​ឱកាស​ចូលឆ្នាំថ្មី​ខេត្ត​កែប​មាន​ភ្ញៀវ​មក​កម្សាន្ត​និង​ស្នាក់នៅ​ជាង​១៣​ម៉ឺន​នាក់​

1383
ចែករម្លែក

​ដោយៈ​បូកគោ​/​កែបៈ​ក្នុងឱកាស​នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ឆ្នាំនេះ​ខេត្ត​កែប​ទទួលភ្ញៀវ​ទេសចរ​ជិត​ឆ្ងាយ​មក​កម្សាន្ត​និង​ស្នាក់អាស្រ័យ​ប្រមាណ​ជាង​១៣​ម៉ឺន​នាក់​។​ជាមួយនឹង​ភាពសប្បាយ​រីករាយ​នា​អំឡុងពេល​បី​ថ្ងៃនេះ​ក៏មាន​អ្នក​បាត់បង់​ជីវិត​ពីរ​នាក់​របួសធ្ងន់​ប្រាំបី​នាក់​និង​របួសស្រាល​បួន​នាក់​ដោយសារ​ការធ្វើដំណើ​រលើ​ដងផ្លូវ​ផងដែរ​។​

​លោក ប៉ុក ទាំង អនុប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កែប​បាន​ប្រាប់​ឱ្យដឹងថា​ក្នុងឱកាស​នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ឆ្នាំនេះ ខេត្ត​កែប​ទទួលភ្ញៀវ​ទេសចរ​ជិត​ឆ្ងាយ​មក​កម្សាន្ត និង​ស្នាក់អាស្រ័យ​បាន​ចំនួន​១៣១.៨២៨​នាក់ លើស​ឆ្នាំមុន​១៩.៦០៥​នាក់ គឺ​កើនឡើង​ប្រមាណ​ប្រាំបួន​ភាគរយ​។ ក្នុងនោះ​ទេសចរ​បរទេស​២.៦៣៧​នាក់​។ លោក​អនុប្រធាន​មន្ទីរ​បាន​បញ្ជាក់ថា​កាលពី​ឆ្នាំ​២០១៧ អំឡុងពេល​បី​ថ្ងៃ​នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ដូចគ្នានេះ​ខេត្ត​កែប​ដែលមាន​មណ្ឌល​កម្សាន្ត​សំខាន់ៗ​ប្រាំ​កន្លែង​នោះ​មាន​ភ្ញៀវ​មកលេង​ត្រឹមតែ​១១២.២២៣​នាក់​ប៉ុណ្ណោះ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ីង សំអុល ស្នងការ​នគរបាល​ខេត្ត​កែប​បាន​ប្រាប់​ឱ្យដឹងថា​នាឱកាស​បុណ្យចូលឆ្នាំថ្មី​នេះ ក្នុងភូមិ​សាស្ត្រ​នៃ​ខេត្ត​កែប​មាន​គ្រោះថ្នាក់​ចរាចរ​កើតឡើង​បួន​ករណី​បណ្តាលឱ្យ​មនុស្ស​ពីរ​នាក់​បាន​ស្លាប់ ប្រាំ​បីនាក់​របួសធ្ងន់ និង​បួន​នាក់​ទៀត​រងរបួស​ស្រាល​។ លោកស្នងការ​បានបញ្ជាក់​ថាបើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៧ ឆ្នាំនេះ​គ្រោះថ្នាក់​ចរាចរ​បាន​កើនឡើង​ខ្ពស់ ព្រោះ​ឆ្នាំមុន​នៅ​ទូទាំង​ខេត្ត​សូម្បី​តែមួយ​ករណី​ក៏​មិនមាន​កើតឡើង​ដែរ​។ ដោយឡែក​បញ្ហា​កកស្ទះ​ចរាចរ​មិនមាន​ការកើតឡើង​ទេ ទោះបី​កំណើន​ភ្ញៀវ​ខ្ពស់ជាង​ឆ្នាំមុន​ក្តី​៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម