ដោយៈ រ៉ាម៉ន / ភ្នំពេញៈ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យអាជ្ញាធរខណ្ឌ ទាំង១៤ និងមន្ទីរពាក់ព័ន្ធទាំងអស់ ធ្វើរបាយការណ៍ អោយបានជាក់លាក់ និងជាបន្ទាន់ ដើម្បីស្រង់ទិន្នន័យ នៃការខូចខាត ហេដ្ឋារចនាសម្ព័ន្ធនានា នៅក្នុងមូលដ្ឋានរបស់ខ្លួន ក្នុងដំណាក់កាល លិចលង់ ដោយទឹកជំនន់ទឹកភ្លៀង នាប៉ុន្មានថ្ងៃ កន្លងមកនេះ ដើម្បីឱ្យរដ្ឋបាលរាជធានីភ្នំពេញ មានរបាយការណ៍ជាក់លាក់មួយ បញ្ជូនទៅក្រសួងមហាផ្ទៃ ក៏ដូចជា រាជរដ្ឋាភិបាល ក្នុងការសុំថវិកាជាតិ យកមកធ្វើការជួសជុល និងស្ដារឡើងវិញ នូវហេដ្ឋារចនាសម្ព័ន្ធ ដែលខូចខាតនេះ ឲ្យបានល្អប្រសើរឡើងវិញ។

ការជំរុញបែបនេះ របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើឡើង ក្នុងកិច្ចប្រជុំមួយ ជាមួយអាជ្ញាធរខណ្ឌ ទាំង១៤ និងមន្ទីរពាក់ព័ន្ធ នារសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ នៅសាលារាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានមានប្រសាសន៍ថាៈ ជំនន់ទឹកភ្លៀង នាប៉ុន្មានថ្ងៃនេះ បានធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធ មួយចំនួន នៅតាមបណ្តាខណ្ឌមួយចំនួន ពិសេស ខណ្ឌនៅជាយក្រុង បានទទួលរងប៉ះពាល់ធ្ងន់ធ្ងរ ជាងគេ ។ ដូច្នេះ លោកស្នើឲ្យអភិបាលខណ្ឌទាំងអស់ រួមជាមួយនឹងមន្ទីរពាក់ព័ន្ធ ត្រូវចុះពិនិត្យ និងធ្វើរបាយការណ៍ ឲ្យបានលឿន ដើម្បីអោយរដ្ឋបាលរាជធានីភ្នំពេញ មានរបាយការណ៍ ជូនទៅរាជរដ្ឋាភិបាល ក្នុងការសុំថវិកា យកមកធ្វើការជួសជុល កែលម្អ ការខូចខាតនេះឡើងវិញ ពិសេសគឺការកសាង នូវប្រព័ន្ធលូ ប្រឡាយបង្ហូរទឹក និងការជួសជុលបណ្ដាផ្លូវ ដែលខូចខាត មួយចំនួនផ្សេងទៀត ដើម្បីតភ្ជាប់ឡើងវិញ សម្រួលការលំបាករបស់ប្រជាពលរដ្ឋ ហើយប្រជាកសិករ ដែលខូចខាតផលស្រូវ ដំណាំរួមផ្សំ យើងក៏នឹងត្រូវផ្តល់ជូន ពួកគាត់ផងដែរ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានថាៈ ក្នុងអំឡុង នៃការនៃការលិចលង់ ដោយជំនន់ទឹកភ្លៀង នាប៉ុន្មានថ្ងៃនេះ បើគ្មានការដឹកនាំ និងចុះបញ្ជាផ្ទាល់ ពីលោកអភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញទេ ផលប៉ះពាល់ ហេដ្ឋារចនាសម្ព័ន្ធនានា និងមានលក្ខណៈធ្ងន់ធ្ងរ ជាងនេះ តែដោយការខិតខំប្រឹងប្រែង ជំរុញពីសំណាក់លោកអភិបាល រាជធានីភ្នំពេញ ក្នុងការដោះស្រាយ បញ្ហាទឹកជន់លិច នៅក្នុងរាជធានីភ្នំពេញនេះ ជាមួយនឹងកាយពង្រីកប្រឡាយ បង្ហូរទឹកជាដើម បានធ្វើអោយផលប៉ះពាល់ មានលក្ខណៈធូរស្រាល។
លោកបានបញ្ជាក់ថាៈ ការពង្រីកប្រឡាយបង្ហូរទឹក មានលក្ខណៈធំជាងមុននេះ ក្រោយពីការកាយប្រឡាយនេះហើយ យើងនឹងរក្សាប្រឡាយ ក្នុងទំហំដដែល ដោយមិនមានការលុប ដាក់ប្រព័ន្ធលូតូចទេ សំដៅធ្វើយ៉ាងណា កុំឲ្យមានបញ្ហាលិចលង់ ដោយជំនន់ទឹកភ្លៀងនេះ លិចលង់ នៅឆ្នាំក្រោយៗទៀត៕/R

