្យា ដោយមិនលះបង់ផ្នែកណាមួយឡើយ។ ដើម្បីសម្រេចបានសមិទ្ធផលនេះ មជ្ឈមណ្ឌលឯកសារកម្ពុជា នឹងដាក់បញ្ចូលការអប់រំផ្នែកបច្ចេកវិទ្យាព័ត៌មានជាសមាសធាតុមួយក្នុងចំណោមសមាសធាតុជាច្រើនទៀតនៃកិច្ចការអភិវឌ្ឍរបស់ខ្លួននៅក្នុងស្រុកអន្លង់វែង។ យុវជនកម្ពុជាអាចទទួលបានកុំព្យូទ័រនិងបរិក្ខារព័ត៌មានវិទ្យាទំនើបនិងទាន់សម័យបំផុត ប៉ុន្តែប្រសិនបើមនុស្សជំនាន់ថ្មីទាំងនោះគ្មានជំនាញ ចំណេះដឹង និងសមត្ថភាពមូលដ្ឋាន ដើម្បីប្រើប្រាស់បរិក្ខាខាងលើនិងសិក្សាអំពីឧបករណ៍ដែលទំនើបជាងនេះទេមិនថាការវិនិយោគទៅលើគំនិតឬបច្ចេកវិទ្យាថ្មីច្រើនយ៉ាងណាទេ គឺសុធសឹងតែឥតន័យខ្លឹមសារ។
២៥ភាគរយនៃប្រជាជនក្នុងស្រុកអន្លង់វែងទទួលរងពិការភាពរាងកាយដោយសារតែគ្រាប់មីននិងសង្គ្រាមទ័ពព្រៃដ៏វែងអន្លាយ។ មជ្ឈមណ្ឌលឯកសារកម្ពុជា ខ្នះខ្នែងបង្កើតឲ្យមានការចូលរួមពីសំណាក់ជនពិការ ជាផ្នែកដ៏សំខាន់មួយនៅក្នុងកម្មវិធីសាកល្បងរបស់ខ្លួន។ តាមរយៈដំណើរការកែប្រែនេះ «ទីតាំងមួយ» ដែលធ្លាប់បង្កជារបួសស្នាមលើប្រជាជន អាចប្រែក្លាយទៅជាទីកន្លែងមួយដែលផ្ដល់ជាការងារដល់ប្រជាជន តាមរយៈការបង្កើនការចល័តទីនិងការបង្កើតជាសង្គមមួយដ៏ពេញលេញ។ ភាពមិនងាយទ្រុឌទ្រោមនិងជោគជ័យនៃប្រទេសក្រោយជម្លោះមួយ គឺអាស្រ័យទៅលើការដែលប្រទេសនេះប្រឈមតទល់ជាមួយនឹងអតីតកាលនិងបច្ចុប្បន្នកាលរបស់ខ្លួន ហើយគ្មានជោគជ័យនាអតីតកាលក្នុងទំហំណាមួយអាចធ្វើឲ្យប្រទេសមួយត្រៀមខ្លួនរួចរាល់ដើម្បីតតាំងនឹងឧបសគ្គនៅថ្ងៃអនាគតបាននោះទេ។ របបប្រល័យពូជសាសន៍ខ្មែរក្រហមបានដួលរលំអស់រយៈកាលប្រមាណ៤០ឆ្នាំមកហើយ ប៉ុន្តែប្រវត្តិសាស្ត្រនៃរបបនេះ នៅតែបន្តលាន់រំពងនៅក្នុងស្ថានភាពបច្ចុប្បន្នរបស់ប្រទេសកម្ពុជា ហើយនៅតែបន្តជាមេរៀនមួយសម្រាប់មនុស្សគ្រប់រូប គឺទាំងប្រជាជនកម្ពុជា និងសហគមន៍អន្តរជាតិ។
ខ្ញុំជឿជាក់ថាអនាគតនៃប្រទេសកម្ពុជាពឹងផ្អែកទៅលើការដែលប្រទេសនេះគាំពារប្រជាជនក្រីក្រនិងប្រជាជនងាយរងគ្រោះនិងរើសអើងរបស់ខ្លួន ដែលភាគច្រើនបានទទួលរងទុក្ខក្រោមរបបខ្មែរក្រហម ពីព្រោះថាបច្ចុប្បន្នភាពនិងអនាគតកាលនៃប្រទេសកម្ពុជា គឺពឹងផ្អែកយ៉ាងខ្លាំងទៅលើកម្លាំងនៃប្រជាជនកម្ពុជា។ ដើម្បីឲ្យមានការអភិវឌ្ឍជាងនេះ រួមទាំងការចូលរួមយ៉ាងសកម្មនៅក្នុងសេដ្ឋកិច្ចពិភពលោក ប្រទេសកម្ពុជា ត្រូវតែធ្វើការវិនិយោគឲ្យមានសមតុល្យចំពោះប្រជាជននិងបច្ចេកវិទ្យា ដោយមិនលះបង់ផ្នែកណាមួយឡើយ។ ខ្ញុំនឹងសាកល្បងអនុវត្តកម្មវិធីដ៏មោះមុតនេះ នៅស្រុកអន្លង់វែងក្នុងឆ្នាំ២០២១ខាងមុខ៕សរន