ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា គោលនយោបាយការបរទេសរបស់កម្ពុជា ត្រូវបានទ្រទ្រង់យ៉ាងរឹងមាំដោយស្មារតីដ៏មោះមុតនៃពហុភាគីនិយម។
ការបញ្ជាក់របស់ប្រមុខការទូតកម្ពុជា បានធ្វើឡើងសន្និសីទក្រោមប្រធានបទ “អនាគតដែលយើងចង់បានតួនាទីនៃពហុភាគីនិយមក្នុងពិភពលោកក្រោយជំងឺកូវីដ-១៩” ដើម្បីអបអរសាទរខួបលើកទី៧៥ នៃអង្គការ សហប្រជាជាតិ កាលពីថ្ងៃទី២៧ ខែតុលានេះ ។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបន្តថា កាលពីជិត ២ឆ្នាំមុន គឺនៅពេលដែលសម្តេចតេជោ ហ៊ុន សែន បានប្តេជ្ញាចិត្តធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM13) ដែលគួរតែត្រូវរៀបចំក្នុងឆ្នាំនេះ សម្តេចតេជោ ចង់រួមចំណែកក្នុងមធ្យោបាយច្បាស់លាស់បំផុតតាមតែអាចធ្វើបាន នូវការប្តេជ្ញាចិត្តរបស់កម្ពុជាដើម្បី បន្តជម្រុញពហុភាគីនិយម។ ឈរក្នុងលេខរៀងទី២ ធំបន្ទាប់ពីអង្គការសហប្រជាជាតិ ASEM គឺជាប្លុកដ៏ធំបំផុតមួយសម្រាប់ពហុភាគីនិយមប្រកបដោយប្រសិទ្ធភាព ដើម្បីដោះស្រាយបញ្ហាសកល និងតំបន់ និងការគំរាមកំហែងឆ្លងដែន និងមិនមែនប្រពៃណី ជាច្រើនផ្សេងទៀត។ នៅក្នុងកម្រិតលោក ដោយរួមជាមួយនឹងរដ្ឋមន្ត្រីការបរទេស ASEM ទាំងអស់ យើងបានប្រឹងប្រែងរួមគ្នាចេញសេចក្តីថ្លែងការណ៍ថ្នាក់រដ្ឋមន្ត្រីដ៏ម៉ឺងម៉ាត់មួយស្ដីពីជំងឺកូវីដ-១៩ កាលពីខែកញ្ញា កន្លងមក ដែលក្នុងនោះ យើងបានរំលឹកឡើងវិញពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធក្នុងចំណោមដៃគូ ASEM ដើម្បីឆ្លើយតបដោយសមស្របទៅនឹងបញ្ហាប្រឈមដែលបណ្ដាលមកពីការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ ដោយរួមបញ្ជូលនូវការបដិសេធមិនទទួលស្គាល់ពីវិសមភាពយេនឌ័រ ដែលកំពុងជួបប្រទះ និងការការពារជនទាំងឡាយណាដែលស្ថិតក្នុងស្ថានភាពងាយរងគ្រោះ។

ប្រមុខការទូតកម្ពុជាបានបញ្ជាក់ថា លើសពីនេះ យើងបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ដៃគូ ASEM ហើយសូមដកស្រង់ឃ្លានោះដូចតទៅ៖ «ពន្លឿនការស្តារសេដ្ឋកិច្ច-សង្គមប្រកបដោយនិរន្តរភាព ក្រោយវិបត្តិកូវីដ-១៩ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងភាពរឹងមាំផ្នែកហិរញ្ញវត្ថុ និងកសាងអនាគតមួយដែលមានភាពយុត្តិធម៌ជាងមុន ប្រកបដោយចីរភាព និងបរិយាប័ន្ន សម្រាប់ទាំងអស់គ្នា» ។ តាមទស្សនៈ របស់លោក ការចូលរួមផ្នែកពហុភាគីរបស់ ASEM នឹងនាំទៅរកដំណើរការនៃការស្តារឡើងវិញកាន់តែឆាប់រហ័ស និងការសម្រេចបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់យើង។

លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា “វាហាក់ដូចជាមិនយុត្តិធម៌ចំពោះកងកម្លាំងមួកខៀវដ៏ក្លាហានរបស់យើងឡើយ ប្រសិនបើខ្ញុំមិនបានលើកឡើងពីការចូលរួមយ៉ាងសកម្មរបស់កម្ពុជានៅក្នុងក្របខណ្ឌថែរក្សាសន្តិភាពពហុភាគីរបស់អង្គការសហប្រជាជាតិ (អ.ស.ប) នោះ។ ចាប់តាំងពីឆ្នាំ២០០៦មក កម្ពុជាបានបញ្ជូនកងកម្លាំងថែរក្សាសន្តិភាពចំនួន ៧.១២៣ នាក់ បានចូលរួមក្នុងប្រតិបត្តិការថែរក្សាសន្តិភាពរបស់ អ.ស.ប នៅក្នុងប្រទេសចំនួន៩ ដែលហែកហួរដោយសង្គ្រាម ហើយភាគច្រើនគឺនៅក្នុងទ្វីបអាហ្វ្រិក នៅក្នុងនោះ ស្ត្រីកម្ពុជា ៤១៩នាក់ក៏ បាននិងកំពុងចូលរួមនៅក្នុងបេសកកម្មនេះផងដែរ ។ ស្ត្រីរក្សាសន្តិភាពរបស់យើង បានបម្រើការជាបុគ្គលិកពេទ្យនិងសន្តិសុខ ជាវិស្វករ ស៊ីវិល និងជាអ្នកជំនាញបោសសំអាតមីន។ កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១៧ ក្នុងចំណោម១២០ប្រទេស ដែលបញ្ជូនស្ត្រីច្រើនទៅចូលរួមក្នុងបេសកកម្មថែរក្សាសន្តិភាពរបស់ អ.ស.បនេះ។ កម្ពុជាបច្ចុប្បន្នស្ថិតនៅចំណាត់ថ្នាក់ទី២ ក្នុងចំណោមប្រទេសសមាជិកអាស៊ាន បើនិយាយពីចំនួនចូលរួមរបស់ស្ត្រី។ នេះគឺជាទិដ្ឋភាពមួយទៀតនៃអនាគតដែលយើងចង់បានសម្រាប់មនុស្សជាតិ: សន្តិភាព និងសន្តិសុខ។ មានសន្តិភាព គឺមានក្តីសង្ឃឹមយ៉ាងធំធេងក្នុងការសម្រេចបានគោលដៅដ៏ថ្លៃថ្លា ក្រោមរបៀបវារៈអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ របស់ អ.ស.ប៕/R