ដោយៈសរិទ្ធ/ភ្នំពេញៈ យុវជន ២ នាក់ដែលបានរួមគ្នាឆក់គ្នាទូរសព្ទ័ដៃអ្នកដទៃតាមផ្លួវសារណៈបានត្រូវលោកស្រី សម័យ លីនដា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញសម្រេចនៅរសៀលថ្ងៃទី២៧ខែតុលាឆ្នាំ២០២០ក្រោមការចោទប្រកាន់ពីបទអំពើលួចមានស្ថានទម្ងន់ទោស។
យុវជនទាំង២នាក់នេះឈ្មោះ ឌីវ សីហា ហៅ ហួយ អាយុ ២០ ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងឈ្មោះសំ រង្សសី ហៅ សី អាយុ ២១ ឆ្នាំ មុខស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
លោក វរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីរំលងអធ្រាតឈានចូលថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២០ កម្លាំងការិយាល័យ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ២ នាក់ នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវលេខ៩៧ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមនរាជធានីភ្នំពេញដែលជាប់ ពាក់ពន្ធ័ករណី ឆក់ទូរសព្ទ័ដៃម៉ាកOPPO RENO3 ពណ៌ខ្មៅ ស៊ីម កាតលេខ ០៣១ ៣២០ ៦៣៦៣ /០៧៧ ៧៧៧ ៦៦៧ ប្រព្រឹត្តនៅចំណុចផ្លូវលេខ៣៩០ កែងផ្លូវលេខ៩៥ក្នុងភូមិ៨ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០២០ វេលាម៉ោងប្រហែល ២៖ ២០ នាទីរសៀល និងចាប់យកម៉ូតូមួយគ្រឿងម៉ាកហុងដាស្កុបពី ពណ៌ ខៀវ ស៊េរីឆ្នាំ ២០២១ ពាក់ស្លាកលេខភ្នំពេញ 1IL-9357 បញ្ជូនមកការិយាល័យ ចាត់ការតាមនីតិវិធី៕/R
